ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

ភ្នំពេញ៖ ចាប់តាំងពី​​ឆ្លងរាលដាលខ្លាំង​ នៅរាជធានីភ្នំពេញ កាលពីដើមខែ​​មេសា កូវីដ១៩ បានឆ្លងចូលមុនគេ នៅ​រោងចក្រ​កាត់ដេរ ឌីន ហាន នៅ​ផ្លូវឌួងងៀប…

ភ្នំពេញ៖ ចាប់តាំងពី​​ឆ្លងរាលដាលខ្លាំង​ នៅរាជធានីភ្នំពេញ កាលពីដើមខែ​​មេសា កូវីដ១៩ បានឆ្លងចូលមុនគេ នៅ​រោងចក្រ​កាត់ដេរ ឌីន ហាន នៅ​ផ្លូវឌួងងៀប ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ជិតក្រសួង​កិច្ចការនារី។ ជាបន្តបន្ទាប់​ កម្មកររោងចក្រកាត់ដេរនៅរោងចក្រ​កាន់តែច្រើនឡើងៗ ត្រូវបានរកឃើញឆ្លងកូវីដជាបន្តបន្ទាប់រៀងរាល់ថ្ងៃ​ ក្នុងអំឡុងពេលបិទខ្ទប់រាជធានីភ្នំពេញ នៅចុងខែមេសា។

នៅ​ក្រោយ​ពេលបើករាជធានីភ្នំពេញ នៅថ្ងៃទី៦ ខែឧសភា ដែលអ្នកនៅភ្នំពេញ អាចធ្វើដំណើរ​​ទៅខេត្ត ហើយអ្នកខេត្ត អាចចូលមកភ្នំពេញ​បានឡើងវិញនោះ ក៏​លេចឡើងករណី​អ្នកទៅពីភ្នំពេញមួយចំនួន មានទាំង​កម្មករកាត់ដេរផង រកឃើញឆ្លងកូវីដជាបន្តបន្ទាប់ នៅតាមបណ្តា​ខេត្តនានា​។

ចាប់​តាំងពី​ដើមខែឧសភា ក៏មានករណីឆ្លងកូវីដ នៅតាមបណ្តារោងចក្រ​កាត់ដេរ នៅអង្គស្នួល ខេត្តកណ្តាល រាលដាលដល់រោងចក្រកាត់ដេរ នៅខេត្តកំពង់ស្ពឺ នៅខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ចាម និងផ្ទុះការឆ្លង​រាលដាល​ដល់កម្មករកាត់ដេរ នៅខេត្តព្រះសីហនុ ហើយ​ចុងក្រោយនេះ ក៏លេចករណីឆ្លងកូវីដ នៅរោងចក្រ ក្នុងតំបន់សេដ្ឋកិច្ចពិសេស​ ក្នុងក្រុងបាវិត​ ខេត្តស្វាយរៀង ជាប់ព្រំដែនវៀតណាម​។

នៅពេលកូវីដ ឆ្លង​ចូល​រោង​ចក្រ​ គឺច្បាស់ណាស់​ថា ប៉ះពាល់លើសេដ្ឋកិច្ចធ្ងន់ធ្ងរ។ ក្រៅពីប៉ះពាល់សេដ្ឋកិច្ចជាតិ ​រោងចក្រ​សហគ្រាសក៏ប៉ះពាល់​ផង និងប៉ះពាល់​ដល់​ជីវភាពកម្មករផង​។

នៅភ្នំពេញ អំឡុងពេលបិទខ្ទប់ ដែលមានការរាលដាល​ឆ្លងជំងឺកូវីដ១៩​ ធ្ងន់ធ្ងរ អំឡុងខែមេសា រហូតដល់ដើមខែឧសភា គឺ​បានជួបប្រទះ​រួច​ហើយ។ រោងចក្រ​កាត់ដេរ​ ត្រូវបិទទ្វារ​ ហើយម្នាក់ៗ នៅតែក្នុង​បន្ទប់ផ្ទះជួល។ មិនតែប៉ុណ្ណោះ ក៏មានកម្មករ​កាត់ដេរយើង​មិនតិចនាក់​ទេ ដែល​ឆ្លង​កូវីដ ត្រូវទៅ​សម្រាកព្យាបាល ហើយអ្នកធ្វើការជាមួយ​អ្នករកឃើញវិជ្ជមានកូវីដទាំងនោះ ក៏ត្រូវទៅធ្វើតេស្ត យកសំណាក និងធ្វើចត្តាឡីស័ក នៅក្នុងបន្ទប់ជួល រយៈពេល ១៤ថ្ងៃ​។

ក្នុងខែមេសា ឆ្នាំ២០២១ អំឡុងពេលបិទខ្ទប់ និងមានករណីឆ្លង​រាតត្បាត​កូវីដ ក្នុងរោងចក្រ​កាត់ដេរ និងនៅតាមតំបន់បន្ទប់​ផ្ទះជួល​ គឺ​កម្មករកាត់ដេរ ដែលរោងចក្រត្រូវបិទទ្វារទាំងអស់ ទទួលបានប្រាក់ឈ្នួលត្រឹមតែពាក់កណ្តាលប៉ុណ្ណោះ​។ នៅផ្ទះ​ជួល ​បន្ទប់ជួល មានតែចំណាយ​។ អ្នកខ្លះ ក៏បានម្ចាស់បន្ទប់ ផ្ទះជួលចិត្តធម៌ បានបញ្ចុះតម្លៃ​ ហើយខ្លះក៏មានសំណាង ត្រូវម្ចាស់​ផ្ទះ​បន្ទប់ជួល មិនយកថ្លៃ​តែម្តង​។ បន្ថែមលើនោះ កម្មករកាត់ដេរ ក៏ទទួលបានអំណោយ​ជា​អង្ករ មី ត្រី​ខ ទឹកត្រី ទឹកស៊ីអ៊ីវ ពីរាជរដ្ឋាភិបាល ក្នុងតំបន់​បិទខ្ទប់ គ្រាន់នឹងសម្រួល​​ដោះទ័ល​នូវការលំបាក​បាន​មួយគ្រា​។

ចំពោះមុខ​ការឆ្លងរាតត្បាតកូវីដ១៩ គឺចាប់ពីចុងខែមីនា រាជរដ្ឋាភិបាល តាមរយៈ​ក្រសួង​ការងារ និងបណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ ​បាន​ជំរុញ​​ឲ្យ​​កម្មករ​កាត់ដេរ ពិសេសនៅភ្នំពេញ បាន​ចាក់វ៉ាក់សាំង​បង្ការជំងឺកូវីដ១៩​។ ពេល​បិទខ្ទប់​នៅតំបន់ក្រហមទៀតសោត​ យុទ្ធនាការចាក់វ៉ាក់សាំង​ ក៏បានធ្វើឡើង​ជាថ្មីទៀត ចាប់តាំងពីដើមខែ​ឧសភា រហូតដល់ពេលនេះ មិនទាន់ឈប់នៅឡើយ​​។ ក្នុងតំបន់ក្រហម មាន​ទាំង​​ប្រជា​ពលរដ្ឋ និងទាំងកម្មករកាត់ដេរ បានទៅចាក់វ៉ាក់សាំង​​ចូលដល់ខ្ទង់ ៧០ម៉ឺន ទៅ ៨០ម៉ឺន​នាក់​ហើយ​។​

រាជរដ្ឋាភិបាល​ បានកំណត់យុទ្ធសាស្ត្ររួចហើយ គឺ​ស្រោចវ៉ាក់សាំង នៅតំបន់ក្រហម ដែលមាន​ការឆ្លង​រាលដាល​ធ្ងន់ធ្ងរនៃជំងឺកូវីដ។ នៅពេលនេះ​ទៀត ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ នៅភ្នំពេញ ក៏បានពង្រីក​ដល់​ ១១​ខណ្ឌហើយ ពោលគឺនៅសល់តែ ៣ខណ្ឌទៀតប៉ុណ្ណោះ គឺខណ្ឌជ្រោយចង្វារ ខណ្ឌព្រែកព្នៅ និងខណ្ឌដូនពេញ ក្នុងរាជធានីភ្នំពេញ​ ដែលនឹងត្រូវ​ចាក់​ឆាប់ៗនេះ​។

តាមផែន​ការ យ៉ាងយូរត្រឹមខែមិថុនា ការចាក់វ៉ាក់សាំង​កូវីដ ជូនប្រជាពលរដ្ឋនៅភ្នំពេញ ដែលមានអាយុ ១៨ឆ្នាំឡើងទៅ ឲ្យបានគ្រប់ៗគ្នា នឹង​ត្រូវធ្វើឲ្យរួចរាល់ មុននឹងចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំង នៅក្នុងខេត្តកណ្តាល​ និងខេត្តព្រះសីហនុ​។​

នៅទូទាំងប្រទេស គិតត្រឹមថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ត្រូវបានក្រសួងសុខាភិបាល ប្រកាសថា ចាក់​វ៉ាក់សាំងបានចំនួនជាង ២លាន  ៣០ម៉ឺននាក់ហើយ។

នៅពេលនេះ ក្រសួងការងារ ក៏បានប្រកាស​លើកទឹកចិត្ត​ឲ្យ​រោងចក្រ​សហគ្រាសក្រុមហ៊ុនទាំងអស់ អនុញ្ញាត​​ឲ្យ​កម្មករ​និយោជិត អាចឈប់សម្រាកមួយថ្ងៃ ដោយមានប្រាក់ឈ្នួល​ ដើម្បីទៅចាក់វ៉ាក់សាំង​ ដូសទី២​។

យ៉ាងណាក៏​ដោយ វ៉ាក់​សាំង​ ជាឧបករណ៍​ទប់ស្កាត់​​ការឆ្លងរាតត្បាត​ជំងឺកូវីដ១៩។​ តែវ៉ាក់សាំង​ តែមួយមុខ មិនគ្រប់គ្រាន់​ក្នុងការទប់ស្កាត់​ការឆ្លងរាតត្បាតនោះទេ​។ ដូច្នេះប្រជាពលរដ្ឋ​គ្រប់រូប រួមទាំង​កម្មករកាត់ដេរទាំងអស់​ ត្រូវតែ​បន្ត​អនុវត្តនូវ​វិធានការ​សុខាភិបាល ពិសេសវិធានការ​ ៣ការពារ និង​៣កុំ​ ដើម្បីទប់ស្កាត់ និង​កាត់បន្ថយ​ការឆ្លងរាតត្បាត​កូវីដ១៩។ ជំងឺកូវីដ១៩ ដែល​មកដល់ពេលនេះ មិនថា​ នៅកម្ពុជានិយាយជារួម និង និយាយដោយឡែក នៅភ្នំពេញនោះទេ​ គឺ​នៅមានលក្ខណៈ​ធ្ងន់ធ្ងរ​នៅឡើយ។ មួយថ្ងៃៗ អត្រាអ្នកឆ្លងកើនឡើង នៅកម្ពុជា បានកើនឡើងវិញ ពីជាង ៥០០នាក់ ឡើងដល់ជាង ៦០០នាក់ នៅថ្ងៃទី២៥​ ខែឧសភា​។

​មានតែ​ប្រជាពលរដ្ឋគ្រប់រូប ពិសេស​កម្មករ​កាត់ដេរ​ម្នាក់ៗ ត្រូវ​​ចូល​រួម​​ទទួល​ការ​ចាក់​វ៉ាក់​សាំង​​ឲ្យបានទាំងអស់គ្នា​។ ចាក់​វ៉ាក់សាំងហើយ ក៏បន្ត​វិធានការការពារខ្លួន ពាក់ម៉ាស លាងសម្អាតដៃ និងរក្សាគម្លាតសុវត្ថិភាព​ពីម្នាក់ទៅម្នាក់ យ៉ាងតិច ១ម៉ែត្រកន្លះ​ ជាដើម។​

ចូរ​កុំ​​ភ្លេច​ថា បើរោងចក្រ​​​ណា​មួយ​ ផ្ទុះ​រាល​ដាល​ឆ្លង​កូវីដ​ គឺច្បាស់ណាស់ថា រោងចក្រ​នោះ ត្រូវបិទទ្វារ ហើយ​កម្មករ​​ ដែល​ឆ្លងកូវីដ ត្រូវបាននាំទៅព្យាបាល រីឯអ្នកពាក់ព័ន្ធផ្សេងទៀត ត្រូវធ្វើចត្តាឡីស័ក​។ បើធ្វេសប្រហែស បណ្តាល​ឲ្យឆ្លងកូវីដ កម្មករកាត់ដេរ ត្រូវអស់ការងារ ហើយ​ក៏មិនមានប្រាក់ខែ​ឲ្យបានពេញលេញនោះទេ​។ ដូច្នេះ​ មានតែការពារ ទើប​ប្រសើរ​ជាងព្យាបាល​៕