ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រេង​ឆៅ​ឡើងថ្លៃ ក្រោយ​អា​មេ​រិ​ក និង​ចិន ព្រម​បន្ត​ផ្អាក​អនុវត្ត​ការ​ដំឡើង​ពន្ធ​ខ្ពស់​ដាក់​គ្នា

3 ម៉ោង មុន

បរទេស ៖ តម្លៃ​ប្រេង​ឆៅ​បាន​កើនឡើង​នៅ​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០២៥ ខណៈ​ដែល​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន​បាន​ព្រមព្រៀង​គ្នា​បន្ត​ផ្អាក​អនុវត្ត​ការ​ដំឡើង​ពន្ធ​ខ្ពស់​លើ​គ្នា ដោយ​បន្ធូរបន្ថយ​ការ​ព្រួយបារម្ភ​ថា ការ​កើនឡើង​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​នឹង​រំខាន​ដល់​សេដ្ឋកិច្ច​ប្រទេស​ទាំង​ពីរ និង​កាត់​បន្ថយ​តម្រូវការ​ប្រេងឥន្ធនៈ​ក្នុង​ប្រទេស​ប្រើប្រាស់​ប្រេង​ធំ​បំផុត​ទាំង​ពីរ​របស់​ពិភពលោក​។…

បរទេស ៖ តម្លៃ​ប្រេង​ឆៅ​បាន​កើនឡើង​នៅ​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០២៥ ខណៈ​ដែល​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន​បាន​ព្រមព្រៀង​គ្នា​បន្ត​ផ្អាក​អនុវត្ត​ការ​ដំឡើង​ពន្ធ​ខ្ពស់​លើ​គ្នា ដោយ​បន្ធូរបន្ថយ​ការ​ព្រួយបារម្ភ​ថា ការ​កើនឡើង​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​នឹង​រំខាន​ដល់​សេដ្ឋកិច្ច​ប្រទេស​ទាំង​ពីរ និង​កាត់​បន្ថយ​តម្រូវការ​ប្រេងឥន្ធនៈ​ក្នុង​ប្រទេស​ប្រើប្រាស់​ប្រេង​ធំ​បំផុត​ទាំង​ពីរ​របស់​ពិភពលោក​។

តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន Reuters បានឱ្យ​ដឹង​ថា ប្រេង​ឆៅ​នា​ពេល​អនាគត​ម៉ាក Brent បាន​កើនឡើង ១៤ សេន ឬ ០,២% នៅ​ក្នុង​តម្លៃ ៦៦,៧៧​ក្នុង​១​បារ៉ែល​គិត​ត្រឹម​ម៉ោង​២​នាទី​រសៀល ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០២៥ ស្រប​ពេល​ដែល​អនាគត​ប្រេង​ឆៅ​របស់​អា​មេ​រិ​ក West Texas Intermediate បាន​កើនឡើង ៨ សេន ឬ ០,១% នៅ​ក្នុង​តម្លៃ ៦៤,០៤​ដុល្លារ​ក្នុង​១​បារ៉ែល​។

ប្រធានាធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) បាន​ចុះហត្ថលេខា​លើ​បទបញ្ជា​ប្រតិបត្តិ​មួយ ដើម្បី​ពន្យារ​រយៈពេល​៩០​ថ្ងៃ​ទៀត សម្រាប់​ការ​អនុវត្ត​ពន្ធ​កម្រិត​ខ្ពស់​ជាមួយ​ចិន ពោល​រហូត​ដល់​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២៥ ដោយ​ផ្អាក​ការ​យក​អត្រាពន្ធ​៣​ខ្ទង់​លើ​ទំនិញ​លើ​គ្នា (១៤៥% លើ​ទំនិញ​ចិន និង ១២៥% លើ​ទំនិញ​អា​មេ​រិ​ក​) ក្រោម​កិច្ចព្រមព្រៀង​នេះ អា​មេ​រិ​ក​នឹង​រក្សា​ពន្ធ​របស់​ខ្លួន​លើ​ការ​នាំ​ចូល​ពី​ចិន​ត្រឹម​អត្រា ៣០% រីឯ​ចិន​នឹង​រក្សា​ពន្ធ ១០% លើ​ទំនិញ​នាំ​ចូល​ពី​អា​មេ​រិ​ក​។

ការ​ផ្លាស់​ប្តូរ​នេះ​បាន​បង្កើន​ក្តី​សង្ឃឹមថា កិច្ចព្រមព្រៀង​មួយ​អាច​ត្រូវ​បាន​សម្រេច​បាន​រវាង​ប្រទេស​ទាំង​ពីរ​ដែល​មាន​សេដ្ឋកិច្ច​ធំ​ជាងគេ​របស់​ពិភពលោក ខណៈ​ពន្ធគយ​ប្រថុយ​នឹង​ការ​ពន្យឺត​កំណើនសេដ្ឋកិច្ច​ពិភពលោក ដែល​អាច​កាត់​បន្ថយ​តម្រូវការ​ប្រេងឥន្ធនៈ និង​ទាញ​ទម្លាក់​តម្លៃ​ប្រេង​ឆៅ​ផង​ដែរ​។

លោកស្រី Priyanka Sachdeva អ្នកវិភាគ​ទីផ្សារ​ជាន់ខ្ពស់​នៅ​ក្រុមហ៊ុន Phillip Nova បាន​និយាយ​ថា ការ​កើនឡើង​តម្លៃ​ប្រេង​ក៏​ត្រូវ​បាន​គាំទ្រ​ដោយ​រលក​ថ្មី​នៃ​ភាព​ទន់ខ្សោយ​នៅ​ក្នុង​ទីផ្សារ​ការងារ​របស់​សហរដ្ឋអាមេរិក ដែល​បាន​ជំរុញ​ការ​រំពឹង​ទុក​សម្រាប់​ការ​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​របស់​ធានា​គារ​កណ្តាល​ប្រទេស​នេះ​នៅ​ក្នុង​ខែកញ្ញា​ផង​ដែរ ដ្បិត​ការ​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​ជា​ធម្មតា​បាន​ជំរុញ​សកម្មភាព​សេដ្ឋកិច្ច និង​តម្រូវការ​ប្រេង​។

ជំនួប​លោក ត្រាំ និង​ប្រធានាធិបតី​រុ​ស្ស៊ី លោក វ្លា​ដឺ​មៀរ ពូ​ទី​ន (Vladimir Putin) ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​រដ្ឋ​អា​ឡា​ស្កា​ថ្ងៃ​សុក្រ​ស​ប្តា​ហ៍ ដើម្បី​ពិភាក្សា​អំពី​ការ​បញ្ចប់សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​នោះ ត្រូវ​បាន​អ្នកជំនាញ​និយាយ​ថា ផ្លូវ​ការទូត​រវាង​អា​មេ​រិ​ក និង​រុ​ស្ស៊ី ស្តី​ពី​ជម្លោះ​អ៊ុយ​ក្រែ​ន​នៅ​តែ​ជា​សញ្ញា​ត្រូវ​បាន​គ្រប់​គ្នា​ផ្តោត​ខ្លាំង​ផង​ដែរ ដោយ​ពាណិជ្ជករ​ត្រួតពិនិត្យ​មើល​លទ្ធផល​នៃ​កត្តា​ភូមិសាស្ត្រ​នយោ​បាយ ដែល​អាច​រំខាន​ដល់​ការ​ផ្គត់ផ្គង់ ឬ​របប​ទណ្ឌកម្ម​។ កិច្ចប្រជុំ​នេះ​ធ្វើ​ឡើង​ស្រប​ពេល​អា​មេ​រិ​ក​បង្កើន​សម្ពាធ​លើ​រុ​ស្ស៊ី ជាមួយនឹង​ការ​គំរាមកំហែង​នៃ​ការ​ដាក់​ទណ្ឌកម្ម​កាន់តែ​ធ្ងន់ធ្ងរ​លើ​បណ្តា​ប្រទេស​ទិញ​ប្រេង​ពី​រុ​ស្ស៊ី​ដូច​ជា​ចិន និង​ឥណ្ឌា ប្រសិនបើ​គ្មាន​កិច្ចព្រមព្រៀង​សន្តិភាព​ត្រូវ​បាន​សម្រេច​នោះ​ទេ​។

លោក Daniel Hynes អ្នកជំនាញ​ពី​ធនាគារ ANZ ក៏​បាន​អះអាង​ថា កិច្ចព្រមព្រៀង​សន្តិភាព​ណាមួយ​រវាង​រុ​ស្ស៊ី និង​អ៊ុយ​ក្រែ​ន នឹង​បញ្ចប់​ហានិភ័យ​នៃ​ការ​រំខាន​ដល់​ប្រេង​ឆៅ​រុ​ស្ស៊ី ដែល​បាន​និង​កំពុង​ជួញដូរ​កក្រើក​នៅ​លើ​ទីផ្សារ​៕ ប្រភព ៖ Reuters

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ