ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លក់អាកុល ក្លែងក្លាយដូចជំរុញឱ្យពលរដ្ឋកើតជំងឺកូវីដ ១៩

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នៅកំលុងពេលជំងឺកូវីដ ១៩ រាតត្បាតនេះសមត្ថកិច្ចជំនាញបានបង្ក្រាបអាល់កុលក្លែងក្លាយ ឬមេតាណុលមិនតិចជាង ៣០ តោននោះទេ ជាក់ស្តែងកាលពីពេលកន្លងទៅថ្មីៗនេះ ពិសេសនៅពេលភ្នំពេញដែលកំពុងវឹកវរដោយសារជំងឺកូវីដ…

រាជធានីភ្នំពេញ ៖ នៅកំលុងពេលជំងឺកូវីដ ១៩ រាតត្បាតនេះសមត្ថកិច្ចជំនាញបានបង្ក្រាបអាល់កុលក្លែងក្លាយ ឬមេតាណុលមិនតិចជាង ៣០ តោននោះទេ ជាក់ស្តែងកាលពីពេលកន្លងទៅថ្មីៗនេះ ពិសេសនៅពេលភ្នំពេញដែលកំពុងវឹកវរដោយសារជំងឺកូវីដ ១៩ ហើយពលរដ្ឋមានតម្រូវការអាកុលច្រើន លាងសម្អាតដៃ ដើម្បីសម្លាប់មេរោគកូវីដ ១៩ នោះ អាកុលក្លែងក្លាយជាង ១២ តោននៅទីតាំងស្តុកទុកមួយកន្លែងស្ថិតក្នុងភូមិសាស្ត្រខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កណ្តាលក្រុងភ្នំពេញត្រូវបានសមត្ថកិច្ចរកឃើញ ។ 

អាកុលជាវត្ថុងសំខាន់ដែលពលរដ្ឋប្រើប្រាស់ដើម្បីការពារខ្លួនកុំឲ្យឆ្លងជំងឺកូវីដ ១៩ ។ ពលរដ្ឋទិញអាកុលដាក់តាមខ្លួនដើម្បីបាញ់ លាងសម្អាតដៃ និងបាញ់លើរបស់របរដែលខ្លួនទិញពីផ្សារ ។ អាកុល ត្រូវបានដាក់នៅតាមទីកន្លែងលក់ដូរ កន្លែងធ្វើការ និងសេវាកម្មនានា ដើម្បីឲ្យពលរដ្ឋសម្លាប់មេរោគទំាងមុន និងក្រោយពេលចេញចូលកន្លែងទំាងនោះ ។ ពលរដ្ឋគ្រប់មជ្ឈមដ្ឋានមានទំនុកចិត្តនិងជឿជាក់ ក្រោយពីបានប្រើប្រាស់អាកុលហើយ ថាខ្លួនបានសម្លាប់មេរោគកូវីដ ១៩ ហើយ ដូច្នេះពួកគាត់អាចយកដៃប៉ះមុខ ប៉ះមាត់ ឬចាប់កាន់អ្វីផ្សេងទៀតបាន ។ សកម្មភាពទំាងអស់នេះជាមូលហេតុនៃការបំបាត់ការឆ្លងជំងឺកូវីដ ១៩ ។ ចុះបើពួកគាត់បាញ់អាកុលក្លែងក្លាយ ហើយបានប៉ះពាល់មេរោគកីវីដ ១៩ នោះ តើមេរោគនេះនឹងចម្លងទៅមនុស្សប៉ុន្មានអ្នកទៀត ។ 

ឆ្លើយសំណួរខាងលើនេះនាំឲ្យគេសន្និដ្ឋានថា អ្នកលក់ អ្នកជួញដូរ អាកុលក្លែងក្លាយ ហាក់ដូចបានចូលរួមជំរុញឲ្យពលរដ្ឋកើត និងឆ្លងកូវីដ ១៩ ដើម្បីតែខ្លួនបានប្រាក់ចំណេញ ។ បរិមាណអាកុលក្លែងក្លាយខាងលើ ជាចំនួនដែលសមត្ថកិច្ចរកឃើញ ចាប់បាន ចុះចាប់មិនបាន រកមិនឃើញតើពលរដ្ឋប៉ុន្មានអ្នកបានប្រើប្រាស់អាកុលក្លែងក្លាយនោះ ។

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) នៃក្រសួងពាណិជ្ជកម្ម នៅក្នុងការបង្ក្រាបអាកុល ក្លែងប្រមាណ ១២ តោនកាលពីពេលថ្មីៗនេះអះអាងថា មេតាណុល គឺសារធាតុគីមី ដែលគេច្រើនប្រើធ្វើជាសារធាតុសម្រាប់ប្រើប្រាស់ក្នុងវិស័យឧស្សាហកម្ម ឬសំណង់ ។ សារធាតុមេតាណុល មិនមានប្រសិទ្ធភាពក្នុងការសម្លាប់មេរោគកូវីដ-១៩ នោះទេ មិនតែប៉ុណ្ណោះការប្រើមេតាណុលសម្រាប់លាងដៃសម្រាប់សម្លាប់មេរោគកូវីដ-១៩ អាចនឹងបណ្តាលឱ្យប៉ះពាល់ដល់សុខភាពរបស់អ្នកប្រើ ដូចជាបណ្តាលឱ្យរលាកស្បែក រលាកភ្នែក ឈឺក្បាល វិលមុខ ស្រវាំងភ្នែក ងងុយដេក បាត់បង់ស្មារតី ក្អួតចង្អោរ រំខានដល់ការរំលាយអាហារ ឬអាចបណ្តាលឱ្យស្លាប់បានប្រសិនបើយកទៅលាយជាមួយស្រា ហើយបរិភោគលើសកម្រិត ។

អង្គភាពជំនាញខាងលើបានអំពាវនាវដល់អាជីវករលក់ដុំ លក់រាយ ម្ចាស់ឱសថស្ថាន ម្ចាស់ផ្សារទំនើប និងអ្នកនាំចូលផលិតផលអាល់កុលទាំងអស់ សូមកុំយកសារធាតុមេតាណុលបន្លំជាអាល់កុលលក់ជូនប្រជាពលរដ្ឋ ព្រោះសកម្មភាពនេះ មិនត្រឹមតែមិនអាចទប់ស្កាត់ការចម្លងមេរោគ ឬបង្កផលប៉ះពាល់ដល់សុខភាពអ្នកប្រើប៉ុណ្ណោះទេ ថែមទាំងប្រឈមចំពោះមុខច្បាប់ដល់ខ្លួនថែមទៀតផង ។ 

«សូមបងប្អូនប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ទាំងអស់ប្រុងប្រយ័ត្ន មុននិងទិញអាល់កុល ឬជែល យកមកប្រើប្រាស់ក្នុងគោលបំណងសម្លាប់មេរោគ សូមពិនិត្យ និងជ្រើសរើសផលិតផលដែលមានស្លាកសញ្ញា និងប្រភពត្រឹមត្រូវ ច្បាស់លាស់ ។ ប្រសិនបើបងប្អូនប្រជាពលរដ្ឋមានការសង្ស័យជាយថាហេតុ ពាក់ព័ន្ធនឹងគុណភាពអាល់កុល ឬមានព័ត៌មានពីការស្តុកទុក ការចរាចរ ឬចែកចាយអាល់កុលក្លែងក្លាយ សូមផ្តល់ព័ត៌មានមកអគ្គនាយកដ្ឋាន ក.ប.ប. តាមរយៈលេខទូរស័ព្ទ 023 231856 / 092 830856 ផេកហ្វេសប៊ុកផ្លូវការរបស់អគ្គនាយកដ្ឋាន» នេះជាការអំពាវនាវរបស់ស្ថានប័នជំនាញ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) នៃក្រសួងពាណិជ្ជកម្ម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ