ខេត្តពោធិ៍សាត់ ៖ រដ្ឋបាលខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ បានសម្រេចបិទទីតាំងចំនួន ០៥កន្លែង បន្ទាប់ពីជាប់ពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩ មកពីខេត្តបន្ទាយជ័យ ។
បន្ទាប់ពីបានដំណឹងនេះ អាជ្ញាធរខេត្តពោធិ៍សាត់ បានចុះការស្រាជ្រាវ និងសម្រេចបិទបណ្តោះអាសន្ន នៅទីតាំងចំនួន០៥កន្លែងភ្លាមៗ ក្រោយមានការពាក់ព័ន្ធ ជាមួយអ្នកជំងឺកូវីដ-១៩ខាងលើ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ក្នុងសហគមន៍ ។
ទីតាំងចំនួន ៥កន្លែង ដែលអាជ្ញាធរខេត្តពោធិ៍សាត់សម្រេចបិទ រួមមាន ៖
ទី១- ពេទ្យយីហោ ពិនិត្យ និងព្យាបាល គន្ធា ស្ថិតនៅភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ។
ទី២- មន្ទីរសម្រាកព្យាបាល វឌ្ឍនៈ ពោធិ៍សាត់ ស្ថិតភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ (អ្នកជំងឺបានសម្រាកព្យាបាលរយៈពេល ២យប់) ។
ទី៣- មន្ទីរសម្រាកព្យាបាល និងសម្ភព មុត សារុន ស្ថិតក្នុងភូមិ ពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ (អ្នកជំងឺបានវាស់ឈាម) ។
ទី៤- ផ្ទះ ហួត ចន្ថា មានទទួលខ្វៃជ្រូក ស្ថិតក្នុងភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ (អ្នកជំងឺបានចូលលេងក្រោយចេញពីពេទ្យ) ។
និងទី៥- ហាងឈ្មោះ ប្រាក់ បូរី ណាហ្សា ស្ថិតក្នុងភូមិលាវ សង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ (អ្នកជំងឺទៅស្រោចទឹក) ។
អាជ្ញាធរខេត្ត សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកជំងឺកូវីដ-១៩ សូមរួសរាន់មកជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ ។ ដោយឡែក អ្នកប៉ះពាល់ប្រយោលជាមួយអ្នកវិជ្ជមាន សូមធ្វើចត្តាឡីស័ក តាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត ។
លោកវេជ្ជបណ្ឌិត ច័ន្ទ សុខា ប្រធានមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ បានអោយដឹងថា កាលពីថ្ងៃទី០២ខែឧសភា ឆ្នាំ២០២១ ស្ត្រីឈ្មោះ ណាំ អាយុ ៦២ឆ្នាំ និងគ្រួសារនៅខេត្តបន្ទាយមានជ័យ បានមកកាន់ខេត្តពោធិ៍សាត់ សម្រាកនៅផ្ទះប្រជាពលរដ្ឋ ឈ្មោះ ហួត ចន្ថា ភេទប្រុសត្រូវជាបងបង្កើត ស្ថិតនៅភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ។ ក្នុងការស្នាក់នៅនេះ ឈ្មោះ ណាំ បានទៅមើលចំការនៅឃុំអន្លង់រាប ស្រុកវាលវែង ពេលនោះ មានអាការៈមិនស្រួលខ្លួន ក៏បានចូលទៅមន្ទីរសម្រាកព្យាបាលគន្វាវាលវែង ស្រុកវាលវែង ដើម្បីឲ្យគេពិនិត្យជំងឺ ។
បន្ទាប់មក បានត្រឡប់មកកាន់ទីរួមខេត្តពោធិ៍សាត់វិញ ហើយបានចូលទៅមន្ទីរសម្រាកព្យាបាលលមុត សារុន ប៉ុន្តែមិនបានពិនិត្យ និងព្យាលជំងឺនៅទីនោះនោះទេ គឺមកពិនិត្យនិងព្យាបាលជំងឺនៅមន្ទីរសម្រាកព្យាបាលវឌ្ឍនៈពោធិ៍សាត់ ដែលនៅជិតគ្នានោះ ស្ថិតក្នុងភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់។ មិនបានប៉ុន្មានថ្ងៃផងឈ្មោះ ណាំ និងគ្រួសារបានវិលត្រឡប់ទៅកាន់ខេត្តបន្ទាយមានជ័យវិញ ហើយបានទៅពិនិត្យសុខភាពទើបដឹងថា វិជ្ជមានកូវីដ១៩ តែម្ដង។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាម រដ្ឋបាលខេត្ត បានចាត់តាំងមន្ត្រីមន្ទីរសុខាភិបាលខេត្ត រដ្ឋបាលសាលាស្រុកវាលវែង រដ្ឋបាលសាលាក្រុងពោធិ៍សាត់ រួមជាមួយសមត្ថកិច្ចពាក់ព័ន្ធ ចុះទៅពិនិត្យស្ថានភាពជាក់ស្តែង និងសម្រេចបិទទីតាំងខាងលើ ជាបណ្តោះអាសន្ន ដើម្បីរង់ចាំលទ្ធផលសំណាក ចំពោះអ្នកពាក់ព័ន្ធផ្សេងៗទៀត។
លោក វេជ្ជបណ្ឌិត ច័ន្ទ សុខា បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានការពាក់ព័ន្ធដោយប្រយោល ឬដោយផ្ទាល់ក្តី សូមអញ្ជើញមកពិនិត្យ សំណាកនៅមន្ទីរពេទ្យ ដែលនៅជិតផ្ទះអោយបានទាន់ពេលវេលា ជៀសវាងការចម្លងរីករាលដាលនៅក្នុងក្រុមគ្រួសារ និងសហគមន៍ ព្រមទាំងអនុវត្ត ទៅតាមវិធានការ ០៣ការពារ ០៣កុំរបស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួនជានិច្ច។
លោកឲ្យដឹងដែរថា គិតត្រឹមថ្ងៃទី១១ឧសភា នៅខេត្តពោធិ៍សាត់ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុប ៣៨នាក់។ ក្នុងនោះ ជាសះស្បើយ ០៤នាក់ កំពុងសម្រាកព្យាបាល ៣៤នាក់ និងមិនទាន់មានអ្នកស្លាប់ នៅឡើយទេ ៕
ចែករំលែកព័តមាននេះ