រាជធានីភ្នំពេញ ៖ បុរសជាកម្មករសំណង់ម្នាក់ ឲ្យតែពេលស្រវឹងស្រា តែងតែបញ្ចេញចរិតកាច ហើយគាត់បានទាស់ពាក្យសម្ដីគ្នាជាមួយប្រពន្ធបន្តិចបន្តួច កាលពីវេលាយប់ ហើយប្រពន្ធក៏បានទៅដេកជាមួយកូនៗនៅកន្លែងផ្សេងបាត់ទៅ។ លុះស្អែកឡើង ស្រាប់តែបុរសនោះចងកសម្លាប់ខ្លួន ហើយត្រូវបានកម្មករប្រមូលសំរាមក្រុមហ៊ុនស៊ីនទ្រីម្នាក់ បានចូលទៅបត់ជើងតូច នៅចំណុចទីតាំងសំណង់ផ្ទះល្វែងមួយកន្លែង ដែលគេទុកចោល ក៏ស្រាប់តែប្រទះឃើញសពគាត់ចងកស្លាប់ទៅហើយ ។
ហេតុការណ៍នោះបានកើតឡើងបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង៤៥នាទី ថ្ងៃត្រង់ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ស្ថិតនៅតាមមហាវិថីស៊ីជីនពីងក្នុងភូមិប្រកា សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
បុរសដែលស្លាប់នោះ ឈ្មោះ ឌី សីហា អាយុ៣៣ឆ្នាំ មុខរបរកម្មករសំណង់ មានប្រពន្ធឈ្មោះ ជៀង ថាន អាយុ៤៥ឆ្នាំ មុខរបរកម្មការនីរោងចក្រ មានទីលំនៅភូមិស្រែត្រែង ឃុំវត្តអង្គខាងជើង ស្រុកបន្ទាយមាស ខេត្តកំពត និងស្នាក់នៅ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ បានយកខ្សែនីឡុងចងកជាប់ដើមក្រខុប១ដើម ។
ស្ត្រីជាប្រពន្ធ បាននិយាយថា កន្លងមកនៅពេលផឹកស្រាស្រវឹងម្ដងៗ ប្ដីនាងមានចរិតកាចពិបាកនិយាយគ្នាណាស់ ហើយកាលពីវេលាម៉ោងប្រមាណ២០និង៣០នាទីយប់ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ប្ដីនាងបានផឹកស្រាស្រវឹង រួចក៏ទាស់ពាក្យសម្ដីគ្នាជាមួយនាងបន្តិចបន្តួច។ ពេលនោះ នាងបានឲ្យប្ដីនៅសម្រាកម្នាក់ឯងនៅការដ្ឋានសំណង់ ហើយនាងបានទៅគេងជាមួយកូនៗនៅឯបន្ទប់ជួលម្ដុំផ្សារ Aeon3 លុះព្រឹកឡើងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ នាងមិនបានទំនាក់ទំនងជាមួយប្ដីទេ ហើយក៏ទៅធ្វើការរោងចក្រជាធម្មតា ។ លុះដល់វេលាម៉ោងប្រមាណ២រសៀលថ្ងៃដដែល ស្រាប់តែមានអ្នកស្គាល់គ្នាប្រាប់ថា បានឃើញប្ដីនាងចងកស្លាប់នៅក្នុងដីឡូតិ៍ ក្បែរកន្លែងស្នាក់នៅបាត់ទៅហើយ ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា នៅវេលាម៉ោងខាងលើ គរបាលប៉ុស្តិ៍ បានទទួលដំណឹងពីប្រជាពលរដ្ឋមកថា មានកម្មករប្រមូលសំរាមក្រុមហ៊ុនស៊ិនទ្រីម្នាក់បានចូលទៅបត់ជើងតូចនៅចំណុចកើតហេតុនោះ ដែលមានព្រៃ និងដើមក្រខុបដុះទ្រុបទ្រុលផងនោះ ហើយក៏ស្រាប់តែប្រទះឃើញសាកសពបុរសនោះចងកស្លាប់បាត់ទៅហើយ ។ ខណៈនោះបានធ្វើឲ្យកម្មករប្រមូលសំរាមខាងលើ មានការស្រឡាំងកាំង ហើយបានស្រែកប្រាប់គេឯង បង្កឲ្យមានការភ្ញាក់ផ្អើល បន្ទាប់មកមានប្រជាពលរដ្ឋ នាំគ្នាទៅចោមរោមមើល សពដែរ ប៉ុន្តែពុំមាននរណាបានស្គាល់អ្នកស្លាប់នោះឡើយ ។
សមត្ថកិច្ច បានប្រាប់ឲ្យដឹងបន្ថែមទៀតថា បន្ទាប់ពីទទួលបានដំណឹងនោះហើយ នគរបាលប៉ុស្តិ៍ព្រៃស និងនគរបាលខណ្ឌដង្កោ បានចុះទៅកាន់ទីនោះភ្លាមៗ រួចយកខ្សែព័ទ្ធការពារទីតាំងកើតហេតុ ។ បន្ទាប់មកទៀត បានរាយការណ៍បន្តទៅកាន់នគរបាលការិយាល័យបច្ចេកទេស និងវិទ្យសសាស្ត្រ នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីឲ្យនគរបាលជំនាញចុះទៅពនិត្យកោសល្យវិច័យឲ្យដឹងថា តើបុរសនោះធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯង ឬជាករណីអ្វីផ្សេង ហើយជាលទ្ធផលបញ្ជាក់ថា បុរសនោះស្លាប់ដោយចងកសម្លាប់ខ្លួន៕





ចែករំលែកព័តមាននេះ