ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម នឹងក្លាយជាមន្ទីរពេទ្យព្យាបាល Covid-19 មួយកន្លែងទៀត នៅខេត្តកំពង់ចាម

4 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម៖ អត្រាឆ្លងនៃជំងឺកូវីដ-១៩ ​ហក់ឡើង គួរអោយព្រួយបារម្ភ ក្នុង ១ថ្ងៃ ឆ្លងចូលដល់ខ្ទង់ជិត ១០០នាក់។ ដូច្នេះហើយ បានជានៅរសៀលថ្ងៃទី២២…

ខេត្តកំពង់ចាម៖ អត្រាឆ្លងនៃជំងឺកូវីដ-១៩ ​ហក់ឡើង គួរអោយព្រួយបារម្ភ ក្នុង ១ថ្ងៃ ឆ្លងចូលដល់ខ្ទង់ជិត ១០០នាក់។ ដូច្នេះហើយ បានជានៅរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ​២០២១  ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត អមដំណើរដោយអភិបាលរងខេត្ត ព្រមទាំង​ជំនាញសុខាភិបាល អញ្ជើញចុះពិនិត្យមើលវិទ្យាល័យព្រះសីហនុ ក្នុងក្រុងកំពង់ចាម ដើម្បីប្រែក្លាយទៅជាមន្ទីរពេទ្យ សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩។

លោក ជុំ សូនី នាយកវិទ្យាល័យដីដុះ មានប្រសាសន៍ឲ្យដឹងថា ដោយសារតែកំណើនសិស្សមានការកើនឡើងរាល់ឆ្នាំ ហើយខ្វះអគារសិក្សាសម្រាប់បំពេញតម្រូវការឱ្យសិស្សានុសិស្សរៀនសូត្រ។ ជាមួយនោះ ត្រូវបានសម្ដេចតេជោសែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី បានជួយសាងសង់អគារសិក្សាពីបេតុងមួយល្វែង មានកម្ពស់ ៣ជាន់ ស្មើ ៣០បន្ទប់ ក្នុងនោះ មានបឋមចំនួន ១៥ បន្ទប់ផងដែរ។

លោក ជុំ សូនី នាយកវិទ្យាល័យដីដុះ មានប្រសាសន៍​ថា ដោយមានការណែនាំពីសំណាក់ប្រធានមន្ទីរអប់រំយុវជន និងកីឡា ក៏ដូចជាអាជ្ញាធរខេត្តរូបលោក បានដឹកនាំលោកគ្រូអ្នកគ្រូ មកបោសសំអាតទីធ្លាបរិវេណវិទ្យាល័យ ដោយធ្វើយ៉ាងណា ឲ្យរួចរាល់រហ័ស ព្រោះអាជ្ញាធរ កំពុងតែមានតម្រូវការយកអាគារសិក្សាមួយល្វែងថ្មីនេះ ធ្វើជាកន្លែង សម្រាប់ធ្វើចត្តាឡីស័ក។

ដោយលោកគ្រូអ្នកគ្រូចំនួន ៦៧នាក់ ដែលបម្រើការងារនៅក្នុងវិទ្យាល័យដីដុះ សព្វថ្ងៃនេះ ពួកគាត់ទាំងអស់គ្នា មានសុខភាពល្អ ជាធម្មតា មិនទាន់មានអ្នកណាម្នាក់ ត្រូវបានធ្វើចត្តាឡីស័ក ឬឆ្លងជំងឺកូវីតនោះទេ ព្រោះម្នាក់ៗ តែងតែសម្អាតខ្លួនប្រាណ ដោយអនុវត្តន៍ ៣កុំ ៣ការពារ ជាប់ជាប្រចាំផងដែរ។

លោក ចាន់ ផល្លី អភិបាលក្រុងកំពង់ចាម មានប្រសាសន៍ឲ្យដឹងដែរថា យោងតាមកិច្ចប្រជុំពិសេសដើម្បីទប់ស្កាត់​ការរីករាលដាលនៃកូវីដ-១៩ ដោយបានធ្វើឡើងនៅសាលាខេត្ត ជាមួយនោះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានដាក់ចេញនូវវិធានការជាច្រើនក្នុងនោះ នឹងត្រូវធ្វើការផាកពិន័យអ្នកដែលមិនព្រមពាក់ម៉ាស់។ ព្រមទាំង បានឲ្យក្រុមកម្មករសាលាក្រុងកំពង់ចាម ធ្វើការសម្អាតសាលាបឋម-វិទ្យាល័យដីដុះ ចំណែកមន្ត្រីអគ្គិសនីខេត្ត ក៏បានញាប់ដៃជើងបណ្ដាញភ្លើងអគ្គិសនី នៅតាមបន្ទប់ថ្នាក់រៀន ក្នុងអាគារថ្មី ដើម្បីត្រៀមធ្វើជាកន្លែងចត្តាឡីស័ក។

រហូតមកដល់រសៀលថ្ងៃទី២២ឧសភា ​ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងសហការី បានអញ្ជើញចុះពិនិត្យវិទ្យាល័យ​ព្រះសីហនុ ក្នុងក្រុងកំពង់ចាម ដើម្បីប្រែក្លាយជាមន្ទីរពេទ្យ សម្រាប់ព្យាបាលកូវីត-១៩ បន្ទាប់ពីសណ្ឋាគារមេគង្គកំពង់ចាម ដែលមានអ្នកជំងឺជិតពេញទៅហើយ។

សូមបញ្ជាក់ថា តាមរយៈការប្រកាសរបស់រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី២០ ឧសភា អ្នកផ្ទុកកូវីដ-១៩ រកឃើញមានចំនួន ៩៣នាក់ ថ្ងៃទី២១ឧសភា រកឃើញមានចំនួន ៨៤នាក់ ដែលកំពុងតែផ្ទុះឆ្លងនៅតាមរោងចក្រចំនួន៤ ក្នុងនោះ រួមមាន បាធាយ ជើងព្រៃ ព្រៃឈរនិងស្រុកកំពង់សៀម ដោយសារតែមើលឃើញពីកំណើនហក់ឡើងបែបនេះ ត្រូវបានអាជ្ញាធរខេត្ត រួមជាមួយជំនាញសុខាភិបាល ព្រមទាំងកម្លាំងសមត្ថកិច្ចបានដោះស្រាយនៅទីតាំងសាលាបឋម-វិទ្យាល័យដីដុះ និងវិទ្យាល័យព្រះសីហនុក្រុងកំពង់ចាម ជាកន្លែងធ្វើចត្តាឡីស័ក និងព្យាបាលកូវីដ-១៩ ជាមួយនោះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ក៏បានឲ្យអាជ្ញាធរតាមមូលដ្ឋានពង្រីកមណ្ឌលចត្តាទ្បីស័កជាច្រើនកន្លែង នៅតាមបណ្ដាស្រុកផ្សេងៗ ក្នុងខេត្តកំពង់ចាមផងដែរ៕ ចាន់ ថេត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ