ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ កម្មការិនី​រោងចក្រ ឃែ​ន​ធើ​រេ​ន អឹ​ភែ​រឹល ខេ​ម​បូ​ឌា ធ្វើ​បាតុកម្ម​បិទផ្លូវ​វ៉េ​ង​ស្រេង​ជាង​១​ម៉ោង

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖ ​កម្មករ-​កម្មការិនី​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​យីហោ​«​ឃែ​ន​ធើ​រេ​ន អឹ​ភែ​រឹល ខេ​ម​បូ​ឌា​» ដែល​មាន​ទីតាំង​

​រាជធានី​ភ្នំពេញ​ ៖ ​កម្មករ-​កម្មការិនី​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​យីហោ​«​ឃែ​ន​ធើ​រេ​ន អឹ​ភែ​រឹល ខេ​ម​បូ​ឌា​» ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ថ្លឹង​ទី​៣ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ បាន​ស្នើរ​សុំ​ឲ្យ​ថៅកែ​បើកប្រាក់​ឈ្នួល​ជូន ​។ ​ប៉ុន្តែ​ដោយសារ​តែ​ថៅកែ​មិន​អើពើ ទើប​នៅ​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០២១ កម្មករ​ទាំងនោះ​បាន​លើកគ្នា​ឈរ​បិទផ្លូវ​វ៉េ​ង​ស្រេង​បង្ក​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍​ជាង​១​ម៉ោង ។​រហូត​ដល់​មានការ​សម្របសម្រួល​ពី​សំណាក់​អភិបាលរង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​២​រូប​ទើប​ពួក​គាត់​ព្រម​ដកថយ​វិល​ចូល​រោងចក្រ​រង់ចាំ​ការ​ដោះស្រាយ​ជា​ក្រោយ​។

កម្មករ​បាន​និយាយ​ថា រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​យីហោ​«​ឃែ​ន​ធើ​រេ​ន អឹ​ភែ​រឹល ខេ​ម​បូ​ឌា​»​នេះ​មាន​កម្មករ កម្មការិនី​បម្រើ​ការងារ​សរុប​ចំនួន​ជាង​៥០០​នាក់ ហើយ​នេះ​គឺជា​លើក​ទី​២​ហើយ​ដែល​ពួក​គាត់​ធ្វើ​បាតុកម្ម​ដោយ​នាំ​គ្នា​បិទផ្លូវ​បែប​នេះ ។ ​ដែល​កាលពី​ប៉ុន្មាន​ខែ​មុន​បាន​កើតឡើង​ម្ដង​រួច​មក​ហើយ ដោយឡែក​នៅ​ពេល​នេះ​កើតឡើង​ម្ដងទៀត ហើយ​មូលហេតុ​ដែល​ពួក​គាត់​ធ្វើ​បាតុកម្ម​នេះ​គឺ​ដើម្បី​ទាមទារ​ឲ្យ​ថៅកែ​បើកប្រាក់​ឈ្នួល​ឲ្យ​ពួក​គាត់​។

តាម​ប្រភព​ដដែល​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ពួក​គាត់​ទាមទារ​ប្រាក់​ឈ្នួល​នៅ​ក្នុង​ខែមេសា ឆ្នាំ​២០២១ ដោយ​ខណៈនោះ​ពួក​គាត់​ធ្វើការ​បាន​ជិត​២០​ថ្ងៃ​ទៅ​ហើយ​ ស្រាប់តែ​មានការ​ផ្ទុះ​ឡើង​ខ្លាំង​នូវ​ជម្ងឺ​COVID-19 ហើយ​រោងចក្រ​ក៏​ត្រូវ​បាន​ផ្អាក​ដំណើរការ​ជា​បណ្ដោះ​អាសន្ន​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជម្ងឺ​នេះ ។​ ប៉ុន្តែ​តាម​ច្បាប់​ការងារ​ពួក​គាត់​ត្រូវ​ទទួល​បាន​ប្រាក់​ឈ្នួល ផ្ទុយ​ទៅ​វិញ​រហូត​មក​ដល់​ពេល​នេះ​នៅ​ពុំ​ទាន់​បាន​ប្រាក់​ឈ្នួល​ក្នុង​ខែមេសា​នេះ​នៅឡើយ ខណៈ​ដែល​ពួក​គាត់​កំពុង​ត្រូវការ​ប្រាក់​ចាយវាយ​ផ្សេង​ៗ​ជា​ចា​បាច់​បំផុត ។​ដោយសារ​តែ​បែប​នេះ​ទើប​ពួក​គាត់​ធ្វើការ​ស្នើរ​សុំ​ឲ្យ​ថៅកែ​ជួយ​បើកប្រាក់​ឲ្យ ប៉ុន្តែ​មិន​បាន​ដូច​បំណង ទើប​ពួក​គាត់​សម្រេច​នាំ​គ្នា​ធ្វើ​បាតុកម្ម​បិទផ្លូវ​ទាំង​បង្ខំចិត្ត​ដើម្បី​ព​ន្លឿ​ន​ឲ្យ​មានការ​ការ​ដោះស្រាយ​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​ដំបូង​កម្មករ កម្មការិនី​ខាងលើ​បាន​បិទផ្លូវ​តែ​ក្នុង​គន្លង​ផ្លូវ​ខាង​ទិស​ដៅ​ចេញពី​រាជធានី​ភ្នំពេញ ដែល​បាន​បង្ក​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍​តែ​ម្ខាង​ប៉ុណ្ណោះ ។​ លុះ​ក្រោយមក​ក៏​ឈាន​ទៅ​បិទ​គន្លង​ផ្លូវ​ចូល​រាជធានី​ភ្នំពេញ​ម្ខាង​ទៀត ទើប​បង្ក​ឲ្យ​មានការ​កកស្ទះ​ទាំង​សងខាង​រយៈពេល​ជាង​១​ម៉ោង ហើយ​ពេល​នោះ​មាន​អភិបាលរង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​២​រូប​ចុះ​ទៅ​ធ្វើការ​សម្របសម្រួល​ជាមួយ​កម្មករ ទើប​ក្រុម​កម្មករ​ព្រម​ដកថយ​ចូល​រោងចក្រ​វិញ​រង់ចាំ​ការ​ដោះស្រាយ ហើយ​ចរាចរណ៍​បាន​ដំណើរការ​រលូន​ឡើង​វិញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ