ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រ​សួង​ការងារ បង្ហាញ​ពី​កំណើន​អ្នកមាន​ការងារ​ធ្វើ​ក្នុងស្រុក​ក្នុង​ឆ្នាំ ​២០២៥ ធៀប​នឹង​ឆ្នាំ​ ២០២៤

48 វិនាទី មុន

រាជធានីភ្នំពេញ​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​លើក​ឡើង​ថា ចំនួន​អ្នកមាន​ការងារ​ធ្វើ​ក្នុង​ប្រទេស​កើនឡើង​ដល់​ប្រមាណ ១០,៧…

រាជធានីភ្នំពេញ​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​លើក​ឡើង​ថា ចំនួន​អ្នកមាន​ការងារ​ធ្វើ​ក្នុង​ប្រទេស​កើនឡើង​ដល់​ប្រមាណ ១០,៧ លាន​នាក់ ក្នុង​ឆ្នាំ​២០២៥ ឬ​កើនឡើង​ប្រមាណ ៨០​ម៉ឺន​នាក់ ធៀប​ឆ្នាំ​២០២៤ ដែល​ក្នុង​នោះ វិស័យ​កសិកម្ម​មាន​កម្លាំង​ពលកម្ម​ប្រមាណ ២,៨​លាន​នាក់ វិស័យ​ឧស្សាហកម្ម​ប្រមាណ ៣​លាន​នាក់ និង​សេវាកម្ម​ប្រមាណ ៤,៩ លាន​នាក់​។

ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បើក “​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ ឆ្នាំ​២០២៥ និង​លើក​ទិស​ដៅ​ការងារ ឆ្នាំ​២០២៦” របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​” នា​ព្រឹក​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២៦ នៅ​វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស ឯកឧត្តម​រដ្ឋមន្ត្រី ក៏​មាន​មោទកភាព​ផង​ដែរ ដែល​ចំនួន​សហគ្រាស​ចុះបញ្ជី​មានការ​កើនឡើង​ដល់​ចំនួន ៤៦ ៦៤៩​សហគ្រាស (​កើន ១ ៨៥១) ដោយ​មាន​កម្មករនិយោជិត​សរុប​ប្រមាណ ២,២​លាន​នាក់ (​កើន ៤០១,៤៧៩​នាក់​)​។

ទន្ទឹម​នេះ ក្រសួង​បាន​ដាក់​ចេញ​នូវ​វិធានការ ក្នុង​ការ​ដោះស្រាយ​ការងារ​ជូន​បងប្អូន​ពលករ​តាម​រយៈ​ការ​ពង្រឹង​បន្ថែម​ប្រព័ន្ធ​ឆ្លើយ​តប​បន្ទាន់​១២៩៧ ដោយ​មាន​អ្នក​ប្រចាំការ ៧​ថ្ងៃ​/​ស​ប្តា​ហ៍ និង​២៤​ម៉ោង​/​ថ្ងៃ និង​យុទ្ធនាការ “​ខ្មែរ​ជួយ​រក​ការងារ​ឱ្យ​ខ្មែរ​”, ការ​ដាក់​ចេញ​យុទ្ធនាការ​ផ្សព្វផ្សាយ​នៅ​តាម​ទី​សាធារណៈ និង​តាម​ដងផ្លូវ ដោយ​បាន​ដំឡើង​ប៉ាណូ​ផ្សព្វផ្សាយ ការ​ដាក់​ដំណើរការ​ប្រព័ន្ធ​ស្វែងរក​ការងារ​តាម​តេ​ឡេ​ក្រាម​, ការ​រៀបចំ​វេទិកា​ការងារ សន្តិសុខ​សង្គម និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដោយ​នាំ​យក​ឱកាស​ការងារ និង​វត្តមាន​តំណាង​សហគ្រាស ក្រុមហ៊ុន រោងចក្រ ទៅ​ដល់​មូលដ្ឋាន​ឃុំ សង្កាត់ របស់​បងប្អូន​អតីត​ពលករ​ផ្ទាល់​តែ​ម្តង​។

គិត​ត្រឹម​ឆ្នាំ​២០២៥ នេះ​មាន​បងប្អូន​អតីត​ពលករ​ខ្មែរ​មក​ពី​ប្រទេស​ថៃ សរុប​ប្រមាណ ៦២​ម៉ឺន​នាក់ បាន​ទទួល​ការងារ​ធ្វើ ដែល​ជា​ប្រែក្លាយ​បញ្ហា​ប្រឈម​ទៅ​ជា​ការ​បំពេញតម្រូវការ​កម្លាំង​ពលកម្ម​ក្នុង​ប្រទេស ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​។

ការ​សម្រេច​បាន​នូវ​លទ្ធផល​ការងារ​ដែល​ទទួល​បានការ​សាទរ​ពី​វិស័យ​ឯកជន កម្មករនិយោជិត ប្រជាពលរដ្ឋ និង​ដៃគូ​នានា​របស់​ក្រសួង​នា​ពេល​នេះ ឯកឧត្តម ហេង សួរ បញ្ជាក់​ថា​គឺជា​ការ​ចូលរួម​ចំណែក​យ៉ាង​សកម្ម​ពី​សំណាក់​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែល​បាន​ខិតខំ​បំពេញការងារ​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ និង​បុ​រេ​សកម្ម ខណៈ​ក្រសួង​បាន​ផ្តល់​នូវ​សេវា​ការងារ​ជូន​ប្រជាពលរដ្ឋ វិស័យ​ឯកជន និង​បងប្អូន​កម្មករនិយោជិត លើកកម្ពស់​លក្ខខណ្ឌ​ការងារ និង​សុខដុម​នី​យ​កម្ម​វិជ្ជាជីវៈ អនុលោម​តាម​ច្បាប់​ស្ដី​ពី​ការងារ​, ដោះស្រាយ​វិវាទ​ការងារ​ក្រៅ​ប្រព័ន្ធ​តុលាការ និង​អន្តរាគមន៍​ដោះស្រាយ​កូដកម្ម បាតុកម្ម​ក្នុង​វិស័យ​ការងារ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។

តាម​រយៈ​ការ​សម្រេច​បាន​នូវ​លទ្ធផល​ការងារ​គួរ​ជាទី​មោ​ទ​នៈ​នា​ពេល​នេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​ចូលរួម​ចំណែក​យ៉ាង​សកម្ម​ពី​សំណាក់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ រដ្ឋបាល​រាជធានី ខេត្ត កងកម្លាំង​មាន​ស​ត្ថ​កិច្ច អាជ្ញាធរ​មូលដ្ឋាន និយោជក សហជីព កម្មករនិយោជិត អង្គការ​ជាតិ អន្តរជាតិ ដៃគូ​អភិវឌ្ឍន៍ ក្នុង​ការ​ធ្វើ​ឱ្យ​វិស័យ​ការងារ សន្តិសុខ​សង្គម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​កាន់តែ​មាន​ភាព​រីក​ចម្រើន ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​ភាព​ស្វាហាប់ និង​ទស្សនវិស័យ​វែង​ឆ្ងាយ​របស់ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

ជា​រួម​មក រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការ​អភិវឌ្ឍ​ទីផ្សារ​ការងារ​មាន​លក្ខខណ្ឌ​ការងារ​ល្អ​ប្រសើរ ក៏​ដូច​ជា​ផ្តោត​លើ​ការ​លើកកម្ពស់​សុខុមាលភាព​កម្មករនិយោជិត ទាំង​ក្នុង​និង​ក្រៅ​ប្រព័ន្ធ សំដៅ​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ និង​លើកកម្ពស់​សកម្មភាព​ធុរកិច្ច​ប្រកបដោយ​ភាព​រស់​រវើក និង​ការ​វិនិយោគ​ប្រកបដោយ​ចីរភាព បើ​ទោះជា​ក្នុង​បរិការណ៍​សកលលោក​ឆ្នាំ​២០២៥ ដែល​ពោរពេញ​ដោយ​ភាព​មិន​ប្រាកដប្រជា និង​ការ​ប្រែប្រួល​ភូមិសាស្ត្រ​នយោបាយ​យ៉ាង​គំហុក កម្ពុជា​មិន​ត្រឹមតែ​ឈរជើង​យ៉ាង​រឹង​មាំ​ក្នុង​រលក​នៃ​វិបត្តិ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​អន្តរជាតិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បាន​បង្ហាញ​នូវ​ភាព​ធន់​យ៉ាង​មហិមា ចំពោះ​មុខការ​រំលោភ​បំពាន​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​ពី​សំណាក់​យោធា​ថៃ​នៅ​តាម​បណ្តោយ​ព្រំដែន​៕ អត្ថបទសហការ