ខេត្តសៀមរាប ៖ កម្លាំងនគរបាលស្រុកប្រាសាទបាគង បានសហការជាមួយកម្លាំងមន្ត្រីជំនាញជលផល ចុះបង្ក្រាបបទល្មើសរហូតឈានដល់ធ្វើការឃាត់ខ្លួន បានជនសង្ស័យចំនួន ០២នាក់ ពាក់ព័ន្ធករណីឈូសឆាយ និងកាប់ទន្ទ្រានព្រៃលិចទឹក ប្រគល់ឲ្យជំនាញ កសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមផ្លូវច្បាប់ ។

ការឃាត់ខ្លួននេះធ្វើឡើងនៅល្ងាចថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ ត្រង់ចំណុចទំនប់កញ្ចូន និងទំនប់កូនស្មន់ ស្ថិតក្នុងភូមិឃុនមោឃ ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។
បើតាមការឲ្យដឹងពីលោកវរសេនីយ៍ឯក លឹម សម្បត្តិ អធិការនគរបាលស្រុកប្រាសាទបាគង បានប្រាប់នៅវេលាម៉ោង៩ព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះថា ជនសង្ស័យដែលកម្លាំងជំនាញឃាត់ខ្លួនបាន ចំនួន ២នាក់នោះ រួមមាន ៖ ទី១. ឈ្មោះ ដឹង ដន ភេទប្រុស អាយុ៣៨ឆ្នាំ នៅភូមិឃុនមោឃ ឃុំកណ្ដែក ស្រុកប្រាសាទ បាគង ខេត្តសៀមរាប និងជនសង្ស័យទី២. ឈ្មោះ សេង សឿយ ភេទប្រុស អាយុ៤១ឆ្នាំ នៅភូមិគោកក្រសាំង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។
លោកបានបញ្ជាក់ថា ជនសង្ស័យទី១ បានឆ្លើយសារភាពថា នៅថ្ងៃកើតហេតុខាងលើ ខ្លួនពិតជាបានធ្វើសកម្មភាពកាប់ឆ្ការទន្ទ្រានព្រៃសហគមន៍ ដែលជាតំបន់ហាមឃាត់ ពិតមែន និងធ្លាប់បានដុតក្នុងដីបរិវេណព្រៃសហគមន៍នេះ ពីមុនផងដែរ ។
ចំណែកជនសង្ស័យទី២ បានឆ្លើយសារភាពថា ខ្លួនពិតជាបានទៅលើក ភ្លឺស្រែ និងកាប់ទន្ទ្រានដីសហគមន៍ ហាមឃាត់ពិតមែន ជាមួយគ្នានេះកាលពីជាងកន្លះខែមុននេះ ខ្លួនក៏ធ្លាប់បានឲ្យប្អូនថ្លៃឈ្មោះ ឌឹម សុខា ភេទប្រុស រស់នៅភូមិច្រេស ឃុំកណ្ដែក ស្រុកប្រាសាទបាគង ជួលត្រាក់ទ័រ ចំនួន០២គ្រឿង ឲ្យរុញព្រៃ និងភ្ជួរលើដីនេះផងដែរ ។
បើយោងតាមចម្លើយសារភាពរបស់ជនសង្ស័យទាំង២នាក់ និងវត្ថុតាង ត្រូវបានកម្លាំងនគរបាលស្រុកបញ្ជូន ទៅប្រគល់ឲ្យកម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប រួចប្រគល់ឲ្យមន្ត្រីជលផល ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់ ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ និងវត្ថុតាងត្រូវបានមន្ត្រីជំនាញរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការ បន្តចាត់ការតាមផ្លូវច្បាប់ ស្តីពី ជលផល ៕







ចែករំលែកព័តមាននេះ