ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ក្រោយ​បែកបាក់​គ្រួសារ​ផឹកស្រា​ស្រវឹង​ជា​ប្រចាំ ចុះ​ដក​ក្រអៅឈូក​លក់ លង់​ទឹកស្រះ​ស្លា.ប់

11 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់ ក្រោយ​ពី​លែងលះ​គ្នា​ជាមួយ​ប្រពន្ធ​រួច អត់​បាន​ត្រលប់​ទៅ​រស់នៅ​ឯ​ស្រុក​កំណើត​វិញ​ទេ គាត់​បាន​ស្នាក់​នៅ​តែលតោល​គ្មាន​គោលដៅ​ពិតប្រាកដ​ឡើយ ជួនកាល​ស្នាក់​នៅផ្ទះ​អ្នក​ភូមិ ផ្ទះ​អ្នក​នេះ​បន្តិច ផ្ទះ​អ្នក​នោះ​បន្តិច និង​ពេល​ខ្លះ…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់ ក្រោយ​ពី​លែងលះ​គ្នា​ជាមួយ​ប្រពន្ធ​រួច អត់​បាន​ត្រលប់​ទៅ​រស់នៅ​ឯ​ស្រុក​កំណើត​វិញ​ទេ គាត់​បាន​ស្នាក់​នៅ​តែលតោល​គ្មាន​គោលដៅ​ពិតប្រាកដ​ឡើយ ជួនកាល​ស្នាក់​នៅផ្ទះ​អ្នក​ភូមិ ផ្ទះ​អ្នក​នេះ​បន្តិច ផ្ទះ​អ្នក​នោះ​បន្តិច និង​ពេល​ខ្លះ ស្នាក់​នៅ​ក្នុង​សាស​បុណ្យ​ភូមិ គាត់​បាន​ប្រកបរ​បរដក​ក្រអៅឈូក​លក់ ដើម្បី​យក​ប្រាក់​ចិញ្ចឹមជីវិត​របស់​គាត់ ប៉ុន្តែ​គាត់​បាន​ក្លាយទៅជា​មនុស្ស​ម្នាក់​ខូចចិត្ត​ខ្លាំង ហើយ​បាន​យក​ស្រា ធ្វើ​ជា​ត្រីមុខ គិតតែ​ពី​ផឹក​ៗ​ស្រវឹង​ជោគ​ជាំ​ជា​ប្រចាំ​រាល់ថ្ងៃ​តែ​ម្ដង ។

ដោយឡែក​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២៥ វេលា​ម៉ោង​៤​និង​៣០​នាទី​ល្ងាច ស្រាប់តែ​អ្នក​ភូមិ​ប្រទះ​ឃើញ​គាត់​លង់ទឹក​ស្លាប់​នៅ​ក្នុង​ស្រះ​ឈូក​មួយ​កន្លែង ដែល​គាត់​តែងតែ​ចុះ​ដក​ក្រអៅឈូក​លក់​រក​ប្រាក់​ប្រចាំ​ថ្ងៃ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្បែរ​ទួល​អង្គ​រោង​បុណ្យ​ភូមិ​កំ​បូល សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។

ប្រជាពលរដ្ឋ​បាន​និយាយ​ថា បុរស​ខាងលើ​នោះ​ឈ្មោះ ជុន ជួន អាយុ​៤៦​ឆ្នាំ មុខរបរ​ដក​ក្រអៅឈូក​លក់ មានស្រុក​កំណើត​នៅ​ខេត្តព្រៃវែង ។ គាត់​គឺជា​បុរស​ពោះម៉ាយ ដែល​បាន​លែងលះ​ប្រពន្ធ​រយៈពេល​១០​ឆ្នាំ​មក​ហើយ ។ ប៉ុន្តែ​ក្រោយ​ពី​លែងលះ​ប្រពន្ធ​រួច គាត់​មិន​បាន​ទៅ​រស់នៅ​ឯ​ស្រុក​កំណើត​វិញ​ទេ គឺ​បាន​ស្នាក់​នៅ​គ្មាន​គោលដៅ​ឡើយ ដោយពេល​ខ្លះ​ស្នាក់​នៅ​តាម​ផ្ទះ​អ្នក​ភូមិ និង​ពេល​ខ្លះ​ទៀត​ស្នាល់​នៅ​ក្នុង​រោង​បុណ្យ​ខាងលើ ។

ប្រជាពលរដ្ឋ បាន​និយាយ​បន្ត​ទៀត​ថា មិនតែប៉ុណ្ណោះ ក្រោយ​ពេល​លែងលះ​ប្រពន្ធ​រួច​កាលណា​មក បុរស​នោះ ហាក់​មានការ​ខូចចិត្ត​ខ្លាំង​ណាស់ គាត់​បាន​យក​ស្រា​ធ្វើ​ជា​ត្រីមុខ ហើយ​ផឹក​ស្រវឹង​ជា​ប្រចាំ​រាល់ថ្ងៃ គ្មាន​ថ្ងៃ​ខាន​ឡើយ​។ ដោយឡែក នៅ​វេលា​ម៉ោង​ខាងលើ​ខណៈ​អ្នក​ភូមិ​ទៅ​ដក​ក្រអៅឈូក និង​បេះ​ផ្កាឈូក​នៅ​ចំណុច​ស្រះ​ទឹក​នោះ ក៏​ស្រាប់តែ​មានការ​ភ្ញាក់ផ្អើល​ឆោឡោ ដោយសារ​តែ​បាន​ប្រទះ​ឃើញ​បុរស​នោះ​លង់ទឹក​ស្លាប់​ក្នុង​ស្រះ​ឈូក​នោះ​បាត់​ទៅ​ហើយ ។

ប្រជាពលរដ្ឋ​ខាងលើ បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ស្រះ​ឈូក​នោះ មិន​ជ្រៅ​ទេ ព្រោះ​ពុំ​មែន​ជា​ស្រះ​ជីក​ឡើយ ពី​មុន​ជា​វាលស្រែ​ជម្រៅ​ប៉ុណ្ណោះ ប៉ុន្តែ​បច្ចុប្បន្ន​ដោយ​តំបន់​ជុំវិញ​នោះ មានការ​ចាក់​ដី​ខ្ពស់​ៗ​សាងសង់​ផ្ទះ​ជា​ច្រើន ទើប​ទីនោះ​ក្លាយជា​ស្រះ​ទឹក​មួយ ដែល​មាន​ឈូក​ដុះ​ណែនណាន់តាន់តាប់​។ ចំណែក​បុរស​នោះ ទំនងជា​ស្រវឹង​ខ្លាំង ឬ​ខ្យល់គ ទើប​លង់ទឹក​ស្លាប់​បែប​នេះ ។ បន្ទាប់​មក លោក​មេ​ភូមិ ក៏​រាយការណ៍​ប្រាប់​ឲ្យ​នគរបាល​ឲ្យ​ចុះ​ទៅ​ធ្វើ​កោសល្យវិច័យ ហើយ​នគរបាល​បញ្ជាក់​ថា បុរស​នោះ​ស្លាប់​ដោយ​លង់ទឹក ។

បើ​តាម​ស្ត្រី​ឈ្មោះ ងិ​ន សុខ អាយុ​៦៤​ឆ្នាំ​បាន​និយាយ​ថា គាត់ និង​បុរស​នោះ អតីត​ធ្លាប់​ជា​ប្ដី​ប្រពន្ធ​នឹង​គ្នា ប៉ុន្តែ​ដោយ​រស់នៅ​មិន​ចុះសម្រុង​គ្នា ក៏​បាន​លែងលះ​គ្នា​រយៈពេល​១០​ឆ្នាំ​មក​ហើយ​។ ចាប់តាំងពី​លែងលះ​គ្នា​រួច​មក បុរស​នេះ​ទៅ​បាត់​ៗ អត់​ដែល​ទៅ​នៅផ្ទះ​នោះ​ទេ ប៉ុន្តែ​ឧស្សាហ​ទៅ​ជេរ​គាត់​ជា​បន្តបន្ទាប់ ហើយ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ អត់​ដែល​ឃើញ​ទៅ​ជេរ​គាត់​ទៀត​ទេ ទើបតែ​នៅ​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​កើតហេតុ បាន​ទៅ​ជេរ​គាត់​ដល់​ផ្ទះ​ម្ដងទៀត ។

អតីត​ប្រពន្ធ​រូប​នោះ បាន​និយាយ​បន្ត​ថា ពេល​នោះ​គាត់​ក៏​សួរ​ថា «​តើ​អ្ហែង​ជេរ​នរណា​គេ ? អតីត​ប្ដី​រូប​នេះ ឆ្លើយ​ថា អញ​មិនមែន​ជេរ​ង៉ែ​ង​ទេ អញ​ជេរ​មី​អស់នោះ​ទេតើ​» គាត់​គិត​ថា អតីត​ប្ដី​ជេរ​គាត់​ហើយ ពុំ​មែន​ជេរ​អ្នក​ផ្សេង​នោះ​ទេ ប៉ុន្តែ​គាត់​ក៏​មិន​មាត់​ទៀត​ដែរ ។ បន្ទាប់​មក គាត់​ក៏​បាន​ដេក​លក់ រហូត​ដល់​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ដដែល ទើប​ភ្ញាក់​ងូតទឹក ហើយ​បាត់​អត់​ឃើញ​អតីត​ប្ដី​នេះ​ឡើយ លុះដល់​វេលា​ម៉ោង​៤​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ដដែល ក៏​មាន​គេ​ប្រទះ​ឃើញ​អតីត​ប្ដី​គាត់ លង់ទឹក​ស្លាប់​បែប​នេះ បាត់​ទៅ​ហើយ ។

នគរបាល បាន​ប្រាប់​ថា ក្រោយ​ពេល​កើតហេតុ អតីត​ប្រពន្ធ​រូប​នោះ រួម​ជាមួយ​អ្នក​ភូមិ និង​លោក​មេ​ភូមិ ព្រមទាំង​អាជ្ញាធរ​សង្កាត់​កំ​បូល បាន​រួម​គ្នា​ចាត់ចែង​ធ្វើ​បុណ្យសព​បុរស​នោះ នៅ​នឹង​សាលា​បុណ្យ​ភូមិ ជិត​កន្លែង​កើតហេតុ​នោះ​តែ​ម្ដង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ