ទីក្រុងម៉ូស្គូ៖ រុស្ស៊ីព្រមានប្រើនុយក្លេអ៊ែរនៅក្នុងសង្គ្រាមអ៊ុយក្រែនបន្ទាប់ពីលោកត្រាំប្រកាសផ្ដល់អាវុធ និងប្រព័ន្ធការពារដែនអាកាសទៅឱ្យអ៊ុយក្រែនដើម្បីតស៊ូនៅក្នុងសង្គ្រាម។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោកប៉េស្កូស បញ្ជាក់ជាថ្មីថាទីក្រុងម៉ូស្គូនៅតែដាក់ឱ្យដំណើរការនយោបាយនុយក្លេអ៊ែររបស់ខ្លួនដោយឥតបន្ធូរបន្ថយទេ។ ដូច្នេះ សូមកុំសាកល្បងនៅក្នុងរឿងនេះឱ្យសោះ។ លោកត្រាំប្រកាសថាអាមេរិក និងរដ្ឋជាសមាជិកអង្គការណាតូនឹងផ្ដល់អាវុធទំនើបៗទៅឱ្យអ៊ុយក្រែន។
ចាប់តាំងពីលោកពូទីនចេញបញ្ជាឱ្យកងទ័ពវាយប្រហារអ៊ុយក្រែនកាលពីឆ្នាំ២០២២រហូតមកដល់ពេលបច្ចុប្បន្ន រុស្ស៊ី និងអង្គការណាតូប្រឈមមុខដាក់គ្នាកាន់តែខ្លាំងឡើងៗ។ មើលមិនឃើញ ថាមិនត្រូវ សង្គ្រាមនុយក្លេអ៊ែរអាចផ្ទុះឡើងមែនព្រោះរុស្ស៊ីឧស្សាហ៍គំរាមជាញឹកញាប់។ សព្វថ្ងៃនេះ រុស្ស៊ីមាននុយក្លេអ៊ែរស្តុកទុកនៅក្នុងឃ្លាំងច្រើនជាងគេនៅលើពិភពលោក។ អាមេរិកឈរនៅលំដាប់ទី២។ នៅក្នុងសករាជរបស់ត្រាំ លោកប្រើយុទ្ធសាស្ត្រផ្សេងពីលោកបៃដិននៅក្នុងបញ្ហាអ៊ុយក្រែន។
ឧទាហរណ៍ ត្រាំបោះដៃទៅរកទីក្រុងម៉ូស្គូដើម្បីចរចាគ្នាដោយផ្ទាល់តែម្ដង។ ចំណែកទំនាក់ទំនងរវាងអាមេរិក និងអ៊ុយក្រែនបែរជាមិនសូវល្អូកល្អឺននឹងគ្នាដូចសម័យលោកបៃដិនទេ។ ពេលខ្លះ លោកត្រាំ និងលោកហ្សេឡិនស្គីប្រើប្រាស់ភាសាទ្រគោះបោះបោកដាក់គ្នានៅនឹងមុខអ្នកសារព័ត៌មានតែម្ដង។ ប៉ុន្តែអ្វីៗចាប់ផ្ដើមប្រែប្រួលនៅដំណាក់កាលចុងក្រោយ។ កាលពីដើមសប្ដាហ៍នេះ លោកត្រាំប្រកាសថាអឺរ៉ុបនឹងចេញលុយរាប់ពាន់លានដុល្លារដើម្បីទិញអាវុធពីអាមេរិកបញ្ជូនទៅអ៊ុយក្រែន។
ប្រតិកម្មចំពោះស្ថានការណ៍វិវត្តថ្មីនេះ អ្នកនាំពាក្យវិមានក្រឹមឡាំងថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មានតាស់ (TASS) ថានយោបាយនុយក្លេអ៊ែររបស់រុស្ស៊ីនៅតែរក្សាទុកដដែល។ ហេតុដូច្នេះរាល់លក្ខខណ្ឌនានានៃនយោបាយនេះនៅតែបន្តអនុវត្ត។ នៅក្នុងនោះមានចំណុចមួយចែងថា «បើរដ្ឋមិនមែននុយក្លេអ៊ែរវាយប្រហាររុស្ស៊ី ឬសម្ព័ន្ធមិត្តរុស្ស៊ីដោយមានរដ្ឋនុយក្លេអ៊ែរចូលរួមដោយផ្ទាល់ ឬគាំទ្រពីក្រោយខ្នង ពេលនោះរុស្ស៊ីចាត់ទុកថារដ្ឋនុយក្លេអ៊ែរនោះរួមកម្លាំងគ្នាវាយប្រហាររុស្ស៊ីហើយ»។
លោកប៉េស្កូសបានអំពាវនាវឱ្យអាមេរិកជំរុញឱ្យអ៊ុយក្រែនចូលតុចរចាជាមួយរុស្ស៊ី។ លោកយល់ថាកម្លាំងសំខាន់នៃការសម្របសម្រួលបញ្ហានេះគឺលោកត្រាំ និងក្រុមការងាររបស់គាត់។ លោកប៉េស្កូសថាលោកស្ដាប់ឮសេចក្ដីថ្លែងការណ៍, ការធ្វើអត្ថាធិប្បាយ ឬការសម្ដែងការខកចិត្តជាហូរហែ។ ប៉ុន្តែលោកសង្ឃឹមថាអាមេរិកក៏ត្រូវដាក់សម្ពាធទៅលើអ៊ុយក្រែនផងដែរ។
អគ្គលេខាធិការអង្គការណាតូថ្លែងថានៅក្នុងចំណោមអាវុធដែលត្រៀមបញ្ជូនទៅអ៊ុយក្រែននោះក៏មានគ្រាប់មីស៊ីល, គ្រាប់កាំភ្លើង និងប្រព័ន្ធការពារដែនអាកាសផងដែរ។ លោកត្រាំបញ្ជាក់ថាខែលការពារដែនអាកាសម៉ាកផេទ្រាត (Patriot) ចាប់ផ្ដើមបញ្ជូនទៅអ៊ុយក្រែនជាបណ្ដើរៗហើយ។ នៅក្នុងគ្រាប្រថុចញ៉ុចបែបនេះ អឺរ៉ុបត្រូវដកអាវុធពីក្នុងឃ្លាំងរបស់ខ្លួនទៅឱ្យអ៊ុយក្រែនសិន។ រួចហើយចាំទិញពីអាមេរិកយកទៅដាក់បំពេញឡើងវិញ។ ខាងលើនេះជាការដកស្រង់ប្រភពពីទស្សនាវដ្ដីញូស្វីក និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ