ទីក្រុងហ្សឺណែវ៖ អ៊ីរ៉ង់សន្យាថាខ្លួននឹងប្រកាន់ជំហរបត់បែនទៅតាមកាលៈទេសៈនៅពេលចរចាគ្នាដោយប្រយោលជាមួយអាមេរិកដើម្បីដោះស្រាយបញ្ហានុយក្លេអ៊ែរ។ ការសន្យាបែបនេះចំពេលដែលអ៊ីរ៉ង់កំពុងតែទទួលរងសម្ពាធកាន់តែខ្លាំងឡើងៗត្រូវតែចរចាគ្នាឱ្យចេញជាកិច្ចព្រមព្រៀង។ បើមិនដូច្នេះទេអាចនឹងរងការវាយប្រហារពីអាមេរិក។ ការចរចាគ្នាលើកទីបីនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នឹងពិភាក្សាអំពីកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ក្រោមស្រមោលនៃការកសាងកម្លាំងយោធាអាមេរិកកាន់តែច្រើនឡើងៗនៅមជ្ឈិមបូព៌ា។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោករូប៊ីអូ ថ្លែងថាបើសិនអ៊ីរ៉ង់មិនព្រមចរចាអំពីកម្មវិធីមីស៊ីលផ្លោងរបស់ខ្លួនទេ វានឹងក្លាយជាបញ្ហាចោទដ៏ធំមួយព្រោះមីស៊ីលនោះផលិតឡើងដើម្បីបាញ់ឱ្យដល់ទឹកដីអាមេរិក ហើយនិងក្លាយជាគ្រោះគំរាមកំហែងសម្រាប់តំបន់មជ្ឈិមបូព៌ា។ លោកថ្លែងប្រាប់អ្នកសារព័ត៌មានថាប្រសិនបើអ្នកចរចាគ្នាសូម្បីតែកម្មវិធីនុយក្លេអ៊ែរក៏គ្មានលទ្ធផល ដូច្នេះការចរចាគ្នាអំពីកម្មវិធីមីស៊ីលផ្លោងក៏ពិបាកនឹងរកឃើញដំណោះស្រាយដូចគ្នា។

អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់អះអាងថាការចរចាគ្នាលើកនេះនឹងផ្ដោតសំខាន់តែទៅលើកម្មវិធីនុយក្លេអ៊ែរ និងការទាមទារឱ្យអាមេរិកលុបចោលទណ្ឌកម្មប៉ុណ្ណោះ។ លោកថារដ្ឋាភិបាលរបស់លោកចង់ចរចាប្រកបដោយភាពហ្មត់ចត់ និងបត់បែនតាមកាលៈទេសៈ។ ប្រេសិតពិសេសរបស់លោកត្រាំ រួមជាមួយកូនប្រសារបស់លោកនឹងចរចាដោយប្រយោលជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់។

នៅក្នុងការថ្លែងសុន្ទរកថាទៅកាន់ជនរួមជាតិ លោកត្រាំនៅតែសង្កត់ធ្ងន់ថាទោះបីលោកចង់ដោះស្រាយបញ្ហាដោយសន្តិវិធីតាមមធ្យោបាយការទូត ប៉ុន្តែលោកក៏មិនញញើតនឹងប្រើកម្លាំងយោធានោះដែរ។ លោកនឹងមិនអនុញ្ញាតឱ្យអ៊ីរ៉ង់មានអាវុធនុយក្លេអ៊ែរនៅក្នុងដៃជាដាច់ខាត។ ប្រទេសអារ៉ាប៊ីសាអូឌីតកំពុងសម្រុកផលិតប្រេងឱ្យបានច្រើន និងនាំចេញទៅកាន់ទីផ្សារពិភពលោកដើម្បីទប់ស្កាត់មិនឱ្យប្រេងឡើងថ្លៃបើសិនយោធាអាមេរិកពិតជាវាយប្រហារអ៊ីរ៉ង់មែន៕ ប្រភព៖ រ៉យទ័រ និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ