ខេត្តកណ្តាល ៖ ក្រុមចោរវ័យក្មេង ទំនេរបបួលតេណាត់គេ ចេញប្លន់គេ ដោយជិះម៉ូតូ២គ្រឿង ដេញធាក់ និងកាប់ប្លន់យកម៉ូតូពីគេមិនសម្រេច ត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបានជនសង្ស័យចំនួន ០៤នាក់ ។
ករណីប្លន់នេះ បានកើតឡើងនៅវេលាម៉ោង០២និង៣០នាទីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ចំណុចផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិ ព្រែកអង្គុញ ឃុំសៀមរាប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។
សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះមានឈ្មោះ ឃី ណារ៉ុង ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ និស្សិត បច្ចុប្បន្នរស់នៅភូមិ អំពៅព្រៃទី២ ឃុំ អំពៅព្រៃ ស្រុក កណ្ដាលស្ទឹង ខេត្តកណ្ដាល ។
ចំណែកជនសង្ស័យចំនួន ០៤នាក់ រួមមាន ៖
១.ឈ្មោះ បូ ចាន់ធី ហៅស៊ុប ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិត្រស់ ឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន)មានសារធាតុញៀនក្នុងទឹកនោម (វិជ្ជមាន)។
២.ឈ្មោះ សុខ សំនៀង ហៅនាង ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិត្រស់ ឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន)មានសារធាតុញៀន ក្នុងទឹកនោម (វិជ្ជមាន)។
៣.ឈ្មោះ ខុន សុខដារ៉ារិទ្ធិ ហៅកុយ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិ ព្រែករកា ឃុំព្រែករកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ(ឃាត់ខ្លួន) មានសារធាតុញៀនក្នុងទឹកនោម (វិជ្ជមាន)។
៤.ឈ្មោះ ស៊ឹម សុវណ្ណារ៉ា ហៅខួច ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិកោះខ្នុរ ឃុំព្រែករកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន) ។
ក្នុងនោះ វត្ថុតាងចាប់យក ម៉ូតូ០២គ្រឿង រួមមាន ៖
១. ម៉ាក Honda dream C125 ពណ៌ខ្មៅស៊េរីឆ្នាំ ២០១៩ ឡើងតែមឆ្នាំ ២០២០ មានផ្លាកលេខ ភ្នំពេញ 1IC-8001
២. ម៉ាក Honda dream C125 ពណ៌ខ្មៅស៊េរីឆ្នាំ ២០១២ ឡើងតែមួយឆ្នាំ ២០១៣ មានផ្លាកលេខ កណ្តាល 1E-4469
-កាំបិតកញ្ចែត០១ ដងដែកផ្លែដែកមានប្រវែង៣០សង់ទីម៉ែត្រ
-កាំបិតប៉័ងតោ ០១ ដងឈើផ្លែដែកមានប្រវែង ៣០ សង់ទីម៉ែត្រ
-ទូរសព្ទ ០២ គ្រឿង
-ម៉ាក Infinix smart 9 ពណ៌ទឹកសណ្តែក
-ម៉ាក Vivo ពណ៌ទឹកបិច(បែកកញ្ចក់មុខ) ។
ប្រភពបានបន្តទៀតថា ៖ នៅថ្ងៃទី ១៣ ខែកក្កដាឆ្នាំ ២០២៥ វេលាម៉ោង ១៨:៣០នាទី ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿង ម៉ាក Honda Scoopy i ពណ៌ខ្មៅ ស៊េរីឆ្នាំ 2024 ពាក់ផ្លាកលេខ ភ្នំពេញ1JY-7470 ចេញពីផ្ទះទៅបុណ្យមិត្តភក្កិនៅម្ដុំចាក់អង្រែក្រោម រាជធានីភ្នំពេញ ហើយបានសម្រាកនៅផ្ទះបុណ្យតែម្ដង រហូតដល់ម៉ោង ០២:០០ នាទីថ្ងៃទី១៤ ខែឆ្នាំដដែល ជនរងគ្រោះបានជិះម៉ូតូរបស់ខ្លួនខាងលើចេញពីផ្ទះបុណ្យត្រឡប់មកផ្ទះវិញ ដោយជិះតែម្នាក់ឯង តាមផ្លូវ៦០ម៉ែត្រ រួចបត់តាមផ្លូវជាតិលេខ២ រង្វង់មូលគួរស្រូវ មកទិសខាងត្បូង ដល់មុខរោងចក្របឹងឈូក ស្ថិតក្នុងភូមិ ព្រែកអង្គុញ ឃុំសៀមរាប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ជនរងគ្រោះបានឃើញជនសង្ស័យជិះម៉ូតូ២គ្រឿង មានគ្នា ០៤ នាក់ ដោយជិះម៉ូតូមួយ២នាក់ ជិះតាមពីក្រោយម៉ូតូរបស់ខ្លួន ពេលជិះហួសរោងចក្របឹងឈូកបន្តិច ក៏មានម៉ូតូមួយគ្រឿងរបស់ជនសង្ស័យ ខាងលើ០១ ម៉ាក Honda dream C125 ពណ៌ខ្មៅ ជិះមកជិតជនរងគ្រោះ។ ភ្លាមនោះ ជនសង្ស័យម្នាក់បានដកកាំបិតកាប់ជនរងគ្រោះចំខ្នងខាងក្រោយមួយកាំបិត ហើយជនសង្ស័យម្នាក់ទៀត បានធាក់ម៉ូតូរបស់ជនរងគ្រោះ តែមិនបណ្ដាលឲ្យម៉ូតូរបស់ជនរងគ្រោះដួលនោះទេ ហើយជនសង្ស័យ ដែលធាក់ម៉ូតូជនរងគ្រោះនោះ មានសក់វែងបាំងមុខ មិនមានពាក់មួកសុវត្ថិភាព សម្បុរខ្មៅ និងពាក់អាវក្រណាត់ ពណ៌ខ្មៅដៃវែង ផ្កាពណ៌លឿង។ បន្ទាប់មក ជនរងគ្រោះបានជិះម៉ូតូបកត្រឡប់មកផ្សារសៀមរាបវិញ ហើយជនសង្ស័យទាំង៤នាក់ខាងលើ ក៏មិនបានជិះម៉ូតូដេញជនរងគ្រោះនោះដែរ រួចក៏បានរាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសៀមរាប ។
ក្រោយទទួលបានព័ត៌មានភ្លាមៗសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ បានឃើញជនសង្ស័យ ០៣នាក់ ខាងលើកំពុងជិះគេចខ្លួន ហើយបានឃាត់ជនសង្ស័យ ០៣នាក់ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង ដើម្បីធ្វើការសាកសួរ ដោយឡែកជនសង្ស័យ ឈ្មោះ ស៊ឹម សុវណ្ណារ៉ា រត់គេចខ្លួន ។
ក្រោយការសាកសួរ កម្លាំងជំនាញស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែករការ បានឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ឈ្មោះ ស៊ឹម សុវណ្ណារ៉ា ហៅខួច បានសារភាពថា ខ្លួន និងបក្ខពួក ពិតជាបានធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូរបស់ជនរងគ្រោះប្រាកដមែន តែមិនបានសម្រេច នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង០២ជិតភ្លឺ ជនសង្ស័យឈ្មោះ ស៊ឹម សុវណ្ណារ៉ា និងជនសង្ស័យឈ្មោះ សុខ សំនៀង បានទូរសព្ទណាត់គ្នាថានឹងចេញកាប់ប្លន់ម៉ូតូរបស់គេ បន្ទាប់មក ជនសង្ស័យទាំងបួននាក់ បានជិះម៉ូតូ ០២គ្រឿង មកឈប់ចាំនៅផ្លូវកែងអក្សរតេ ស្ថិតក្នុងភូមិសៀមរាប ឃុំសៀមរាប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ស្របពេលនោះ ក៏ឃើញមានម៉ូតូរបស់ជនរងគ្រោះជិះមក ហើយជនសង្ស័យទាំងបួននាក់ ក៏ជិះម៉ូតូតាមពីក្រោយ ពេលជិះមកដល់ផ្លូវបត់ចូលភូមិព្រែកអង្គុញ ឃុំសៀមរាប ជនសង្ស័យឈ្មោះ សុវណ្ណារ៉ា បានបិទភ្លើងម៉ូតូ និងជិះទៅក្បែរម៉ូតូរបស់ជនរងគ្រោះ រួចធ្វើសកម្មភាពយកកាំបិតប៉័ងតោ កាប់មកលើជនរងគ្រោះមួយកាំបិត ចំខ្នងខាងក្រោយ និងជនសង្ស័យឈ្មោះសុខ សំនៀង បានធាក់ម៉ូតូរបស់ជនរងគ្រោះមួយជើង តែមិនដួលម៉ូតូនោះទេ។ ចំណែកជនសង្ស័យ២នាក់ទៀត ជិះម៉ូតូចាំពីក្រោយ រួចក៏ជិះរត់គេចខ្លួន ហើយក៏ត្រូវសមត្ថកិច្ចឃាត់បាន ។
បច្ចុប្បន្ន ជនសង្ស័យទាំងបួននាក់ និងវត្ថុតាង កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕










ចែករំលែកព័តមាននេះ