ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ភ្នំពេញ ហាម​ជក់បារី ផ្សព្វផ្សាយ និង​លក់​ផលិតផល​ថ្នាំជក់ នៅ​តំបន់​ផ្លូវ​ថ្មើរជើង​ចតុមុខ

1 នាទី មុន

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តីណែនាំ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ មាន​កិត្តិយស​សូម​ជម្រាប​ជូន​សាធារណជន​មេត្តា​ជ្រាប​ថា គម្រោង​ផ្លូវ​ថ្មើរជើង ចតុមុខ នៅ​តាម​បណ្តោយ​តីរវិថី​ព្រះ​ស៊ី​សុវត្ថិ (​ចាប់ពី​ផ្លូវ​លេខ​៩៤…

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តីណែនាំ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ មាន​កិត្តិយស​សូម​ជម្រាប​ជូន​សាធារណជន​មេត្តា​ជ្រាប​ថា គម្រោង​ផ្លូវ​ថ្មើរជើង ចតុមុខ នៅ​តាម​បណ្តោយ​តីរវិថី​ព្រះ​ស៊ី​សុវត្ថិ (​ចាប់ពី​ផ្លូវ​លេខ​៩៤ រហូត​ដល់​ផ្លូវ​លេខ​២៤០) ស្ថិត​ក្នុង​ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ​ជា​រៀង​រាល់​ចុង​ស​ប្តា​ហ៍ ចាប់ពី​ម៉ោង ១៨:០០​នាទី រហូត​ដល់​ម៉ោង ២៣:០០​នាទី ចាប់តាំងពី​ថ្ងៃ​ទី​០១ ខែកុម្ភៈ ឆ្នាំ​២០២៥​មក​ម្ល៉េះ ដោយ​ទទួល​បានការ​អបអរសាទរ និង​ទទួលស្គាល់​ថា ជា​គោលដៅ​កម្សាន្ត​ពេល​រាត្រី​ថ្មី​សម្រាប់​រាជធានី​ភ្នំពេញ ។

ដើម្បី​ចូលរួម​លើកកម្ពស់​ដល់​វិស័យ​ទេសចរណ៍​ស្អាត បៃតង មាន​សុវត្ថិភាព និង​ប្រែ​ក្លាយជា​គោលដៅ ទេសចរណ៍​ប្រកបដោយ​ភាព​រស់​រវើក ប្រកួតប្រជែង និង​ចីរភាព រួមចំណែក​កាត់​បន្ថយ​ផល​ប៉ះពាល់​ដល់​សុខភាព សេដ្ឋកិច្ច​សង្គម និង​បរិស្ថាន ដែល​កើតឡើង​ពី​ផ្សែង​បារី ឬ​ផលិតផល​ថ្នាំជក់ រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ធ្វើការ ណែនាំ​ដល់​ម្ចាស់​អាជីវ​កម្មដ្ឋាន ម្ចាស់​សេវាកម្ម​ទេសចរណ៍ អាជីវករ និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដូច​តទៅ ៖

១. ហាម​ជក់ ឬ​បង្ហុយផ្សែង​ផលិតផល​ថ្នាំជក់​-​បារី នៅ​បរិវេណ​ទីធ្លា តាម​ដងផ្លូវ លើ​សួនច្បារ​សាធារណៈ រួម​ទាំង​ទីតាំង​ខាង​មុខ​ភោជនីយដ្ឋាន ឬ​ហាង​ទំនិញ​នានា ដែល​នៅ​តាម​បណ្តោយ​តីរវិថី​ព្រះ​ស៊ី​សុវត្ថិ តាម​ពេលវេលា និង​ម៉ោង​ដែល​កំណត់​សម្រាប់​ដំណើរការ​ផ្លូវ​ថ្មើរជើង ។

២. ត្រូវ​បិទ​សញ្ញា​ហាម​ជក់បារី នៅ​កន្លែង​ដែល​ហាម​ជក់ ឬ​បង្ហុយផ្សែង​ផលិតផល​ថ្នាំជក់​-​បារី ឱ្យ​មើលឃើញ ច្បាស់ និង​មាន​ចំនួន​គ្រប់គ្រាន់​ស្រប​តាម​ទីតាំង​ជាក់ស្តែង​។

៣. ហាម​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម និង​ការ​តាំង​បង្ហាញ​លក់​ផលិតផល​ថ្នាំជក់​គ្រប់​ប្រភេទ គ្រប់​ទម្រង់​។

៤. ហាម​ប្រើប្រាស់ ចែកចាយ ជួញដូរ ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច​សម្រាប់​ជក់​គ្រប់​ប្រភេទ គ្រប់​ទីកន្លែង​នៃ បរិវេណ​ផ្លូវ​ថ្មើរជើង​ចតុមុខ មាន​ជា​អាទិ៍ បារី​អេ​ឡិច​ត្រូ​និ​ច (E-Cigarettes) ឬ វេ​ប (VAPE) ផលិតផល អេ​ច ធី ភី (HTP) និង​ស៊ី​ហ្សា (Shisha) ជាដើម​។

៥. គ្រប់​បណ្តា​មន្ទីរ​-​អង្គភាព រដ្ឋបាល​ខណ្ឌដូនពេញ និង​រដ្ឋបាល​សង្កាត់​ពាក់ព័ន្ធ ត្រូវ​យកចិត្តទុកដាក់ ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ​ដល់​ម្ចាស់​ភោជនីយដ្ឋាន ហាង​ទំនិញ អាជីវករ និង​បងប្អូន​ប្រជាពលរដ្ឋ ដែល​មក​ដើរ​កម្សាន្ត​នៅ​ផ្លូវ​ថ្មើរជើង​ចតុមុខ និង​ចូលរួម​អនុវត្ត​សេចក្តីណែនាំ​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព​។

៦. សូម​ម្ចាស់​អាជីវ​កម្មដ្ឋាន ម្ចាស់​សេវាកម្ម​ទេសចរណ៍ អាជីវករ និង​បងប្អូន​ប្រជាពលរដ្ឋ ចូលរួម​អនុវត្ត សេចក្តីណែនាំ​នេះ ដោយ​អនុលោម​តាម​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​ជា​ធរមាន​។

ទទួល​បាន​សេចក្តីណែនាំ​នេះ គ្រប់​មន្ទីរ​-​អង្គភាព​ពាក់ព័ន្ធ រដ្ឋបាល​ខណ្ឌដូនពេញ រដ្ឋបាល​សង្កាត់ ត្រូវ យកចិត្តទុកដាក់​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ ព្រមទាំង​ចូលរួម​អនុវត្ត​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ