ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

ភ្នំពេញ៖ ម្ចាស់ផ្ទះ​ បានឡាយបង្ហោះវីដេអូ​​លើ​បណ្តាញសង្គម​​ពី​ករណីចោរចូលគាស់ផ្ទះ​របស់គាត់ ដែល​ត្រូវចាក់សោឃ្លុំបេ ហើយ​ទុកចោល។ មូលហេតុ​​ម្ចាស់ផ្ទះ និង​សមាជិកគ្រួសារ ​​សរុប​​ចំនួន ​៧នាក់ ត្រូវបាន​រកឃើញ​វិជ្ជមានកូវីដ​១៩…

ភ្នំពេញ៖ ម្ចាស់ផ្ទះ​ បានឡាយបង្ហោះវីដេអូ​​លើ​បណ្តាញសង្គម​​ពី​ករណីចោរចូលគាស់ផ្ទះ​របស់គាត់ ដែល​ត្រូវចាក់សោឃ្លុំបេ ហើយ​ទុកចោល។ មូលហេតុ​​ម្ចាស់ផ្ទះ និង​សមាជិកគ្រួសារ ​​សរុប​​ចំនួន ​៧នាក់ ត្រូវបាន​រកឃើញ​វិជ្ជមានកូវីដ​១៩ ​និង​ត្រូវបាន​បញ្ជូនទៅព្យាបាល នៅ​មណ្ឌលម៉ូដែន២ ក្នុងសង្កាត់ចាក់អង្រែ ក្នុង​ខណ្ឌមានជ័យ រាជធានីភ្នំពេញ។​

ផ្ទះ ដែលចោរចូលគាស់យកទ្រព្យសម្បត្តិ រហូតដល់ ៥០ម៉ឺនដុល្លារនោះ ជាផ្ទះរបស់ស្ត្រីឈ្មោះ មករា មុំ អាយុ​ ៣២​ឆ្នាំ ដែល​ជា​តំណាងចែកចាយ​ធំ​ក្រុមហ៊ុន DW សាខាបឹងសាឡាង លក់ដុំ និងរាយ​ឡេមុខ និងឡេខ្លួន នាំចូលពីប្រទេស​ថៃ និង​កូរ៉េ។ ផ្ទះ ដែលចោរលួចគាស់នោះ នៅផ្ទះ​លេខ​៣៥B​ ផ្លូវ​លេខ​២២៨ សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជុំវិញករណីនេះ កាលពីវេលាម៉ោង ​​១០ និង ​​​៥០នាទីព្រឹក ថ្ងៃទី​​​​​១២ ឧសភា ឆ្នាំ​២០២១ សមត្ថកិច្ចនគរបាលនៃស្នងការ​រាជធានីភ្នំពេញ និងនគរបាលប៉ុស្តិ៍​ខណ្ឌទួលគោក បានចុះមកស្រាវជ្រាវ ទៅដល់ផ្ទះរងគ្រោះ​។ តែសមត្ថកិច្ច មិនអាចចូលក្នុង​ផ្ទះបានទេ ដោយសារតែត្រូវឃ្លុំ​ បិទ​ដោយសារតែម្ចាស់ផ្ទះ ឆ្លងកូវីដ១៩​។

យ៉ាងណាក៏ដោយ តាម​ការឡាយវីដេអូលើបណ្តាញសង្គម​ ស្ត្រី​ជាម្ចាស់ផ្ទះ បានយំរៀបរាប់ទាំង​ទួញសោក ដោយ​អះអាង​ថា ​ទ្រព្យសម្បត្តិ​ ដែលត្រូវចោរគាស់ផ្ទះយកទៅនោះ គឺលុយ ​ដែល​ដាក់ក្នុងទូដែកអស់ប្រមាណជា ​​៥០ម៉ឺន​ដុល្លារ ហើយចោរ បាន​គេចខ្លួនបាត់។​

ហេតុការណ៍ចោរគាស់ផ្ទះនេះ ត្រូវបាន​បងស្រី​របស់​ម្ចាស់​​​ផ្ទះរងគ្រោះ ​ឱ្យ​ដឹង​ថា រហូតដល់ទៀបភ្លឺ​ថ្ងៃទី​១១ ខែ​ឧសភា ទើបដឹង ខណៈពេលដែល​អ្នកហាត់ប្រាណ ធ្វើដំណើរ​ឆ្លងកាត់​ ក៏ស្រាប់តែឃើញ​ផ្ទះ​ខាងលើ បើកទ្វារចំហរ​ ហើយបាន​រាយការណ៍​ទៅម្ចាស់​ផ្ទះ និង​បង្ក​ឱ្យមានការ​​ភ្ញាក់​ផ្អើលកើតឡើងតែម្តង។​​ ទោះបីយ៉ាងណា ​ស្ត្រីជាម្ចាស់ផ្ទះ​ មិនអាចមកផ្ទះបានឡើយ​ ដោយសារគាត់ កំពុងសម្រាកព្យាបាល​ជំងឺកូវីដ​។

ជុំវិញករណីនេះ អាជ្ញាធរសមត្ថកិច្ច កំពុងស្រាវជ្រាវនៅឡើយ។ តែបើ​ជាករណីពិតមែននោះ គួរជារឿងសង្វេគមួយ ដែលមិនគួរកើតឡើងទាល់តែសោះ​។ ម្ចាស់ផ្ទះមួយគ្រួសារ ឆ្លងកូវីដទៅហើយ ថែមទាំង​មកជួបករណីចោរចូលគាស់ផ្ទះ លួចយកលុយរហូតដល់ ៥០ម៉ឺនដុល្លារ​ថែមទៀត​។

ករណីនេះទៀត ក៏ត្រូវបានអ្នកតាមដាន​បណ្តាញ​សង្គមហ្វេសប៊ុក​ មើលឃើញថា ស្ត្រីអ្នកលក់ឡេ តែងតែឡាយហ្វេសប៊ុក លើក​បង្ហាញលុយ​ដុល្លារ​ទាំងបាច់​ៗ​ ដែល​ជាការអួតបង្ហាញ។ ក្នុងពេលវឹកវររឿងកូវីដនេះ ក៏ជាឱកាសរបស់​ក្រុមចោរ​តែម្តង​។

យ៉ាងណាក៏ដោយចុះ បើសិនជាករណីចោរគាស់ផ្ទះយកលុយពីទូដែក​អស់ ៥០ម៉ឺនដុល្លារនេះ ជាការពិតមែននោះ គួរតែ​ជាការធ្វេសប្រហែសមួយ​របស់ម្ចាស់ផ្ទះ រួមទាំង​អាជ្ញាធរសមត្ថកិច្ច ដែលទាមទារ​ឲ្យ​បង្កើនការយកចិត្តទុកដាក់ថែមទៀត នៅកន្លែងបិទឃ្លុំ​ផ្ទះ ដែលកើតកូវីដ។

កន្លងមក មិនថា ផ្ទះអត់មនុស្សរស់នៅ ឬក៏មានអ្នករស់នៅក្នុងនោះទេ ដែលត្រូវបិទខ្ទប់ ពាក់ព័ន្ធនឹងកូវីដ គឺ​អាជ្ញាធរ​សមត្ថកិច្ចមូលដ្ឋាន ប្រើតែខ្សែ ឬក៏បង់ស្អិត ហើយទាញ​បាំងមាត់ទ្វារ ឬរបង​ផ្ទះតែប៉ុណ្ណោះ​។ ផ្ទះ​បិទខ្ទប់ដោយច្រើន គឺ​មិនទាំងមានអាជ្ញាធរសមត្ថកិច្ច នៅយាម​ប្រចាំការឡើយ។

ការគេចវេះចេញពី​ការធ្វើចត្តាឡីស័ក ឬកន្លែងបិទខ្ទប់ ប្រព្រឹត្តិដោយ​អ្នកជាប់ធ្វើចត្តាឡីស័ក គឺជារឿង​ ដែល​មិនអាចកើតឡើងនោះទេ​ នៅផ្ទះដែលត្រូវបិទខ្ទប់។ មូលហេតុ ដោយសារតែមានអ្នកជិតខាង​ បាន​ធ្វើជាភ្នែក​ជាច្រមុះរបស់អាជ្ញាធរសមត្ថកិច្ច ក្នុងការឃ្លាំមើល​ជាប្រចាំ ព្រោះអ្នកជិតខាង ​ក៏ខ្លាចឆ្លងកូវីដដែរ បើសិនជាអ្នកនៅក្នុងផ្ទះបិទខ្ទប់នោះ ចេញមកក្រៅ​​។ ម្យ៉ាងទៀត ក៏មានច្បាប់កំណត់រួចហើយ ដាក់ទោស រហូតដល់​ជាប់ពន្ធនាគារ និងត្រូវផាកពិន័យ​ទឹកប្រាក់ច្រើនម៉ឺនរៀល ចំពោះអ្នកគេចចេញពីកន្លែងធ្វើចត្តាឡីស័ក។

ប៉ុន្តែ​ករណី​ចោរចូលគាស់ផ្ទះ នៅផ្ទះបិទខ្ទប់​​ ដោយសារតែម្ចាស់ ត្រូវទៅព្យាបាលជំងឺកូវីដ១៩ ឬក៏ផ្ទះទុកចោលដូច្នេះ គឺ​អ្នកជិត​ខាង មិនអាចជួយ​បានគ្រប់ពេលនោះឡើយ។ អាជ្ញាធរសមត្ថកិច្ច​ភូមិសង្កាត់ និងខណ្ឌ គួរតែបង្កើនកិច្ចការពារជាងនេះ។ អាចចាត់កម្លាំង ​ជាប៉ូលិស ជាប្រជាការពារ ឬក៏អាជ្ញាធរនៅភូមិ និងសង្កាត់ ដាក់វេនគ្នាយាម​ ពិសេសនៅពេលយប់ នៅផ្ទះ ដែលបិទខ្ទប់ ហើយមិនមានមនុស្ស​នៅ​។

មួយវិញទៀត អាជ្ញាធរសមត្ថកិច្ច ក៏គួរតែ​និយាយជាមួយម្ចាស់ផ្ទះ ដើម្បីរកអ្នកចាំផ្ទះ អាចជួលសន្តិសុខឯកជន ឬក៏​អ្នកទុក​ចិត្តណាម្នាក់ ដើម្បី​មើលការខុសត្រូវ យាមផ្ទះ ក្នុងអំឡុងពេលចាក់សោ​ទុកចោល ទៅព្យាបាល​ជំងឺកូវីដ១៩​។ ក្នុងករណីនេះ ម្ចាស់ផ្ទះ ដែលមានទ្រព្យសម្បត្តិ មានតម្លៃ ឬលុយ​កាក់ ក៏មិនគួរ​ទុកចិត្តលើសោ ឬទូដែក​នោះទេ។ ទ្រព្យសម្បត្តិ និងលុយកាក់ គួរតែ​ផ្ញើនៅធនាគារ ទើបមានសុវត្ថិភាព​ខ្ពស់បំផុត​។ បើថាទុកនៅផ្ទះ ក៏ទុកលុយតិចតួច ល្មមប្រើការចាយវាយប្រចាំថ្ងៃ ហើយបើ​មិននៅផ្ទះ ក៏គួរតែ​យកទ្រព្យសម្បត្តិទាំងនោះ ជាប់ខ្លួនដែរ ឲ្យសមពាក្យថា «ប្រហែស​បាត់ ប្រយ័ត្ន គង់»​។

ការទុកទ្រព្យ​សម្បត្តិ លុយកាក់ នៅក្នុងផ្ទះច្រើន បើទោះបីជា​មិនមានចោរលួច ក៏ឧបមាថា មានគ្រោះអគ្គិភ័យ ដោយ​ប្រការ​ណាមួយ នោះក៏​បាត់បង់​ទ្រព្យសម្បត្តិមានតម្លៃ និងលុយ​កាក់​ ដែល​ម្ចាស់ផ្ទះ ទុកចិត្តទូដែក ឬក៏ចាក់សោលាក់ក្នុង​បន្ទប់ ក្រោម​ពូក​នោះបានដែរ​។​

យ៉ាងណាមិញ ករណី​ចោរលួចគាស់ផ្ទះថៅកែឡេ​នៅបឹងសាឡាងនេះ អាជ្ញាធរ​សមត្ថកិច្ច គួរតែបើកការស៊ើបអង្កេត​ឲ្យត្រឹមត្រូវ ព្រោះថា កាំម៉ារ៉ាសុវត្ថិភាព អាចជួយ​បាន ក្នុងករណីនេះ។ បើរកឃើញថា ជាការពិត ឬក៏មិនពិតក៏ដោយ ក៏ករណីនេះ អាជ្ញាធរ​សមត្ថកិច្ច ដកពិសោធន៍​ជាមេរៀនថ្មីមួយទៀត សម្រាប់បង្កើន​​ការ​ប្រុងប្រយ័ត្ន និងកិច្ចការពារសុខសុវត្ថិភាព​ដល់ប្រជាពលរដ្ឋ មិនថាតែអ្នកឆ្លងជំងឺកូវីដ១៩ ដែលត្រូវចាក់សោផ្ទះ ទុកចោលនោះទេ គឺ​អាជ្ញាធរសមត្ថកិច្ច គួរតែបង្កើន​សន្តិសុខសុវត្ថិភាព​​ឲ្យបានប្រសើរចំពោះប្រជាពលរដ្ឋគ្រប់គ្នា មិនថា អ្នកមាន ឬអ្នកក្រនោះទេ​។ ម្យ៉ាង បើគ្នា​ជួបបញ្ហារឿងឆ្លងកូវីដហើយ បែរជាមកជួបករណីចោរគាស់ផ្ទះថែមទៀតនោះ គឺជារឿងមួយ ដែល​គួរ​ឲ្យ​អាសូរ ព្រោះទុក្ខជាន់ទុក្ខ​៕