ទីបំផុត! ចោរគាស់ផ្ទះថៅកែឡេម្នាក់ យកអស់៥០ម៉ឺនដុល្លារ បានវែកមុខហើយ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ជនសង្ស័យគាស់ផ្ទះមករា មុំ ដែលជាតំណាងចែកចាយឡេរបស់ក្រុមហ៊ុនមួយ យកអស់ប្រមាណជាង៥០ម៉ឺន ដុល្លារ ត្រូវបានសមត្ថកិច្ច ស្រាវជ្រាវ ឃាត់ខ្លួនបាន២នាក់ នឹងបញ្ចូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២៥ ខែ ឧសភា នេះ ចំណែកប្រាក់ និងគ្រឿងអលង្ការ ត្រូវជនសង្ស័យសារភាពថា លក់ចែកគ្នាស៊ីចាយ និងលេងល្បែងចាញ់ អស់ហើយ ។ទោះបីជាយ៉ាងណា ទូដែក សមត្ថកិច្ចរកពុំឃើញឡើយ ដោយជនសង្ស័យយកទៅបោះចោល ហើយដកហូតបានតែម៉ូតូមួយគ្រឿងនិងមាសប្រមាណជិតមួយតម្លឹងតែប៉ុណ្ណោះ ។ គួររំលឹកថា ចោរគាស់ផ្ទះយកអស់៥០ម៉ឺនដុល្លារពីថៅកែឡេម្នាក់ ខណៈម្ចាស់កំពុងសម្រាកព្យាបាលកូវីដ
ការឃាត់ខ្លួនជនសង្ស័យនេះ ត្រូវបានសមត្ថកិច្ចអោយដឹងថា បន្ទាប់ពីជនសង្ស័យទាំង២នាក់នោះ បានទៅធ្វើសកម្មភាពលួច ម៉ូតូមួយគ្រឿងម៉ាកស្តុបពីពណ៌ក្រហម នៅមុខបន្ទប់ផ្ទះជួល តាមផ្លូវបេតុង ស្ថិតក្នុងភូមិអូរបែកក្អម សង្កាត់អូរបែកក្អម កាលពីវេលាម៉ោងប្រមាណ៣និង៣០នាទីរសៀលថ្ងៃទី២២ ខែ ឧសភា ឆ្នាំ ២០២១ ហើយ ក៍បានបែកធ្លាយរឿងធ្វើសកម្មភាពគាស់ផ្ទះមករា មុំ ដែលជាតំណាងចែកចាយឡេរបស់ក្រុមហ៊ុនមួយ សាខាបឹងសាឡាង លក់ដុំ និងរាយ ឡេមុខ និងឡេខ្លួន ដែលនាំចូលពីប្រទេសថៃ និងកូរ៉េ។
ជនសង្ស័យ២នាក់ដែលត្រូវឃាត់ខ្លួន ត្រូវបាននគរបាលអោយដឹងថា ម្នាក់ឈ្មោះ សុខ ទី ហៅ ម៉ាប់ ភេទប្រុស អាយុ៣២ឆ្នាំ មុខ របរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងម្នាក់ទៀតឈ្មោះសូ រ៉ា ហៅ រ៉ែន ភេទប្រុស អាយុ៣១ឆ្នាំ ស្នាក់នៅបន្ទប់ជួល ភូមិព្រៃស្ពឺ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពពីនគរបាលអោយដឹងថា នៅមុនពេលចាប់ខ្លួនជនសង្ស័យ២នាក់ បានជិះម៉ូតូមកជួបជុំគ្នា ហើយបានធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿងម៉ាកស្តុបពី ពណ៌ក្រហម ស៊េរីឆ្នាំ២០១៥ ពាក់ ស្លាកលេខ ភ្នំពេញ ១CQ-៥៤៥២ ដែលម្ចាស់កំពុងតែចត់ទុកមុខ បន្ទប់ជួល ។ នៅក្នុងសកម្មភាពជនសង្ស័យលួចកាច់សោរបានសម្រេចរួច បណ្តើរចេញ ក៍ត្រូវបានអ្នកជិតខាងឃើញទាន់ស្រែកចោរៗហើយ ជនសង្ស័យឈ្មោះ សូ រ៉ា ក៍បានផ្តួលម៉ូតូនោះចោល រត់គេចខ្លួនជាមួយឈ្មោះ សុខទី ដែលឈប់ចាំមើល ផ្លូវ ។ ដោយមានការភ្ញាក់ផ្អើល ប្រជាពលរដ្ឋ និងម្ចាស់ម៉ូតូក៍បាននាំគ្នាឃាត់ខ្លួនបានជនសង្ស័យទាំង២នាក់ រួចប្រគល់អោយនគរបាលប៉ុស្តិ៍អូរបែកក្អម ដើម្បីសាកកសួរ ។
តាមនគរបាលខណ្ឌសែនសុខ បានអោយដឹងទៀតថា បន្ទាប់ពីឃាត់ខ្លួន សាកសួរ ដោយមានការសហការពីនគរបាល ការិយាល័យនគរបាលព្រហ្មទណ្ឌ កំរិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញ និងនគរបាលខណ្ឌទួលគោក ក៏បានបែកធ្លាយ ដែលកន្លងមក ជនសង្ស័យក៍បានធ្លាប់ធ្វើសកម្មភាពគាស់ផ្ទះរបស់ មករា មុំ ដែលជាតំណាងចែកចាយធំក្រុមហ៊ុនមួយ នៅសង្កាត់បឹងសាឡាង ។ តាមរយះការសារភាព នគរបាលក៍បានតាម ស្រាវជ្រាវរកទូរដែក ដែលជននោះយកទៅបោះចោលនៅតាមផ្លូវ៦០ម៉ែត្រ តែរកពុំឃើញ ព្រមទាំងទៅយកខ្សែកទៅលក់នៅផ្សារកាប់គោ តែត្រូវបានអ្នកទិញ បដិសេធថា មិនបានទិញ ។
តាមនគរបាលអោយ ដឹងទៀត ជនសង្ស័យបានសារភាពថា ប្រាក់និងគ្រឿងអលង្ការ ដែលគាស់បានយកលក់ចែកលុយគ្នា បានម្នាក់ជាង៣ម៉ឺនដុល្លារ ហើយយកស៊ីចាយ និងលេងល្បែងចាញ់អស់ ។ ទូរដែកគាស់យកលុយបានហើយយកទៅបោះចោល។ ចំណែក ប្លង់ដីនិងផ្ទះដុតចោលអស់ ។
តាមនគរបាលអោយដឹងថា នៅក្នុងការឃាត់ខ្លួន សមត្ថកចិ្ចស្រាវជ្រាវ ដកហូតបានតែ ម៉ូតូ មួយគ្រឿងម៉ាកZOOMER ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅលាយស ពាក់ស្លាកលេខ ភ្នំពេញ ១GJ-២២៧៤ជា របស់ជនរងគ្រោះឈ្មោះ ហេង មករា ហៅ មករា មុំ និង មាសប្រមាណជិត១តម្លឹងតែប៉ុណ្ណោះ ។
គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១២ ឧសភា ឆ្នាំ២០២១ សមត្ថកិច្ចចម្រុះនៃស្នងការនគរបាលរាជធានីភ្នំពេញ បានចុះទៅសហការជាមួយនគរបាលខណ្ឌទួលគោកដើម្បីស្រាវជ្រាវជុំវិញករណីចោរ គាស់ផ្ទះមករា មុំ ដែលជាតំណាងចែកចាយឡេរបស់ក្រុមហ៊ុនមួយ បន្ទាប់ពីជនរងគ្រោះឈ្មោះ ហេង មករា ភេទស្រី អាយុ៣២ឆ្នាំដែលគេស្គាល់ថា មករា មុំ ដែលជាតំណាងចែកចាយឡេរបស់ក្រុមហ៊ុនមួយ សាខាបឹងសាឡាង បានឡាយបង្ហោះវីដេអូពីមន្ទីរពេទ្យកូវីដ យំទួញសោករៀបចំថា ផ្ទះរបស់ខ្លួនត្រូវបានក្រុមចោរគាស់ទូរដែកយកប្រាក់ប្រមាណជាង៥០ម៉ឺនដុល្លារ ខណៈពេលដែលគាត់បានចាក់សោផ្ទះទៅព្យាបាលនៅមជ្ឍមណ្ឌម៉ូឌែន២ក្នុងសង្កាត់ចក្រអង្រែ។ផ្ទះដែលត្រូវចោរគាស់នោះផ្ទះលេខ៣៥Bផ្លូវលេខ២២៨ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
តាមកាមេរ៉ាសុវត្តិភាព ជនសង្ស័យបានធ្វើសកម្មភាពនៅវេលាម៉ោងប្រមាណជាង១រំលងអាធ្រាត្រថ្ងៃទី១១ ខែ ឧសភា ឆ្នាំ ២០២១ បន្ទាប់ពីផ្ទះចាក់សោរចោល។
តាមព័ត៌មានបានអោយ ដឹងថា សម្ភារៈដែលបាត់បង់ រួមមាន ៖ ទូរដែក ១ មានប្រាក់ ៨៥០០០ដុល្លារ , លុយខ្មែរ ៣លានរៀល ,ខ្សែកពេជ្រចំនួន ២ខ្សែ,ចិញ្ចៀនពេជ្រ២វង់,ខ្សែកមាសចំនួន២តំឡឹង, ខ្សែដៃផ្លាទីន ១តំឡឹងកន្លះ ,ចិញ្ចៀនមាសជាកងតូចៗជាច្រើនវង់១តំឡឹងកន្លះ,ប្លង់ដីចំនួន៥សន្លឹក ,ប្លង់ផ្ទះចំនួន២សន្លឹក,សៀវភៅគ្រួសារ១, កូនជ្រូកសន្សំលុយចំនួន១ មានលុយប្រហែល១៥០០០ដុល្លារ និងម៉ូតូមួយគ្រឿង ។ បន្ទាប់ពីគាស់ផ្ទះបានរយៈពេលប្រមាណ១១ថ្ងៃជនសង្ស័យ ក៍បានទៅធ្វើសកម្មភាពលួច ម៉ូតូទៀត ក៍ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនបានតែម្តង ។ ជនសង្ស័យ ត្រូវបាននគរបាលបញ្ចូន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់ នៅព្រឹកថ្ងៃទី២៥ ខែ ឧសភា ឆ្នាំ ២០២១នេះ ៕











ចែករំលែកព័តមាននេះ