ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ទុរេន​កើនឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​នៅ​ឆ្នាំ​២០២៦

52 វិនាទី មុន

តម្លៃ​ទុរេន​ដែល​គេ​ចុះ​ទៅ​ទិញ​ដល់​ចម្ការ​នៅ​វៀតណាម​ត្រូវ​បាន​គេ​អះអាង​ថា ឡើងថ្លៃ​ខ្ពស់​បំផុត ពោល​គឺ​ចូល​រង្វង់​៦​ដុល្លារ​នៅ​ក្នុង​មួយ​គីឡូក្រាម ប៉ុន្តែ​អ្នកលក់​ផ្លែ​ឈើ​នៅ​ភ្នំពេញ​បាន​អះអាង​ថា វា​ពិតជា​ថ្លៃ ពីព្រោះ​វា​ជា​ទុរេន​ខុសរដូវ ហើយ​នៅ​កម្ពុជា​ក៏​ថ្លៃ​ដែរ ។ សារព័ត៌មាន VN…

តម្លៃ​ទុរេន​ដែល​គេ​ចុះ​ទៅ​ទិញ​ដល់​ចម្ការ​នៅ​វៀតណាម​ត្រូវ​បាន​គេ​អះអាង​ថា ឡើងថ្លៃ​ខ្ពស់​បំផុត ពោល​គឺ​ចូល​រង្វង់​៦​ដុល្លារ​នៅ​ក្នុង​មួយ​គីឡូក្រាម ប៉ុន្តែ​អ្នកលក់​ផ្លែ​ឈើ​នៅ​ភ្នំពេញ​បាន​អះអាង​ថា វា​ពិតជា​ថ្លៃ ពីព្រោះ​វា​ជា​ទុរេន​ខុសរដូវ ហើយ​នៅ​កម្ពុជា​ក៏​ថ្លៃ​ដែរ ។

សារព័ត៌មាន VN Express បាន​រាយការណ៍​ថា តម្លៃ​ផ្លែ​ទុរេន​កម្រិត​លេខ​១​ដែល​គេ​ចុះ​ទៅ​ទិញ​ដល់​ចម្ការ​នៅ​ពេល​នេះ​ឡើងថ្លៃ​ខ្ពស់​បំផុត មិន​ធ្លាប់​មាននៅ​ក្នុង​រយៈពេល​៣​ឆ្នាំ​កន្លង​មកនេះ ពោល​គឺ​ដល់​៦​ដុល្លារ​នៅ​ក្នុង​មួយ​គីឡូក្រាម ។

តាម​សេចក្តីរាយការណ៍ តម្លៃ​ទុរេន​ឡើង​នេះ វា​អាច​មក​ពី​កត្តារួម​ច្រើន ដូច​ជា​វា​ជា​ទុរេន​ដើមរដូវ ការ​ឡើងថ្លៃ​ជី និង​កំណើន​តម្រូវការ​ពី​ប្រទេស​ផ្សេង​ក្រៅពី​ចិន ដូច​ជា​ជប៉ុន កា​ណា​ដា និង​សហរដ្ឋអាមេរិក​ជាដើម ។

ពាក់ព័ន្ធ​នឹង​តម្លៃ​ទុរេន​នេះ អ្នកលក់​ផ្លែ​ឈើ​នៅ​រាជធានី​ភ្នំពេញ​មួយ​រូប​បាន​និយាយ​ដោយ​មិន​បញ្ចេញ​ឈ្មោះ​ថា មិន​ថា វៀតណាម​ទេ នៅ​ខ្មែរ​ក៏​ថ្លៃ​ដែរ ។ លោកស្រី​បាន​អះអាង​ថា នៅ​ខែ​នេះ ទុរេន​ដែល​មាន​លក់ គឺជា​ទុរេន​ខុសរដូវ ហើយ​មិន​ច្រើន​ទេ ហើយ​តម្លៃ​វា​មួយ​គីឡូ​ក្រោម​មិន​ក្រោម​១០​ដុល្លារ​ទេ ។

លោកស្រី​បាន​អះអាង​ថា «​មាន​គេ​យក​មក​លក់ តែ​ខ្ញុំ​មិន​ហ៊ាន​ទេ ខ្លាច​ខាត ពីព្រោះ​វា​ថ្លៃ​បន្តិច ។ ១​គីឡូ​ថ្លៃ​១០​ដុល្លារ មួយ​ផ្លែ​អាច​ពី​២​គីឡូ​ឡើង អ៊ីចឹង​មួយ​ផ្លែ​ជាង​២០​ដុល្លារ ពិបាក​រក​ម៉ូយ​ហ៊ាន​ហូប​ណាស់​» ។

លោកស្រី​បាន​បន្ត​ថា ទុរេន​ខែ​នេះ នរណា​អាច​ប្រមូល​ផល​ទុរេន​ខុសរដូវ​បែប​នេះ គឺ​ដឹង​តែ​បាន​ថ្លៃ​ហើយ ពីព្រោះ​រដូវ​ទុរេន​ទុំ​ច្រើន គឺ​ពី​រង្វង់​ខែឧសភា ដល់​ខែសីហា​អី គឺ​អស់ហើយ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ