រាជធានីភ្នំពេញ ៖ តារាកំប្លែងជើងចាស់ ណយ សំណាង បានទទួលនូវថវិកា និងសម្ភារៈមួយចំនួន ពីបណ្តាសប្បុរជន ក៏ដូចជាសមាគមសិល្បករខ្មែរ ខណៈដែលតារាជើងចាស់រូបនេះកំពុងតែប្រឈមមុខនឹងភាពខ្វះខាត ហើយកម្លាំងពលកម្មនៃការបម្រើសិល្បៈក៏កាន់តែថបថយពីមួយថ្ងៃទៅមួយថ្ងៃ ដែលស្ទើរតែជួបភាពខ្វះខាតម្តងម្កាលទៅហើយ ។
ពីធីប្រគល់ និងទទួលអំណោយ និងសម្ភារៈប្រើប្រាស់មួយចំនួននេះ បានធ្វើឡើងក្នុងបរិវេណកុដិលេខ២៤ នៃវត្តនាគវ័ន កាលពីព្រឹកថ្ងៃទី២ វិច្ឆិកា ២០១៥ ដោយមានវត្តមានចូលរួមនាឱកាសនោះរួមមាន សមាគមសិល្បករខ្មែរ, នាយឃ្លោក, ព្រះគ្រូ នាគមុនី សត្ថាសុខុមោនី សុវណ្ណ មុនីរ៉េត ទីប្រឹក្សាសម្តេចសង្ឃ នន្ឋ ង៉ែត, លោក កុយ ស៊ីឌឿន, លោក អ៊ឹម ជីវ៉ា, លោកសោភ័ណ្ឌ តន្ត្រី, អ្នកស្រី ថុង ស៊ីវទៀង ចាងហ្វាងផលិតកម្មចក្រវាឡពេជ្រ, លោកឧកញ៉ា ប៉ែន នួន អគ្គនាយកក្រុមហ៊ុន CKA ចំរើនកសិឧស្សាហកម្ម និងអភិវឌ្ឍកម្ពុជា, លោក ឱក បូនី, លោក មាស សារីទ្ឋ និងអ្នកនាង ស៊ុន ណារីម៉ូនីកា … ។
ព្រះអង្គ នូ សុវណ្ណ មុនីរ៉េត គង់នៅកុដលេខ២៤ បានមានសង្ឃដីកាថា ព្រះអង្គតែងតែគោរពស្រឡាញ់តារាជើងចាស់ ព្រោះពួកគាត់មានស្នាដៃ និងសមត្ថភាពធ្វើឲ្យមហាជនបានស្គាល់សប្បាយរីករាយ ។ ជាមួយនឹងវិស័យព្រះពុទ្ឋសាសនា យើងនៅតែផ្សារភ្ជាប់ជាមួយសិល្បៈដោយរួមសុខទុក្ខ ជួយចែករំលែកការលំបាកជូនសិល្បករជើងចាស់ដូចជាលោកយាយ ណាង ដែលបានជួបទុក្ខលំបាកផ្នែកជីវភាពនៅពេលនេះអ៊ីចឹង ។ ឃើញជាក់ស្តែងថាលោកយាយ ណាង ពិតជាថយកម្លាំង មិនមានឱកាសទៅសម្តែងរកប្រាក់នៅខាងក្រៅដូចមុនច្រើន ព្រោះវ័យចាស់ អាយុកាន់តែច្រើន ទើបយើងជួយខ្លះតាមទឹកចិត្ត ។
លោក ប៉ែន នួន អគ្គនាយកក្រុមហ៊ុន CKA ចំរើនកសិឧស្សាហកម្ម និងអភិវឌ្ឍកម្ពុជា បានឲ្យដឹងដែរថា លោកយាយ ណាង គាត់មានអាការៈឈឺជំងឺច្រើននៅពេលចាស់ទៅ ។ លោកយាយនៅតែខ្វះខាតជីវភាព មានចៅច្រើននាក់ត្រូវមើលថែ ដូច្នេះការជួយគ្នាជាវប្បធម៌ចែករំលែក និងសម្រាលទុក្ខបានមួយអន្លើ ។ លោកក៏បានទទួចឲ្យសិល្បករ និងក្មេងៗជំនាន់ក្រោយ គួរចេះគិតគូរពីផ្នែកសិល្បៈឲ្យបានច្រើន កុំចម្លងអរិយធម៌ពីគេខ្លាំងពេក ហើយយករបស់គេមកអនុវត្តធ្វើឲ្យបាត់បង់ទំនៀមទម្លាប់របស់ជាតិយើងដែលមានផូរផង់យូរមកហើយ ។ លោកស្រឡាញ់សិល្បៈដែលជាព្រលឹងជាតិ សូមបងប្អូនសិល្បករយើងជួយលើកកម្ពស់វិស័យនេះឲ្យប្រសើរឡើង ។ ដោយមើលឃើញថា សមាគមសិល្បករខ្មែរមានសកម្មភាព លោកបានជួយឧបត្ថម្ភក្នុងមួយឆ្នាំ៦០០០ដុល្លារ ក្នុងន័យប្រើការសកម្មភាពមនុស្សធម៌ផ្សេងៗតាមលទ្ធភាពជាក់ស្តែង ។
លោកយាយ ណយ សំណាង ដែលមានវ័យ៧២ឆ្នាំ បានថ្លែងទាំងអារម្មណ៍រំភើប និងសំឡេងខ្សាវៗថា លោកយាយមានជំងឺច្រើនមុខណាស់តាំងពីបេះដូង លើសឈាម ខ្វះជាតិស្ករ ឈឺក្បាល ហត់ អស់កម្លាំងយូរមកហើយ ។ អាជីពសិល្បៈពេលនេះខើចណាស់ ព្រោះកម្លាំងមិនអំណោយផល ចេះតែឈឺជាប្រចាំ ខុសពីមុនមិនអាចដើរវែងឆ្ងាយបាន ចេះតែឈឺក្បាលជង្គង់ ទើបបាត់បង់ឱកាសរកលុយ ។
លោកយាយនិយាយទាំងហួសចិត្តថា មានគេឲ្យថតរឿងបានម្តង១០០ដុលា្លរដែរ តែទៅមិនបានស្តាយ ព្រោះឈឺពេក ។ ក្រៅពីនេះលេងកំប្លែង២អាទិត្យបានម្តង ខ្លះទៅគេហៅឡើងប៉ុស្តិ៍ ចេះតែបានគ្រាន់តែមើលចៅដល់ទៅ៧នាក់ (ប្រុស៥នាក់) ទើបលុយចេញរហូត ។ លោកយាយប្រាថ្នាថាចង់បានផ្ទះផ្ទាល់ខ្លួនមិនធំពេកទេ ត្រឹមតែ៤ម៉ែត្រ៤ជ្រុងក៏បាន ប៉ុន្តែសំណាងរបស់លោកយាយចង់ហួសពេលទៅហើយ បើរំពឹងលើកម្លាំងពេលនេះនោះ ។
ជាចុងបញ្ចប់ តារាកំប្លែងជើងចាស់ ណយ សំណាង ក៏បានថ្លែងអំណរគុណដល់សប្បុរជនទាំងអស់ដែលបានជួយឧបត្ថម្ភនាពេលនេះ និងសូមឲ្យមានក្តីសុខជារៀងរហូត ៕
ចែករំលែកព័តមាននេះ