ខេត្តកំពង់ចាម ៖ កំលាំងកងរាជអាវុធហត្ថស្រុកចំការលើ បានចេញប្រតិបត្តិការបង្ក្រាបរថយន្តម៉ាកកាមរី ស៊េរី៨៩ មួយគ្រឿង ពណ៌គ្រាប់អំពិល ពាក់ស្លាកលេខ ភ្នំពេញ 2B-3794 កាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី១៥ ធ្នូ នៅចំណុចមុខបញ្ជាការដ្ឋានតែម្តង ខណៈឈ្មួញបានដឹកសត្វព្រៃដោយខុសច្បាប់ ចេញមកពីខេត្តកំពង់ធំ ក្នុងគោលបំណងយកទៅលក់នៅប្រទេសវៀតណាម ។ ប៉ុន្តែការចាប់នេះមិនងាយស្រួលប៉ុន្មានទេ ព្រោះរថយន្តស៊ីរ៉ែនរបស់កំលាំងអាវុធហត្ថក៏ទទួលរងការខូចខាតផងដែរ ព្រោះតែរថយន្តដឹកសត្វព្រៃបុក តែមិនបណ្តាលឱ្យមន្ត្រីណាម្នាក់រងរបួសទេ ។
តាមលោកអនុសេនីយ៍ឯកលាវ សុភា មេបញ្ជាការកងរាជអាវុធហត្ថស្រុកចំការលើបានប្រាប់ កោះសន្តិភាពឲ្យដឹងថា មានសេចក្តីរាយការណ៍តាមទូរស័ព្ទពីកំលាំងមូលដ្ឋានមកថា «រថយន្តកាមរីខាងលើសង្ស័យដឹកសត្វចេញមកពីខេត្តកំពង់ធំ បើកចូលមកផ្លូវជាតិលេខ៧១ ស្រុកចំការលើ» ភ្លាមៗនោះបានចាត់កំលាំងចុះទៅចាំស្ទាក់ជាបន្ទាន់ ។ លោកមេបញ្ជាការអាវុធហត្ថស្រុកចំការលើ បានប្រាប់បន្តថា ប្រហែលជា១៥នាទីក្រោយមកស្រាប់តែបានប្រទះឃើញរថយន្តកាមរីស៊េរី៨៩ ពណ៌គ្រាប់អំពិល ដែលមានភិនភាគដូចបានរាយការណ៍បើកមកដល់ត្រង់មុខទីបញ្ជាការកង រាជអាវុធហត្ថស្រុក រំពេចនោះបានលើកជាសញ្ញាឲ្យឈប់ ដើម្បីត្រួតពិនិត្យមើល ថាតើពិតជាមានបង្កប់សត្វព្រៃមែនឫអត់? គឺពិតជាមានមែន ពេលនោះសមត្ថកិច្ចដេញប៉ផាប់ចាប់ពភីង ដោយសាររថយន្តនោះបើករត់ ។ សត្វព្រៃនេះរួមមានសត្វពស់សាំងសឿទំងន់៧គីឡូក្រាម និងកាំប្រមា៤ក្បាល ឯអ្នកបើកបរបានរត់គេចខ្លួនចូលក្នុងព្រៃបាត់ស្រមោល ៕
ចែករំលែកព័តមាននេះ