ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

ភ្នំពេញ៖ ករណី​​ពុលស្រា បណ្តាល​ឲ្យ​ស្លាប់ និងដេកពេទ្យ​ ជារឿង​ដដែលៗ ក្នុងសង្គមខ្មែរយើង​។ ប៉ុន្តែ​មកដល់ពេលនេះ ករណីពុលស្រាស ស្រាថ្នាំ នៅតែបន្តកើតឡើង​ដដែល​ជាដដែល​។…

ភ្នំពេញ៖ ករណី​​ពុលស្រា បណ្តាល​ឲ្យ​ស្លាប់ និងដេកពេទ្យ​ ជារឿង​ដដែលៗ ក្នុងសង្គមខ្មែរយើង​។ ប៉ុន្តែ​មកដល់ពេលនេះ ករណីពុលស្រាស ស្រាថ្នាំ នៅតែបន្តកើតឡើង​ដដែល​ជាដដែល​។ ​ពេលនេះ ករណីពុលស្រាស ស្រាថ្នាំ បានកើតឡើង ជាថ្មីទៀត ​នៅឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល ដែលមកដល់ថ្ងៃទី១៩ឧសភា ក្រសួងសុខាភិបាល ប្រកាថា មានអ្នកស្លាប់ កើនឡើង​ដល់ ១២នាក់ និង ៩នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

​មូល​ហេតុពិតប្រាកដ ដែលនាំ​ឲ្យ​មានករណីស្លាប់ ដោយពុលស្រានេះ ក៏ត្រូវបានក្រសួងសុខាភិបាល បានប្រកាស នៅថ្ងៃទី២០ ខែឧសភាថា អ្នកភូមិ ​បានពិសាស្រាស ឬស្រាថ្នាំ ដែលមានសារជាតិ​មេតាណុលខ្ពស់។ មូលហេតុនេះ បញ្ជាក់តាមលទ្ធផល​បាន​មកពីមន្ទីរពិសោធន៍ ហើយ​នាពេលកន្លងមកមក ក៏មានករណី​ពុលស្រាស ឬស្រាថ្នាំពីពេលមុនៗជាច្រើន​ដងមកដែរ​។

ចំពោះករណីនេះ អាជ្ញាធរសមត្ថកិច្ចស្រុកល្វាឯម ក៏​បានកោះ​ហៅម្ចាស់ទីតាំងផលិតស្រា និងអ្នកលក់ស្រា មក​សួរនាំ និងធ្វើកំណត់ហេតុ ព្រម​ទាំង​បាន​ដាក់​ចេញ​​​នូវ​វិធានការ​ចាំ​បាច់មួយចំនួនទៀត។

សូមបញ្ជាក់ថា ករណីពុលស្រា នៅស្រុកល្វាឯម ខេត្តកណ្តាល ដែលស្ថិតនៅត្រើយម្ខាង ទល់មុខ​នឹង​រាជធានីភ្នំពេញ បាន​កើតឡើង ក្នុងពិធីបុណ្យសពមួយ នៅភូមិតាស្គរ ឃុំសារិកាកែវ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១​។

ដូច​ករណីជាច្រើនផ្សេងទៀតដែរ នៅ​ក្នុងពិធីបុណ្យសព អ្នកស្រុកអ្នកភូមិ តែងតែនិយម​​ទទួលទាន​ស្រា ដើម្បី​កំដរបុណ្យសព។ ប៉ុន្តែ​អាច​ដោយសារតែស្រាស ស្រាថ្នាំ ដែលផលិត​មិន​ត្រឹមត្រូវ ឬក៏លាយ​មេតាណុល នាំ​ឲ្យពុល ស្លាប់ជាបន្តបន្ទាប់កន្លងមក។​

គេនៅចាំបានថា កាលពីថ្ងៃទី៧​-៩ ខែ​មិថុនា ឆ្នាំ២០២០​​ មានករណីសង្ស័យពុលស្រាថ្នាំ នៅស្រុកមង្គលបុរី ស្រុកម៉ាឡៃ និង​នៅ​​​ក្រុងប៉ោយប៉ែត​​ ​ក្នុងខេត្ត​បន្ទាយមានជ័យ បណ្តាល​ឲ្យ​​មនុស្សយ៉ាងហោចណាស់ ៦​​នាក់ បាន​ស្លាប់ និង​ជាង ២០នាក់​ទៀត បន្តដេក​ពេទ្យ សង្គ្រោះ​បន្ទាន់​។​

កាលពីចុងខែវិច្ឆិកា និងដើមខែធ្នូ ឆ្នាំ២០២០ មានករណីពុលស្រាស និងស្រាថ្នាំ នៅ​ក្នុងស្រុក​ទឹកផុស និង​បណ្តា​ស្រុក​មួយចំនួន​ទៀត ​ក្នុង​ខេត្ត​កំពង់ឆ្នាំង ដែល​បានធ្វើ​ឲ្យមាន​អ្នកស្លាប់យ៉ាងហោចណាស់ ​ជាង​ ១០ ​នាក់​​។

ចំណែក​កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ មានករណី​​ពុល​ស្រាស នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង​។ ក្នុងចំណោម​មនុស្ស ៧២នាក់ ដែលពុលស្រាសនោះ គឺមានអ្នកស្លាប់ ១៥​នាក់ ដោយ​សារតែស្រាសនោះ មានផ្ទុកសារធាតុ​មេតាណុល ដែលមានកំហាប់ខ្ពស់​។

​ករណី​ពុល​ស្រាស​ កាលពី​ថ្ងៃ​ទី​២៤​ ខែឧសភា​ ឆ្នាំ២០១៨ ​ក៏បានកើតឡើង នៅខេត្តក្រចេះ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ចំនួន​ ១៤​នាក់ ​បាន​ស្លាប់​ និង​ជិត​ ៣០០​នាក់​ផ្សេង​ទៀត​ បាន​ធ្លាក់ខ្លួន​ឈឺ​ ព្រោះ​តែ​ស្រា​ស​ទាំង​នោះ​ ផលិត​ខុស​បច្ចេកទេស​ និង​មាន​លាយ​សារធាតុ​មេតា​ណុ​ល​កម្រិត​ខ្ពស់​។​

រីឯកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ ករណីពុលស្រាស ក៏បានកើតឡើង​នៅ​ស្រុក​សំបូរ​ ខេត្ដក្រចេះ​។​ ករណីពុល​ស្រា​​ស​នេះ​​ មានអ្នករងគ្រោះ​ ៨៩​នាក់​ ហើយ​បណ្ដាល​ឲ្យ​ ៥​នាក់ ​បាន​ស្លាប់​។​

​​មូលហេតុ​ ដែល​នាំ​មាន​ករណី​ពុល​ស្រាកើតឡើង​ទាំង​នោះ ត្រូវបានមន្ត្រីជំនាញ លើកឡើងថា ក៏​ព្រោះតែ​អ្នក​ផលិត​ស្រា និង​ពលរដ្ឋ ​ដែល​ពិសា​ ពុំ​យល់ច្បាស់​ពី​ការ​ផ្សំ​សារធាតុ​ផលិត​ ដែល​ស្របតាម​ស្តង់ដារ​។

បញ្ហា​ដដែលៗនេះ ព្រោះតែប្រជាពលរដ្ឋខ្មែរយើង ចូលចិត្ត​ពិសា​ស្រា ដែលមាន​តម្លៃថោក ហើយ​មិនដឹង​ប្រភព​ផលិត​ច្បាស់​លាស់ ប្រៀប​ដូច​ពួកគាត់​ កំពុងផឹក​​ថ្នាំពុល ​ចូលខ្លួន​ដូច្នោះដែរ​​។

នៅពេលកើតមានករណីពុលស្រាម្តងៗ ក្រសួងសុខាភិបាល ក៏បាន​សហការ​ជាមួយ​ក្រសួង​ពាក់ព័ន្ធ និងមន្ត្រី ជំនាញ ​ស្វែងរក​ប្រភព​មូលហេតុ ព្រមទាំងអប់រំ ផ្សព្វផ្សាយ​ដល់ប្រជាពលរដ្ឋ ព្រមទាំង​ហាមឃាត់​ការផលិត និងលក់ស្រា ដែលមិនមាន​ប្រភពច្បាស់លាស់​ទាំងនោះ។

​ករណីពុលស្រាសស្រាថ្នាំនេះ ដំបូងបង្អស់ និងសំខាន់ជាងគេ គឺ​អ្នកភូមិ ដែលចូលចិត្តផឹកស្រា ត្រូវបង្កើនការប្រុងប្រយ័ត្ន។ អ្នកទាំងនោះ គួរតែ​ឈប់​ផឹកស្រាស ស្រាថ្នាំ ដែលមានប្រភពមិនច្បាស់លាស់ ហើយ​បើយកលល្អស្រាអីក៏ដោយ មិនថា ថ្លៃ ឬស្រាថោក​ គួរតែឈប់​ផឹក​តែម្តង។​

តាមបុណ្យសព ក៏គួរតែប្តូរទម្លាប់ពីការជួបជុំ អង្គុយផឹកស្រា លេងបៀរ​កំដរសព មកជាការអង្គុយ​ជជែកគ្នា រំឡែកទុក្ខក្រុមគ្រួសារសព ហើយផឹកតែ ជជែកពីធម៌​​ជំនួសវិញ​។ មិនមានអ្វីចំណេញ​សោះឡើយ ការផឹកស្រា ទោះបីជាក្នុងកាលៈទេសៈណា និងពេលវេលាណា ឬក៏​កម្មវិធីណាក៏ដោយ​។

ចូរចងចាំនូវធម៌ព្រះពុទ្ធ ពីទោស​នៃការផឹកស្រាគ្រឿងស្រវឹង ដែល​នាំមកនូវវិនាស ៦ប្រការ រួមមាន​៖ វិនាសទ្រព្យ បង្កជម្លោះ កើតរោគក្នុងខ្លួន ខូចឈ្មោះ បង្ហាញកេរ្តិ៍ខ្មាស់ទាំងរស់ និងបាត់បង់​បញ្ញា។

ក្នុងសម័យកាលបច្ចុប្បន្ននេះ ការផឹកស្រា ក៏នាំ​ឲ្យពុល​ស្លាប់ ហើយ​ក៏អាច​ជួប​គ្រោះថ្នាក់ចរាចរណ៍ បើសិនជាស្រវឹង ហើយបើកបរ​យានយន្ត​៕