ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​ឱ្យ​ភ្ញាក់ផ្អើល​! ហ្វូង​សត្វ​ដំរីព្រៃ​បង្ហាញ​វត្តមាន​ក្បែរ​ភូមិ​ប្រជាពលរដ្ឋ​ក្នុង​ខេត្តមណ្ឌលគិរី

2 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្ត​មណ្ឌលគិរី​ ៖ នៅ​ក្នុង​ប្រទេស​កម្ពុជា​មន្ត្រី​ជំនាញ​បាន​វាយតម្លៃ​ថា គំរប​ព្រៃឈើ​នៅ​ខេត្តមណ្ឌលគិរី​កំពុង​មាន​វត្តមាន​សត្វ​ដំរីព្រៃ​រស់នៅ​ច្រើន​ជាងគេ ខណៈ​ដែល​ដំរី​ទាំងនោះ​ជា​ប្រភេទ​ដំរី​អាស៊ី ហើយ​ចំនួន​របស់​ពួក​វា​ក៏​បាន​និង​កំពុង​កើនឡើង ព្រោះតែ​មានការ​យកចិត្តទុកដាក់​ពី​មន្ត្រី​ជំនាញ​ក្នុង​ការ​អភិរក្ស ។ លោក ហាន…

ខេត្ត​មណ្ឌលគិរី​ ៖ នៅ​ក្នុង​ប្រទេស​កម្ពុជា​មន្ត្រី​ជំនាញ​បាន​វាយតម្លៃ​ថា គំរប​ព្រៃឈើ​នៅ​ខេត្តមណ្ឌលគិរី​កំពុង​មាន​វត្តមាន​សត្វ​ដំរីព្រៃ​រស់នៅ​ច្រើន​ជាងគេ ខណៈ​ដែល​ដំរី​ទាំងនោះ​ជា​ប្រភេទ​ដំរី​អាស៊ី ហើយ​ចំនួន​របស់​ពួក​វា​ក៏​បាន​និង​កំពុង​កើនឡើង ព្រោះតែ​មានការ​យកចិត្តទុកដាក់​ពី​មន្ត្រី​ជំនាញ​ក្នុង​ការ​អភិរក្ស ។

លោក ហាន សុ​ខន នាយក​ដែនជម្រកសត្វព្រៃ​កែវ​សីមា​បាន​ឲ្យ​ដឹង​ថា សត្វ​ដំរីព្រៃ​ជា​ច្រើន​ហ្វូង​កំពុង​បំ​លាស់​ទី​នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា ក្នុង​មួយ​ហ្វូង​មាន​ចំនួន​ចន្លោះ​ពី​០២​ក្បាល​ទៅ​ជាង​១០​ជាង​ក្បាល ហើយ​កាលដែល​វា​តែងតែ​ចេញ​មក​ក្បែរ​ភូមិ​ប្រជាជន​ព្រោះ​ស្វែងរក​ចំណី កន្លែង​ណា​មានទឹក​និង​ចំណី​ច្រើន​គឺ​ពួក​វា​នៅ​ទីនោះ ។ លោកនាយក​ដែនជម្រកសត្វព្រៃ​កែវ​សីមា​បន្ត​ថា ការ​ដែល​សត្វ​ដំរី​ទាំង​តែង​ចេញ​មក​ក្បែរ​ភូមិ​ប្រជាជន ព្រោះ​កន្លែង​នោះ​ជា​ជម្រក​ចាស់​របស់​វា​តាំងពី​មិន​ទាន់​មាន​មនុស្ស​មក​រស់នៅ​ម្ល៉េះ ហើយ​បច្ចុប្បន្ន​ជម្រក​ជា​ច្រើន​របស់​វា​ត្រូវ​មនុស្ស​មក​រំខាន​ដូច​ជា​ការ​កាប់​រាន​ព្រៃ​យក​ដី និង​បោះ​ទីលំនៅ​ជា​បន្តបន្ទាប់ ។

លោក ហាន សុ​ខន បាន​ឲ្យ​ដឹង​ទៀត​ថា មិនមែន​តែ​សត្វ​ដំរីព្រៃ​ទេ​ដែល​តែង​ចេញ​មក​ជម្រក​ចាស់​របស់​ពួក​វា ក្នុង​នោះ​សត្វព្រៃ​ទាំងអស់ ពិសេស​គឺ​សត្វ​ធំ​ៗ​ដូច​ជា ខ្ទីង ទន្សោង​ជាដើម ក៏​នឹង​វិល​ត្រ​ឡប់​មក​កន្លែង​ពួក​វា​ធ្លាប់​រស់នៅ​ពី​មុន​នៅ​ថ្ងៃ​ណាមួយ ប៉ុន្តែ​សោកស្ដាយ​ដែល​កន្លែង​ខ្លះ​ត្រូវ​មនុស្ស​ចូល​បំពាន​ពួក​វា ។

ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី លោក កែវ សុភ​ក៌ បាន​ថ្លែងប្រាប់​ទូរ​សព្ទ​ថា សត្វ​ដំរីព្រៃ​អាស៊ី​នៅ​ខេត្តមណ្ឌលគិរី​មិន​មាន​ចំនួន​ថយ​ចុះ​នោះ​ទេ ពួក​វា​កំពុង​រស់នៅ​ក្នុង​ព្រៃ​បង្កាត់​កូនចៅ​យ៉ាង​សុខសាន្ត ហើយ​ចំនួន​របស់​ពួក​វា​អាច​មាន​ចន្លោះ​ពី​៣០០​ក្បាល​ទៅ​៤០០​ក្បាល មាន​រស់នៅ​ច្រើន​ក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា បន្ទាប់​មក​គឺ​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច និង​ខ្លះ​ទៀត​រស់នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ។

អ្នកជំនាញ​បាន​បញ្ជាក់​ថា សត្វ​ដំរីព្រៃ​មិន​ធ្វើបាប​មនុស្ស​ទេ ប្រសិនបើ​មនុស្ស​មិន​ប៉ះពាល់​វា ក្នុង​ករណី​មនុស្ស​ទៅ​បាញ់​វា ឬ​ព្យាយាម​ធ្វើបាប​ពួក​វា សត្វ​ដំរី​ទាំងនោះ​នឹង​តបត ។ ហើយ​ហ្វូង​របស់​សត្វ​ដំរី​នីមួយ​ៗ​នៅ​ដែនជម្រកសត្វព្រៃ​កែវ​សីមា​ក៏​មាន​ឃើញ​កូន​របស់​ពួក​វា​ធ្វើ​ដំណើរ​ជាមួយ​ផង​ដែរ បង្ហាញ​ឲ្យ​ឃើញ​ថា​មាន​កំណើន​សត្វ​ដំរី ឬ​ក៏​មិន​មានការ​ថយ​ចុះ​ទេ ឆ្នាំ​មុន​ដំរីព្រៃ​ក៏​បាន​ចេញ​មក​បង្កាត់​ពូជ​ជាមួយ​ដំរី​ញី​របស់​អ្នកស្រុក​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ