រាជធានីភ្នំពេញ ៖ ប្រមាណជា ១ខែកន្លងមកនេះ ការផ្សាយពាណិជ្ជកម្មនានា លើវីដេអូក្នុងបណ្ដាញយូធូប (YouTube) នៅក្នុងប្រទេសកម្ពុជា ត្រូវបានបិទទាំងអស់ ដែលអនុញ្ញាតឲ្យអ្នកនៅក្នុងប្រទេសកម្ពុជាទស្សនា បានតែវីដេអូ ប៉ុណ្ណោះ ។ គ្មានការផ្សាយពាណិជ្ជកម្ម បានន័យថា អ្នកផលិតមាតិកាវីដេអូ មិនទទួលបានចំណូលអ្វីទាំងអស់ ។ ដូច្នេះហើយ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា បានទាក់ទងទៅតំណាង យូធូប ដើម្បីឲ្យក្រុមហ៊ុនធ្វើការបំភ្លឺ និងជំរុញអោយមានដោះស្រាយ ឆាប់រហ័ស ពាក់ព័ន្ធបញ្ហានេះ ។
នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្ដីប្រកាសព័ត៌មាន អោយដឹងថា មិនមែននៅប្រទេសកម្ពុជាតែមួយនោះទេ គឺមានប្រទេសជាង៩០ទៀត ក៏បិទការផ្សាយពាណិជ្ជកម្មដូចគ្នាដែរ ដោយហេតុថា ក្រុមហ៊ុន យូធូប កំពុងកែសម្រួលគោលការណ៍ផ្សាយពាណិជ្ជកម្ម ដើម្បីធ្វើឲ្យមាតិកាវីដេអូ កាន់តែល្អប្រសើរ និងតម្រូវឲ្យអ្នកផលិតមាតិកាវីដេអូបំពេញតាមលក្ខខណ្ឌ «កម្មវិធីភាពជាដៃគូ» (YouTube Partner Program) នៅក្នុងប្រទេសដែលជាដៃគូ ទើបអាចរកចំណូលពីការផ្សាយពាណិជ្ជកម្មបាន ។
ក្នុងចំណោមប្រទេសទាំងជាង៩០ ការផ្សាយពាណិជ្ជកម្មលើថ្នាលវីដេអូ យូធូប នឹងត្រូវផ្តល់ជូនជាបន្តបន្ទាប់ តាមរយៈការទទួលបាន «កម្មវិធីភាពជាដៃគូ» ។ តាមការពិនិត្យជាបឋមរបស់អ្នកតំណាង យូធូប ទីផ្សារកម្ពុជា មានលក្ខណសម្បត្តិល្អៗជាច្រើន ក្នុងការទទួលបាន «កម្មវិធីភាពជាដៃគូ» ពី យូធូប ដែលការសម្រេចនេះ ត្រូវការពេលវេលាក្នុងការរៀបចំ និងចូលរួមសហការពីអ្នកផលិតមាតិកា ស្របតាមគោលការណ៍ និងលក្ខខណ្ឌកំណត់ដោយ យូធូប ផងដែរ ។
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សូមលើកទឹកចិត្តឲ្យមានការផលិតមាតិកាល្អៗ ដោយគោរពតាមគោលការណ៍កម្មសិទ្ធិបញ្ញា ប្រកបដោយគុណភាព គំនិតច្នៃប្រឌិត និងវិជ្ជាជីវៈ ដើម្បីផ្តល់អត្ថប្រយោជន៍ និងពុទ្ធិដល់សាធារណជន ។ ទន្ទឹមនឹងនេះ ក្រសួងនឹងបន្តពិភាក្សាជាមួយ យូធូប ក្នុងការដោះស្រាយកិច្ចការនេះ ឲ្យបានឆាប់រហ័ស ។ ទាំងនេះ ជាក្តីសង្ឃឹមរបស់អ្នកផលិតមាតិកាវីដេអូ នៅក្នុងប្រទេសកម្ពុជា អាចនឹងរកចំណូលពីបណ្ដាញយូធូបឡើងវិញ ឆាប់ៗនេះ ៕

ចែករំលែកព័តមាននេះ