ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជានៅតែរក្សាជំហរយ៉ាងម៉ឺងម៉ាត់ គឺមិនមានការប្រើប្រាស់ ហើយនឹងមិនប្រើប្រាស់មីនថ្មីជាដាច់ខាត

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងការពារជាតិ​បាន​ប្រកាស​នា​មុន​នេះ​ថា ៖ កម្ពុជា​នៅ​តែ​រក្សា​ជំហរ​យ៉ាង​ម៉ឺងម៉ាត់ គឺ​មិន​មានការ​ប្រើប្រាស់ ហើយនឹង​មិន​ប្រើប្រាស់​មីន​ថ្មី​ជា​ដាច់ខាត ។ ក្រសួង​ការ​ជាតិ​បាន​បញ្ជាក់​ថា ៖…

រាជធានី​ភ្នំពេញ ៖ ក្រសួងការពារជាតិ​បាន​ប្រកាស​នា​មុន​នេះ​ថា ៖ កម្ពុជា​នៅ​តែ​រក្សា​ជំហរ​យ៉ាង​ម៉ឺងម៉ាត់ គឺ​មិន​មានការ​ប្រើប្រាស់ ហើយនឹង​មិន​ប្រើប្រាស់​មីន​ថ្មី​ជា​ដាច់ខាត ។

ក្រសួង​ការ​ជាតិ​បាន​បញ្ជាក់​ថា ៖ នៅ​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០២៥ លោក​ជំទាវ ឧត្តមសេនីយ៍ឯក ម៉ា​លី សុជាតា អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រកាស​ច្រានចោល​ទាំងស្រុង​ការ​ចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​របស់​ភាគី​ថៃ​មក​លើ​កម្ពុជា ពាក់ព័ន្ធ​នឹង​ការ​រង​របួស​របស់​ទាហាន​ថៃ ដោយសារ​ការ​ផ្ទុះ​គ្រាប់​មីន នៅ​តំបន់​ប្រាសាទតាមាន់ធំ នៅ​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០២៥​។

ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ច្រានចោល​ទាំងស្រុង ចំពោះ​ការ​ចោទប្រកាន់ ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​របស់​ភាគី​ថៃ ពាក់ព័ន្ធ​នឹង​ការ​រង​របួស​របស់​ទាហាន​ថៃ ដោយសារ​ការ​ផ្ទុះ​គ្រាប់​មីន នៅ​តំបន់​ប្រាសាទតាមាន់ធំ ក្នុងស្រុក​បន្ទាយ​អំពិល ខេត្តឧត្តរមានជ័យ ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០២៥​។

កម្ពុជា​នៅ​តែ​រក្សា​ជំហរ​យ៉ាង​ម៉ឺងម៉ាត់ គឺ​មិន​មានការ​ប្រើប្រាស់ ហើយនឹង​មិន​ប្រើប្រាស់​មីន​ថ្មី​ជា​ដាច់ខាត ។ កម្ពុជា គឺជា​រដ្ឋ​ភាគី​នៃ​អនុសញ្ញា​ហាមប្រាម​ការ​ប្រើប្រាស់​មីន ប្រឆាំង​មនុស្ស ដែល​កម្ពុជា​បាន​ផ្តល់​សច្ចាប័ន​ក្នុង​ឆ្នាំ​១៩៩៩ ក៏​ត្រូវ​បាន​ទទួលស្គាល់​ជា​អន្តរជាតិ ចំពោះ​សមិទ្ធផល នៃ​ការ​បោសសម្អាត​មីន និង​មិន​មានការ​ប្រើប្រាស់​មីន​ប្រឆាំង​នឹង​មនុស្ស​នោះ​ឡើយ​។

កម្ពុជា​សូម​ធ្វើការ​គូសបញ្ជាក់​ផង​ដែរ​ថា មក​ទល់​ពេល​នេះ មិន​មានការ​ស៊ើបអង្កេត​ផ្លូវការ និង​មាន​តម្លាភាព ដើម្បី​បញ្ជាក់​ការ​ពិត​នៅឡើយ​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ។ មួយវិញទៀត កម្ពុជា​ក៏​តែងតែបាន​រំឭក​ភាគី​ថៃ​ជា​ច្រើន​លើក​ច្រើន​សារ​ថា តំបន់​ទាំងនេះ​នៅ​មាន​គ្រាប់​មីន​ដែល​ជា​សំណល់​ពី​សង្គ្រាម​ជា​ច្រើន​គ្រាប់ ហេតុ​ដូចនេះ​គ្រប់​ភាគី​ពាក់ព័ន្ធ​គួរ​ចៀសវាង ការ​ធ្វើ​សេចក្តីសន្និដ្ឋាន​ជា​សាធារណ​ណាមួយ មុន​ពេល​រក​ឃើញ​ការ​ពិត និង​ផ្តល់​យុត្តិធម៌​សម្រាប់​ទាំងអស់​គ្នា ដើម្បី​បញ្ចៀស​ការ​យល់​ច្រឡំ ឈាន​ដល់​ការ​ប្រឈម​មុខ​ដាក់​គ្នា​នាំ​ឱ្យ​មាន​ភាព​តានតឹង​កើតឡើង​សា​ជា​ថ្មី​។

កម្ពុជា​សូម​គូសបញ្ជាក់​យ៉ាង​ម៉ឺងម៉ាត់ និង​ច្បាស់លាស់​បំផុត​នូវ​ការ​ប្តេជ្ញា​ចិត្ត​ឥត​ងាករេ​របស់​ខ្លួន ក្នុង​ការ​គោរព និង​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​បទ​ឈប់​បាញ់​ដែល​បាន​សម្រេច​កាលពី​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៥ និង​គោលការណ៍​ឯកភាព​ទាំង​១៣​ចំណុច នៅ​ក្នុង​កិច្ចប្រជុំ​វិសាមញ្ញ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ​(GBC) កាលពី​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០២៥ ដែល​ចូលរួម​សង្កេតការណ៍​ដោយ​ប្រទេស​ម៉ា​ឡេ​ស៊ី សហរដ្ឋអាមេរិក និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។

កម្ពុជា​អំពាវនាវ​ឱ្យ​ភាគី​ថៃ​គោរព​នូវ​លក្ខ​ខ័​ណ្ឌ​នៃ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់ ព្រមទាំង​ស្មារតី និង​ការ​ឯកភាព​គ្នា នៅ​ក្នុង​កិច្ចប្រជុំ​វិសាមញ្ញ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​(GBC) ដែល​ថា​”​ភាគី​ទាំង​ពីរ បាន​ព្រមព្រៀង​គ្នា​រក្សា​កម្លាំងយោធា​របស់​ខ្លួន​នៅ​ក្នុង​ទីតាំង​បច្ចុប្បន្ន ដោយ​មិន​អនុញ្ញាត​ឱ្យ​ផ្លាស់​ទី​ហួស​ពី​ទីតាំង​ដែល​ខ្លួន​បាន​ឈរជើង​ក្នុង​ពេល​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​បាន​ចូល​ជា​ធរមាន​នៅ​ម៉ោង​១២ អធ្រាត្រ (​ម៉ោង​ក្នុង​តំបន់​) កាលពី​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៥ ឡើយ​។ ភាគី​ទាំង​ពីរ​មិន​ត្រូវ​ចល័ត​កងទ័ព​របស់​ខ្លួន រាប់​បញ្ចូល​ទាំង​ការ​ដើរ​ល្បាត​ទៅ​លើ​ទីតាំង​របស់​ភាគី​ម្ខាង​ទៀត​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ