ខេត្តកំពត ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា សត្វគោ មានទាំងកូន ទាំងមេចំនួន៣ក្បាលត្រូវបានរន្ទះបាញ់ងា.ប់ដេករណូករណែលនៅលើវាលស្រែ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ នៅលើវាលស្រែក្បែភូមិចម្លងជ្រៃ ឃុំស្ដេចគង់ខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។
លោក គឹម ខេង ប្រធានឃុំស្ដេចគង់ខាងលិច បាននិយាយប្រាប់អោយដឹងថា គោមេ១ក្បាល និងកូនគោចំនួន២ក្បាល សរុបគឺចំនួន៣ក្បាល ត្រូវបានម្ចាស់គោឈ្មោះ តុប យ៉ន នៅភូមិចម្លងជ្រៃ ដឹកយកទៅចងអោយស៊ីស្មៅនៅខាងត្បូងផ្ទះប្រហែល១គីឡូដី ក៏ស្រាប់តែត្រូវបានរន្ទះបាញ់ងា.ប់នៅកណ្ដាលវាលស្រែតែម្តង។
លោកមេឃុំនិយាយថា បន្ទាប់ពីម្ចាស់គោយកទៅចងនៅវាលស្រែ ហើយក៏បានដើរមកផ្ទះវិញ ក្រោយមកក៏ចាប់ផ្តើមមានភ្លៀងធ្លាក់លាយឡំជាមួយនឹងផ្គររន្ទះផង គួរអោយភ័យខ្លាច ចំណែកម្ចាស់គោក៏មិនបានដឹងថា រន្ទះបាញ់គោងា.ប់រហូតដល់៣ក្បាលនោះទេ។ លុះពេលមេឃរាំងភ្លៀង ក៏ស្រាប់តែអ្នកភូមិភ្ញាក់ផ្អើល ដោយឃើញគោងា.ប់រណូករណែលនៅក្នុងស្រែ ទើបម្នាក់ៗឆោឡោនាំគ្នារត់ទៅសំដៅកន្លែងកើតហែតុតែម្តង។
ទោះជាបែបណា ម្ចាស់គោបានពឹងផ្អែកឱ្យអ្នកភូមិជួយយកគោយន្តមកដឹកខ្មោចគោយកមកផ្ទះ ដើម្បីចាត់ចែងលក់សាច់ កុំអោយខាតបង់ច្រើនពេក។
លោក ប៉ោ វី អភិបាលរងស្រុកបន្ទាយមាស ក៏បាននិយាយប្រាប់អោយដឹងកាលពីថ្ងៃអាទិត្យនេះដែរថា គោចំនួន៣ក្បាលត្រូវបានរន្ទះបាញ់ងា.ប់ និងពលរដ្ឋម្នាក់ឈ្មោះ សាំង ធី អាយុ៤៩ឆ្នាំក៏ត្រូវបានស្លា.ប់ដោយសារតែរន្ទះបាញ់ ព្រមទាំងពលរដ្ឋ២នាក់ទៀតក៏ត្រូវបានរងរបួសដោយរន្ទះបាញ់នេះផងដែរ។ លោក ប៉ោ វី អភិបាលរងស្រុក បានប្រាប់អោយដឹងទៀតថា ជនរងគ្រោះស្លា.ប់ដោយសារតែគ្រោះធម្មជាតិនេះ ត្រូវបានអនុសាខាកាកបាទក្រហមស្រុក បានឧបត្ថម្ភដល់គ្រួសារស.ពរួចមកហើយ។
ចែករំលែកព័តមាននេះ