ចោរគាស់ផ្ទះយកអស់៥០ម៉ឺនដុល្លារពីថៅកែឡេម្នាក់ ខណៈម្ចាស់កំពុងសម្រាកព្យាបាលកូវីដ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា កាលពីវេលាម៉ោង១០និង៥០នាទីព្រឹកថ្ងៃទី១២ ឧសភា ឆ្នាំ២០២១ សមត្ថកិច្ចនគរបាលនៃស្នងការរាជធានីភ្នំពេញ និងនគរបាលប៉ុស្តិ៍ខណ្ឌទួលគោក បានចុះមកស្រាវជ្រាវជុំវិញករណីចោរគាស់ផ្ទះមករា មុំ តំណាងចែកចាយធំក្រុមហ៊ុន DW សាខាបឹងសាឡាង លក់ដុំ និងរាយ ឡេមុខ និងឡេខ្លួន ដែលនាំចូលពីប្រទេសថៃ និងកូរ៉េ នៅចំណុចផ្ទះលេខ៣៥B ផ្លូវលេខ២២៨ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ បន្ទាប់ពីស្ត្រីជាម្ចាស់ផ្ទះរងគ្រោះបានឡាយបង្ហោះវីដេអូលើបណ្តាញសង្គមពីករណីចោរចូលគាស់ផ្ទះរបស់គាត់ ហើយសមត្ថកិច្ចក៏បានចុះមកស្រាវជ្រាវដល់ទីតាំងកើតហេតុតែម្តង ប៉ុន្តែទោះបីយ៉ាងណា សមត្ថកិច្ចពុំអាចចូលទៅដល់ខាងក្នុងផ្ទះនោះបានទេ ដោយសារជាផ្ទះត្រូវចាក់សោផ្លុំបេ ហើយទុកចោល ហើយម្ចាស់ផ្ទះ និងសមាជិកគ្រួសារសរុបចំនួន៧នាក់ ត្រូវបានរកឃើញវិជ្ជមានកូវីដ១៩ និងបានបញ្ជូនទៅព្យាបាលនៅមណ្ឌលម៉ូដែន២ ក្នុងសង្កាត់ចាក់អង្រែ ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ម្ចាស់ផ្ទះរងគ្រោះខាងលើឈ្មោះ ហេង មករា ភេទស្រី អាយុ៣២ឆ្នាំ ស្នាក់នៅផ្ទះលេខ៣៥Bផ្លូវលេខ២២៨ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ពាក់ព័ន្ធនឹងករណីចោរគាស់ផ្ទះខាងលើនេះដែរ បើតាមការឡាយវីដេអូលើបណ្តាញសង្គមរបស់ស្ត្រីជាម្ចាស់ផ្ទះបានយំរៀបរាប់ទាំងទួញសោកដោយអះអាងថា ទ្រព្យសម្បត្តិដែលត្រូវចោរគាស់ផ្ទះ យកលុយដែលដាក់ក្នុងទូដែកអស់ប្រមាណជា៥០ម៉ឺនដុល្លារ ហើយចោរបានគេចខ្លួនបាត់ ។
បើតាមការអះអាងពីបងស្រីរបស់ម្ចាស់ផ្ទះរងគ្រោះបានឱ្យដឹងថា មានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងទៀបភ្លឺថ្ងៃទី១១ ឧសភា ខណៈពេលដែលអ្នកហាត់ប្រាណធ្វើដំណើរឆ្លងកាត់ ក៏ស្រាប់តែឃើញផ្ទះខាងលើបើកទ្វារចំហរ ហើយនាំគ្នារាយការណ៍ទៅម្ចាស់ផ្ទះ និងបង្កឱ្យមានការភ្ញាក់ផ្អើលកើតឡើងតែម្តង ទោះបីយ៉ាងណា ស្ត្រីជាម្ចាស់ផ្ទះមិនអាចមកផ្ទះបានឡើយ ដោយសារគាត់កំពុងសម្រាកព្យាបាល ។
គិតមកត្រឹមវេលាម៉ោង១១និង៤៥នាទីព្រឹកថ្ងៃដដែលនេះដែរ សាលាខណ្ឌទួលគោកបានចុះបាញ់ថ្នាំសម្លា.ប់មេរោគនៅចំណុចផ្ទះកើតហេតុខាងលើនេះផងដែរ ។ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព ៕


















ចែករំលែកព័តមាននេះ