តើអ្នកកំពុងស្វែងរកចំណេះដឹងផ្សេងៗ អំពីការធ្វើអាជីវកម្មដំបូងមែនទេ ? ឥឡូវនេះមកឈ្វេងយល់ពីកន្លែងដែលត្រូវចាប់ផ្តើម និងវិធីសាស្ត្រខ្លះៗ ដើម្បីជួយអ្នកឱ្យទទួលបានជោគជ័យ ។ ដំបូងអ្នកត្រូវសួរខ្លួនឯងសិនថា អ្នកចង់ធ្វើអាជីវកម្មនោះឱ្យប្រាកដ ឬទេ ? តើអ្នកត្រូវត្រៀមខ្លួនបែបណាដើម្បីប្តេជ្ញានឹងធ្វើវា ? អ្នកបានរៀបចំវាបានយ៉ាងហ្មត់ចត់ ឬទេមុនពេលចាប់ផ្តើមអាជីវកម្ម ? អ្នកក៏គួដឹងដែរថា អាជីវកម្មអាចទទួលបានជោគជ័យ និងបរាជ័យដូចគ្នា ដូចនេះតើអ្នកបានត្រៀមអ្វីខ្លះសម្រាប់ពេលមានបញ្ហា ?
យោងតាមការស្ទង់មតិ បានឱ្យដឹងថា ដើម្បីដំណើរការអាជីវកម្មជោគជ័យ អ្នកត្រូវតែសម្របខ្លួនទៅនឹងស្ថានភាពផ្លាស់ប្តូរ បច្ចុប្បន្ននិងថ្ងៃអាគត ។ ធ្វើការស្រាវជ្រាវទីផ្សារស៊ីជម្រៅលើវិស័យរបស់អ្នក និងប្រជាសាស្ត្ររបស់អតិថិជនដែលមានសក្តានុពលរបស់អ្នក គឺជាផ្នែកសំខាន់មួយនៃការរៀបចំផែន ការអាជីវកម្ម ។ មុនពេលអ្នកចាប់ផ្តើមលក់ផលិតផល ឬសេវាកម្មអ្វីមួយដែលជារបស់អ្នកផ្ទាល់ អ្នកត្រូវបង្កើតយីហោខ្លួនឯង ការជ្រើសរើសដៃគូ និងជ្រើសរើសមនុស្ស ដែលត្រៀមខ្លួនរួចជាស្រេចនៅពេលអ្នកបើកទ្វារអាជីវកម្មដំបូង ។ គួបញ្ជាក់ផងដែរថា អត្ថបទនេះ គឺសម្រាប់សហគ្រិនដែលចង់រៀនជំហានជាមូលដ្ឋាននៃការចាប់ផ្តើមអាជីវកម្មថ្មី ឬដំបូង ៖
ទី ១) ចម្រាញ់គំនិតរបស់អ្នក ៖ អ្នកត្រូវដឹងអាជីវកម្មមិនមែននឹកឃើញធ្វើនោះទេ ។ អ្នកត្រូវរៀនពីទីផ្សារ ហើយទីផ្សារបែបណាដែលអ្នកត្រូវទៅ ។ អ្នកត្រូវចាប់ផ្តើមសួរខ្លួនឯងជាមុនសិនថា ហេតុអ្វីអ្នកចង់ចាប់ផ្តើមអាជីវកម្ ម? សំណួរនេះពិតជាសំខាន់ និងអាចឱ្យអ្នកដឹងថា អ្នកចង់ធ្វើអាជីវកម្មក៏ព្រោះអ្នកចូលចិត្ត ឬក៏ធ្វើដោយមើលឃើញផ្លូវក្នុងទីផ្សារ ។ ប្រសិនជាអ្នកធ្វើអាជីវកម្ម ក្រោមហេតុផលតម្រូវទៅក្នុងទីផ្សារ នោះវាទាមទាឱ្យអ្នកមានជំនាញធំធេងជាង អាជីវកម្មដែលអ្នកធ្វើដោយការចូលចិត្តផ្ទាល់ខ្លួន ។ (ពាក្យងាយស្តាប់ គិតមុនគូ) អ្នកត្រូវគិតទៅលើ អាជីវកម្មផ្តាច់មុខ (មានន័យថា បង្កើតប្រ៊េនខ្លួនឯង) ហើយអ្នកត្រូវតែមានឈ្មោះអាជីវកម្មឬឈ្មោះក្រុមហ៊ុនរបស់អ្នកផ្ទាល់ (ដាក់ឈ្មោះឱ្យក្រុមហ៊ុនឬហាងខ្លួនឯង) និងត្រូវកំណត់គោលដៅអតិថិជនខ្លួនឯង (មនុស្សប្រភេទណា គេត្រូវការអ្វី អាយុប៉ុណ្ណា) ។
ទី ២) សរសេរផែនការអាជីវកម្ម ៖ នៅពេលអ្នកមានគំនិតបានគិតគូរួចហើយអ្នកត្រូវបន្តសួរខ្លួនឯងថា ៖ តើអាជីវកម្មរបស់អ្នកមានគោលបំណងអ្វី ? តើអ្នកកំពុងលក់ទៅឱ្យអ្នកណា ? តើគោលដៅចុងក្រោយរបស់អ្នកគឺជាអ្វី ? តើអ្នកនឹងផ្តល់ហិរញ្ញប្បទាន ដល់ការចំណាយពេលចាប់ផ្តើមអាជីវកម្មដំបូងរបស់អ្នកយ៉ាងដូចម្តេច ? ត្រង់ចំណុចនេះអ្នកត្រូវឆ្លើយ ដើម្បីមានផែនការអាជីវកម្មមួយបាន ។ អ្នកត្រូវធ្វើការស្រាវជ្រាវទីផ្សារឱ្យបានហ្មត់ចត់ លើវិស័យនឹង និងប្រជាសាស្ត្ររបស់អតិថិជនដែលមានសក្តានុពល វាជាផ្នែកសំខាន់មួយនៃការរៀបចំផែនការអាជីវកម្ម ។ ការស្រាវជ្រាវទីផ្សារជួយអ្នកឱ្យយល់ពីគោលដៅរបស់អតិថិជន តម្រូវការ និងចំណង់ចំណូលចិត្ត និងអាកប្បកិរិយារបស់ពួកគេផងដែរ ហើយក៏ជួយឧស្សាហកម្មរបស់អ្នក និងដៃគូប្រកួតប្រជែងផងដែរ ។ អ្នកជំនាញអាជីវកម្មខ្នាតតូចជាច្រើនបានណែនាំថា អ្នកត្រូវប្រមូលព័ត៌មានឱ្យបានច្រើន និងធ្វើការវិភាគ ព្រោះថាប្រសិនអ្នកនៅក្នុងទីផ្សារប្រកួតប្រជែង នោះវានឹងផ្តល់ឱ្យអ្នកយល់កាន់តែច្បាស់អំពីឱកាស និងដែនកំណត់ នៅក្នុងទីផ្សាររបស់អ្នក ។ ប្រសិនជាអ្នកធ្វើអាជីវកម្មខ្នាតតូច អ្វីដែលល្អបំផុត គឺមានផលិតផល ឬសេវាកម្ម ដែលខុសគ្នាពីការប្រកួតប្រជែង (ធ្វើអ្វីដែលគេមិនទាន់មាន និងមិនត្រូវធ្វើដូចគេដូចឯងនោះទេ វាអាចថាដដែលៗពេក) ធ្វើតាមបែបជារបស់ខ្លួនអ្នកនោះវានឹងទាក់ទាញអតិថិជន ហើយវាបានបង្ហាញពីតម្លៃពិសេសរបស់អ្នកដល់អតិថិជនដែលមានសក្តានុពលថែមទៀតផង ។ មានផែនការអាជីវកម្ម អាចជួយអ្នកក្នុងការស្វែងយល់ថា តើក្រុមហ៊ុនរបស់អ្នកទៅណា ? តើវានឹងជៀសផុតពីការលំបាកណាមួយដែរទេ ? និងអ្វីខ្លះដែលអ្នកមាន ដើម្បីទ្រទ្រង់វាឱ្យដំណើរការបានយូរអង្វែង ? អ្នកជំនាញបានណែនាំថា ប្រសិនជាអ្នកមិនអាចសរសេរផែនការអាជីវកម្មបាន អ្នកក៏គួរកជំនួយពីអ្នកជំនាញឱ្យជួយធ្វើផែនការនេះ ។
ទី ៣) វាយតម្លៃហិរញ្ញវត្ថុរបស់អ្នក ៖ ពិតប្រាកដណាស់ ធ្វើអាជីវកម្មឬបើកក្រុមហ៊ុន សុទ្ធតែត្រូវការហិរញ្ញវត្ថុនិងតម្រូវទៅលើទំហំនៃប្រភេទអាជីវកម្មនោះទៀតផង ។ នៅពេលអ្នកចង់ធ្វើអាជីកម្មមួយអ្នកត្រូវដឹងនូវផ្នែកហិរញ្ញវត្ថុរបស់អ្នកអាតលោតដល់ប៉ុណ្ណា ឬក៏អ្នកត្រូវទៅខ្ជីលុយគេ ? ប្រសិនបើអ្នកមានគម្រោងចាកចេញពីការងារបច្ចុប្បន្នរបស់អ្នក ដើម្បីចាប់ផ្តើមអាជីវកម្មរបស់អ្នក តើអ្នកមានប្រាក់ដែលទុកសម្រាប់ទ្រទ្រង់ខ្លួនអ្នក រហូតទាល់តែអ្នករកប្រាក់ចំណេញបានវិញទេ ? ដូចនេះចំណុចនេះអ្នកត្រូវតែស្វែងយល់ថា តើការចាប់ផ្តើមអាជីវកម្មរបស់អ្នកនឹងត្រូវចំណាយដើមទុនប៉ុន្មាន ? ការចាប់ផ្តើមអាជីវកម្មជាច្រើនត្រូវបានបរាជ័យ ដោយសារតែពួកគេអស់ប្រាក់មុនពេលរកប្រាក់ចំណេញបាន ។ អ្នកត្រូវវាយតម្លៃថាអ្នកត្រូវប្រើដើមទុនប៉ុន្មាន ដើម្បីចាប់ផ្តើម ហើយអ្នកត្រូវដឹងថាវាត្រូវពេលវេលារៀងយូរគួសម មុនពេលអ្នកទទួលបានប្រាក់ចំណេញមកវិញប្រកបដោយនិរន្តរភាព ។
អ្នកជំនាញបានណែនាំជម្រើសខ្លះៗ ប្រសិនអ្នកត្រូវការថវិការបន្ថែមសម្រាប់បើអាជីវកម្មដំបូង ៖ ខ្ជីលុយពីធនាគារ ប្រសិនជាអ្នកត្រូវការប្រាក់បន្ថែមអ្នកគួធ្វើការកម្ចីពីធនាគារ និងត្រូវជ្រើសរើសរកធនាគារដែលល្អផងដែរ ចៀសវាងអ្នកមិនទាន់មានចំណូលតែត្រូវបង់ការប្រាក់ខ្ពស់ ។ វិធីមួយទៀតអ្នកគួរកអ្នកដាក់ហ៊ុនជាមួយ ដូចនេះអ្នកមានម្នាក់ពាក់កណ្តាល ហើយប្រសិនជាអ្នកមានហ៊ុនជាមួយអ្នកមានចំណេះដឹងខ្លះៗពីជំនួញនោះវាអាចជួយយើងបានមួយផ្នែកទៀតក្នុងជួយគ្នាគ្រប់គ្រងអាជីវកម្ម ។ សូមជម្រាបជូនផងដែរ អ្នកជំនាញបានណែនាំឱ្យអ្នកទើបចាប់ដំបូង គួរចាប់ផ្តើមពីខ្នាតជាមុនសិន (ករណីមិនមានទុនធំ) ។
ទី ៤) កំណត់រចនាសម្ព័ន្ធអាជីវកម្មស្របច្បាប់របស់អ្នក ៖ មុនពេលដែលអ្នកចុះឈ្មោះ ឬបញ្ជីក្រុមហ៊ុនរបស់អ្នក អ្នកត្រូវសម្រេចចិត្តថា តើក្រុមហ៊ុន ឬអាជីវកម្មអ្នក ជាអង្គភាពប្រភេទណា ? ។ រចនាសម្ពន្ធ័អាជីវកម្មរបស់អ្នកមានឥទ្ធិពលលើអ្វីៗគ្រប់យ៉ាង បូករួមទាំងការបង់ពន្ធផងដែរ (ពន្ធបង់តាមប្រភេទក្រុមហ៊ុនឬអាជីវកម្មនោះ) និងជាពិសេសអ្នកទៅនឹងទំនួលខុសត្រូវផ្ទាល់ខ្លួន ប្រសិនបើមានអ្វីខុសឆ្គងនោះ ។ ខាងក្រោមនេះជាទំនួលខុសត្រូវខ្លះៗ នៅពេលអ្នកធ្វើអាជីវកម្ម ៖
សហគ្រាស ក្រុមហ៊ុន និងអាជីវកម្ម ជារបស់ឯកបុគ្គល ៖ ប្រសិនជាសហគ្រាស ក្រុមហ៊ុន និងអាជីវកម្ម ជារបស់អ្នកតែម្នាក់ឯង (ឯកបុគ្គល) ដូចនេះអ្នកត្រូវត្រៀមខ្លួន ដើម្បីការទទួលខុសត្រូវជាច្រើន បូករួមទាំងបំណុល និងកាតព្វកិច្ចទាំងអស់ដែលអ្នកបានចុះឈ្មោះសម្រាប់សហគ្រាសឯកបុគ្គលនោះ ។ ហើយប្រសិនជាអាជីវកម្មរបស់អ្នកមានបញ្ហាណាមួយ វានឹងអាចធ្វើឱ្យប៉ះពាល់ដល់កិត្តិយសផ្ទាល់ខ្លួនរបស់អ្នក ។
ភាពជាដៃគូ ៖ ប្រសិនជាអ្នកមានដៃគូអាជីវកម្ម ដូចនេះការចុះឈ្មោះមានមនុស្សពីរនាក់ឬច្រើននាក់ ត្រូវទទួលខុសត្រូវចំពោះមុខនៃអាជីវកម្មនោះ ។ ហើយអ្នកមិនចាំបានមានទំនួលខុសត្រូវច្រើនឬទាំងអស់ ប្រសិនជាអ្នករកបានដៃគូធ្វើអាជីវកម្មជាមួយអ្នក ហើយរឹតតែពិសេសប្រសិនជាអ្នករកបានដៃគូដែលគេមានចំណេះដឹងផ្នែកជំនួញឬអាជីវកម្ម ។ ជាធម្មតា ប្រសិនអ្នកបន្ថែមនរណាម្នាក់ដែលអ្នកទុកចិត្តហើយ ទៅក្នុងអាជីវកម្មរបស់អ្នក វាពិតជាល្អជាងគំនិតតែមួយ ព្រោះគំនិតមនុស្សច្រើនអាចជួយសម្រួលការងារ និងជួយឱ្យអាជីវកម្មរបស់អ្នករីកចម្រើនផងដែរ ។ បន្ថែមលើចំណុចនេះដែរ បន្ទាប់ពីអ្នករៀបចំរចនាសម្ព័ន្ធអាជីវកម្មរបស់អ្នករួចហើយ អាជីវកម្មរបស់អ្នកត្រូវតែចុះបញ្ជីត្រឹមត្រូវដែលស្របតាមច្បាប់ឬរដ្ឋកំណត់ ៕ ប្រភព ៖ businessnewsdaily
ចែករំលែកព័តមាននេះ