រាជធានីភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ សូមធ្វើការបដិសេធទាំងស្រុង ចំពោះការចុះផ្សាយនៅលើគេហទំព័រទាំងឡាយ ដែលមានខ្លឹមសារថា ៖ អនុសាខាក្រសួងសម្រួលការងារ តាមអនឡាញ ទទួលរៀបចំធ្វើបណ្ណបើកបរគ្រប់ប្រភេទស្របច្បាប់ មានគល់បញ្ជីក្រសួង ផុតកំណត់អាចបន្តសុពលភាពបានស្របច្បាប់ និងបានអះអាងថា ជាអនុសាខារបស់ក្រសួងសាធារណការ និងដឹកជញ្ជូន អាចផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ទាំងនេះដែលបង្កឲ្យមានការភ័ន្តច្រឡំដល់សាធារណជន ។
ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ជូនសាធារណជន ឲ្យបានជ្រាបថា ព័ត៌មានដែលបានចុះផ្សាយក្នុងគេហទំព័រទាំងឡាយខាងលើនេះជាព័ត៌មានមិនពិតទេ មានចរិតបង្កការភ័ន្តច្រឡំដល់សាធារណជន ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជារាជរដ្ឋាភិបាលផងដែរ ។
ក្រសួង ក៏សូមស្នើសុំអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់ ចំពោះជនខិលខូចខាងលើ ដែលបានផលិតបណ្ណសម្គាល់យានយន្ត ផ្លាកលេខយានយន្ត និងប័ណ្ណបើកបរយានយន្តក្លែងក្លាយ និងការផ្សព្វផ្សាយលក់ផ្លាកលេខយានយន្ត តាមបណ្ដាញសង្គមក្នុងគេហទំព័រនានា ជាពិសេស ចាត់វិធានការ ចំពោះអំពើបោកប្រាស់ និងការក្លែងឯកសារសាធារណៈ ទាំងនេះ ដែលបង្កជាការភ័ន្តច្រឡំដល់សាធារណជន ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ជាធរមាន ។
ជាមួយគ្នានេះផងដែរ ក្រសួងសូមជំរុញលើកទឹកចិត្ត ក៏ដូចជាសូមអំពាវនាវដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋមេត្តាចៀសវាងការប្រើប្រាស់សេវាសាធារណៈ ក្រៅផ្លូវការ ដែលងាយធ្លាក់ចូលក្នុងអំពើបោកប្រាស់របស់ជនខិលខូច នាំឲ្យខាតបង់ថវិកា និងងាកមកប្រើប្រាស់មណ្ឌលផ្តល់សេវាសាធារណៈ ទាំងឡាយនៅតាមទីតាំងនានា ដែលទទួលស្គាល់ ដោយក្រសួងសាធារណការ និងដឹកជញ្ជូនវិញ ។
ជាងនេះទៅទៀត ដើម្បីការពារការភ័ន្តច្រឡំដល់មហាជន ជាពិសេសដើម្បីទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានមិនពិតរបស់ជនទុច្ចរិត និងក្រុមបុគ្គលខូចដែលបង្កឲ្យមានភាពអសន្តិសុខ និងចលាចលដល់សង្គម ក្រសួងសាធារណការ និងដឹកជញ្ជូន សូមស្នើសុំក្រសួង-ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការឲ្យបានតឹងរ៉ឹងបំផុត ដើម្បីបង្ក្រាប និងចាប់ជនខិលខូច ដែលបានប្រព្រឹត្តខាងលើយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ឲ្យខាងតែបាន ។
បច្ចុប្បន្ននេះ ក្រសួងក៏កំពុងជំរុញ និងធ្វើឱ្យប្រសើរឡើងលើការធ្វើកំណែទម្រង់សេវាសាធារណៈ ឲ្យកាន់តែ មានប្រសិទ្ធភាព តម្លាភាព សុក្រឹត្យភាព គណនេយ្យភាព និងឆាប់រហ័ស ស្របតាមគោលនយោបាយដ៏ ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕


ចែករំលែកព័តមាននេះ