ខេត្តតាកែវ ៖ ពេលថ្មីៗនេះ លោក ឌឹម គឹមសាន្ត ចៅហ្វាយស្រុកអង្គរបុរី បានដឹកនាំកម្លាំងចម្រុះចុះទៅវាយរបងខ្សែលួសសំណង់តូចតាច
និងប្រមូលយកឧបករណ៍សំណង់របស់ពលរដ្ឋរស់នៅជាប់ជើងភ្នំដា ជាប់នឹងភ្នំបុរី ស្ថិតនៅក្នុងភូមិព្រែកតាផ ឃុំព្រែកផ្ទោល ស្រុកអង្គរបុរី ខេត្ត តាកែវ ដែលពួកគាត់រស់នៅទីនេះជាង៥០ឆ្នាំមកហើយតាំងពីដូនតាមក ។ ចំណែកសម្ភារដែលយកទៅមានប៉ុស្តិ៍ផ្សារដែកជាដើម សម្រាប់ត
សំយ៉ាបទោះបីទៅសុំយកវិញក៏មិនប្រគល់ឱ្យដែរ ។

បើយោងតាមសម្តីពលរដ្ឋដែលស្រែកទ្រហោយំបានឱ្យដឹងថា ពួកគាត់រស់នៅលើដីនេះជាង៥០ឆ្នាំមកហើយមិនដែលមានបញ្ហាអ្វីនោះទេ ទើបតែលោក ឌឹម គឹមសាន្ត ចូលមកកាន់ដំណែងជាអភិបាលស្រុកអង្គរបុរី ស្រាប់តែមានគំនិតចង់ព្យាបាទពួកគាត់ដោយសំអាងថាពួកគាត់រស់លើដីរដ្ឋដែលគ្រាន់តែតយ៉ាបធ្វើអំពីដែកក៏មិនឱ្យធ្វើដែរ ។ពលរដ្ឋបានលើកឡើងទៀតថា អ្នករស់នៅជុំវិញប្រាសាទភ្នំដាសុទ្ធតែរស់លើដីរដ្ឋទាំងអស់មែនបើរដ្ឋត្រូវការពួកគាត់ប្រគល់ឱ្យ តែសុំឱ្យស្មើភាពគ្នាកុំមកដេញគ្រួសារក្រីក្រហើយទុកតែគ្រួសារអ្នកមានលុយនោះ ពិតជាយុត្តិធម៌ស្មើដូចម្រាមដៃមែន ។
ពលរដ្ឋរស់នៅស្រុកអង្គរបុរីសម្ដែងការសោកស្ដាយចំពោះទង្វើរបស់លោក ឌឹម គឹមសាន្តចៅហ្វាយស្រុកអង្គរបុរីខ្លាំងណាស់ដោយពួកគាត់លើកឡើងថា ធ្វើបាបបានតែរាស្ត្រស្លូតត្រង់ក្រីក្ររកអង្ករច្រកឆ្នាំងស្ទើរគ្មាន ។ ចំណែកបក្ខពួករបស់អស់លោកបានសង់សំណង់យកដីរបស់រដ្ឋស្រស់ៗ បែរជាគ្មានចំណាត់ការដូចជាសំណង់រឹងមាំលើភ្នំបុរីជាដើម គេសង់របងបេតុងសង់ផ្ទះលំហែកាយស្ថិតនៅដដែល ។បើតាមការអះអាងពីពលរដ្ឋបានឱ្យដឹងថាលោក នាង សុខុម មេគយច្រកទ្វេភាគីបាក់ដៃបានទៅសង់សំណង់ផ្ទះលំហែកាយត្រជាក់មេជើងលើដីភ្នំបុរីយកតាំងពីជើងភ្នំ ដល់កំពូលភ្នំ ដោយសង់របងបេតុងរឹងមាំតាមជើងភ្នំទៀតផង ហេតុអីមិនទៅដេញលោក នាង សុខុមផងមករុះរើតែសំណង់របងលួសបន្លា និងតយ៉ាបផ្ទះអ្នកក្រីក្ររាស្ត្រតូចតាចទៅវិញ ។
ពលរដ្ឋបានលើកឡើងទៀតថា ចំណែកលោក ជា សម្បត្តិ អនុប្រធានការិយាល័យសង្គមកិច្ចសុខុមាលភាពសង្គមស្រុកអង្គរបុរីបានសង់សំណង់រឹងមាំនៅក្នុងដីសាលាស្រុកអង្គរបុរីហើយនាំក្រុមគ្រួសារបងប្អូនសាច់ញាតិបើកមុខរបររកស៊ីយ៉ាងអនាធិបតេយ្យលើដីរដ្ឋតើលោក ឌឹម គឹមសាន្ត បានបើកភ្នែកមើលហើយឬនៅនិងមានចំណាត់ការបែបណាដែរ ? ពលរដ្ឋរងគ្រោះថា នេះជាទង្វើបក្ខពួកនិយមដែលបានប្រព្រឹត្តខុសធ្ងន់លើសប្រជារាស្ត្រក្នុងសម័យកូវីដនេះ ។

ពាក់ព័ន្ធករណីខាងលើលោក ឌឹម គឹមសាន្ត អភិបាលស្រុកអង្គរបុរីកាលពីពេលកន្លងមកធ្លាប់ទទួលស្គាល់ថា សំណង់មួយចំនួនក្នុងស្រុករបស់លោក ពិតជាសង់លើដីរដ្ឋប្រាកដមែន តែលោកបានឱ្យផ្អាកអស់ហើយ ។ ចំណែករឿងវាយរបងផ្ទះនិងខ្ទមអ្នកស្រុកកន្លងមកថ្មីៗ លោក ឌឹម គឹមសាន្ត បានបញ្ជាក់ថា លោកបានជូនដំណឹងទៅពលរដ្ឋ២ឬ៣គ្រួសារខាងលើរួចហើយថា មិនឱ្យសង់កូនផ្ទះឬធ្វើផ្ទះរឹងមាំឡើយ តែពលរដ្ឋទាំងនោះមិនស្ដាប់ ទើបលោកប្រើប្រាស់កម្លាំងចម្រុះចុះទៅចាត់វិធានការតែម្ដងទៅត្រូវតែកម្ទេចចោល ។
ជាចុងក្រោយពលរដ្ឋដែលរងគ្រោះដោយភ័យខ្លាចពេកបានគាំទ្រចំណាត់ការរបស់លោកចៅហ្វាយស្រុកតែសូមឱ្យលោកអនុវត្តឱ្យមានតម្លា ភាពជាមុនសិនមុននិងចាត់វិធានការលើពលរដ្ឋស្លូតត្រង់ក្រីក្រ ។ ពលរដ្ឋទាំងនោះថា ជាពិសេសសូមលោក ឌឹម គឹមសាន្ត ចាត់វិធានការលើលោក នាង សុខុម មេគយច្រកទ្វារទ្វេភាគីបាក់ដៃផងដែលសង់សំណង់រឹងមាំយកដីភ្នំបុរីជាភ្នំប្រវត្តិសាស្ត្រខ្មែរដំបូងគេបង្អស់ ដោយសង់របងបេតុង សង់ផ្ទះដល់កំពូលភ្នំ មានដាក់ភ្លើងសូឡាបំភ្លឺជាលក្ខណៈឯកជន សុទ្ធសាធមិនឃើញទៅរុះរើសោះ និងចាត់វិធានការលើលោក ជា សម្បត្តិ អនុប្រធានការិយាល័យសង្គមកិច្ចសុខុមាលភាពសង្គម ដែលសង់សំណង់រឹងមាំនៅក្នុងបរិវេណសាលាស្រុកប្រកបអាជីវកម្មដោយ
សេរីឱ្យបានមុនអនុវត្តច្បាប់ទៅលើពលរដ្ឋក្រីក្រតូចតាច ។ ប៉ុន្តែសំណង់ទាំងនោះនៅដដែល អត់ហ៊ានប៉ះពាល់ទេ មកដកស្លាបតែរាស្ត្រក្រីក្រ ។
អ្នកក្ររងគ្រោះដោយអយុត្តិធម៌ បាននិយាយថា ដរាបណា រដ្ឋអំណាចស្រុកមិនកម្ទេចរបងបេតុងនិងសំណង់របស់អ្នកមាននៅភ្នំបុរីទេ ពួកគេមានអារម្មណ៍មិនស្ងប់ឡើយ ។
តើរដ្ឋអំណាចស្រុកហ៊ានលើកម្លាំងចម្រុះទៅកម្ទេចសំណង់ខុសច្បាប់នៅភ្នំបុរីដែរទេ ? សង្ស័យមិនហ៊ានទេ !…ហេ ! ហេ ! កោះសន្តិភាព មិនអាចសុំការបំភ្លឺពីមេគយច្រកទ្វារលោក នាង សុខុមបានទេម្សិលមិញនេះព្រោះទូរស័ព្ទចូលច្រើនដងតែគ្មានអ្នកលើក ៕



ចែករំលែកព័តមាននេះ