ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​អគ្គី​ឆាបឆេះ​ផ្ទះ​លក់​គ្រឿង​ម៉ាស៊ីន​បម្រើ​ការ​ងារ​កសិកម្ម

1 ម៉ោង មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ផ្សែង​ខ្មៅ​ហុយ​ខ្មូ​ល​ខ្មាញ់​ហុយ​ត្របាញ់​ទៅ​លើ​អាកាស ចេញពីផ្ទះ​ល្វែង​លក់​គ្រឿង​ម៉ាស៊ីន និង​សម្ភារៈ​ផ្សេង​ៗ​ទៀត ជា​ច្រើន​នៅ​ជាន់​ខាងលើ ដែល​មា​នទី​តាំងនៅ​ខាងកើត​ផ្សារ​ធំ កំពង់ចាម ក្នុងភូមិ​ទី​១៣ សង្កាត់​កំពង់ចាម…

ខេត្តកំពង់ចាម ៖ ផ្សែង​ខ្មៅ​ហុយ​ខ្មូ​ល​ខ្មាញ់​ហុយ​ត្របាញ់​ទៅ​លើ​អាកាស ចេញពីផ្ទះ​ល្វែង​លក់​គ្រឿង​ម៉ាស៊ីន និង​សម្ភារៈ​ផ្សេង​ៗ​ទៀត ជា​ច្រើន​នៅ​ជាន់​ខាងលើ ដែល​មា​នទី​តាំងនៅ​ខាងកើត​ផ្សារ​ធំ កំពង់ចាម ក្នុងភូមិ​ទី​១៣ សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម ដែល​បាន​កើតឡើង​នៅ​វេលា​ម៉ោង​ជិត​៥​ល្ងាច​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០២៥ ។

អគ្គិភ័យ​នេះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អាជីវករ​លក់ដូរ ព្រមទាំង​ប្រជាពលរដ្ឋ​រាប់រយ​នាក់ ។ ប្រតិបត្តិការ​ពន្លត់ភ្លើង​នេះ ក៏​មាន​វត្តមាន​ឯកឧត្តម អ៊ុ​ន ចាន់​ដា អភិបាលខេត្ត ស្នងការ​នគរបាល​ខេត្ត មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង​កម្លាំង​សមត្ថកិច្ច​រាប់​សិប​នាក់​បន្ថែម​ទៀត ។

លោក​វរសេនីយ៍ឯក យ៉​ន ឌី​ន នាយការិយាល័យ​បង្ការ ពន្លត់ និង​អគ្គិភ័យ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​ព័ត៌មាន​អគ្គិភ័យ​ឆេះ​នៅ​ក្បែរ​ផ្សារ​ធំ ក្រុង​កំពង់ចាម ភ្លាម​ៗ​នោះ លោក​វរសេនីយ៍ឯក អុ​ឹ​ង ប៊ុ​ន អធិការ​នគរបាល​ក្រុង​កំពង់ចាម បាន​ដឹកនាំ​ឱ្យ​រថយន្ត​ពន្លត់​អគ្គិភ័យ​១​គ្រឿង ដែល​ប្រចាំការ​២៤​ម៉ោង​ចេញ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់ ។ បន្ទាប់​មក​រថយន្ត​ពន្លត់​អគ្គិភ័យ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចំនួន​៣​គ្រឿង ក៏​បាន​ចេញ​បន្តបន្ទាប់ ក្នុង​ប្រតិបត្តិការ​ពន្លត់​នេះ ក៏​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ស្រុក​កំពង់សៀម​១​គ្រឿង​បាន​មក​ជួយ​ផង​ដែរ ។

នាយការិយាល័យ​ពន្លត់​អគ្គិភ័យ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ត​ឲ្យ​ដឹង​ទៀត​ថា លោក​ឧត្តមសេនីយ៍ទោ ហេង វុ​ទ្ធី ស្នងការ​នគរបាល​ខេត្ត លោក​ឧត្តមសេនីយ៍ត្រី មិន សុគន្ធ​វិបុល ស្នងការ​រង​នគរបាល​ខេត្ត​ទទួល​ផែន​អគ្គិភ័យ បាន​ដឹកនាំ​កម្លាំង​យ៉ាង​សស្រាក់សស្រាំ បាញ់​ភ្លើង​ដែល​កំពុង​តែ​ឆេះ​ចេញ​នៅ​ជាន់​លើ នៃ​ផ្ទះ​របស់​ឈ្មោះ ជា សា​វ៉េ​ត ភេទ​ប្រុស អាយុ​៥២​ឆ្នាំ រស់នៅ​ភូមិ​ទី​១៣ សង្កាត់​កំពង់ចាម ដែល​លក់​គ្រឿង​គ្រឿង​ម៉​ស៊ី​ន​បម្រើ​ការ​ឱ្យ​ការងារ​កសិកម្ម ដូច​ជា​ម៉ាស៊ីនបូមទឹក​ជាដើម ។

ក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​សមត្ថកិច្ច​បាន​បាញ់​ទឹក​ពន្លត់​៣​មុខព្រួញ ទី​១-​បាញ់​ពីមុខ ទី​២-​បាញ់​ពីក្រោយ និង​ទី​៣-​បាញ់​ពី​ជ្រុង​ខាងត្បូង ដោយ​ត​ទុយោ​ចំនួន​៣​កង់ ហើយ​ទីតាំង​ដែល​ឆេះ​នេះ​នៅ​ជាន់​ខាងលើ ត្រូវ​បាន​សមត្ថកិច្ច​វាយ​បំបែក​កញ្ចក់​ទ្វារ ទើប​អាច​បាញ់​ទឹក​ពន្លត់ ដោយ​ប្រើ​ពេល​ប្រហែល​កន្លះ​ម៉ោង ភ្លើង​បាន​ចាប់ផ្ដើម​រលត់​បន្តិច​ម្ដង​ៗ ដោយ​ប្រើប្រាស់​ទឹក​អស់​ចំនួន​១៣​រថយន្ត ទើប​រលត់​ជា​ស្ថាពរ ។

ចំពោះ​មូលហេតុ​នៃ​ការ​ឆេះ​នេះ ត្រូវ​បាន​រក​ឃើញ​ថា បណ្ដាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី ។ ស្រប​ពេល​ដែល​មាន​អគ្គិភ័យ​ឆាបឆេះ​នេះ ត្រូវ​បាន​ឯកឧត្តម អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​ដឹកនាំ​បញ្ជា​ដោយ​ផ្ទាល់​ផង​ដែរ ក្នុង​កិច្ច​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់ភ្លើង​ដែល​ឆេះ​នេះ​រហូត​ដល់​រលត់ ។

សូម​បញ្ជាក់​ថា ពេល​អគ្គិភ័យ​កំពុង​ឆេះ​ផ្ទះ ដែល​នៅ​ក្បែរ​នោះ​មានការ​ភ័យ​ខ្លាច​ជា​ខ្លាំង ដោយ​បាន​ជញ្ជូន​របស់ទ្រព្យ​មក​ដាក់​នៅ​ក្រៅ​ផ្ទះ​កន្លែង​សុវត្ថិភាព និង​ខ្លះ​ទៀត​ជញ្ជូន​ដាក់​លើ​រថយន្ត ហាង​លក់ដូរ​សម្លៀក​បំពាក់ ខ្លះ​ច្រក​ខោអាវ​ដាក់​ក្នុង​ការុង​ដឹក​តាម​ម៉ូតូ​ទៅ​ដាក់​ផ្ទះ​សាច់ញាតិ​របស់​ខ្លួន​ឆ្ងាយ​ពី​កន្លែង​ឆេះ ។ ជាមួយ​នោះ អាជ្ញាធរ​មូលដ្ឋាន​បាន​ស្រង់​ទិន្នន័យ​នៃ​ការ​ខូចខាត​គិត​ជា​ប្រាក់​២៥ ០០០​ដុល្លារ ។

គួរ​រំលឹក​ថា នា​ពេល​កន្លង​ទៅ ទីតាំង​ផ្ទះ​ឈើ​ល្វែង​ជាប់​គ្នា​ជិត​២០​ផ្ទះ​សង់​នៅ​លើ​បឹង​កំប្លោក ក្នុង​សង្កាត់​កំពង់ចាម ក៏​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​រហូត​ដល់​ជិត​២០​ខ្នង​ផ្ទះ​ឯណោះ តែ​មក​ដល់​ពេល​នេះ ផ្ទះ​ដែល​សាងសង់​ថ្មី​ឡើង​វិញ គេ​ឃើញ​មាន​តែ​ចំនួន​៣​ទៅ​៤​ផ្ទះ​ប៉ុណ្ណោះ ។ ក្រៅពី​នេះ​ទៀត មិន​ទាន់​មានការ​សង់​ឡើង​វិញ​នៅឡើយ​ទេ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ