ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីនគរបាល​ម្នាក់​លត់​ជង្គង់​សំពះ​សុំ​សង​១​ពាន់​​ដុល្លារ ក្រោយ​បើក​​បុក​​ឡានដឹក​កង់​២​គ្រឿង​ជិត​២​ម៉ឺន​ដុល្លារ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រី​នគរបាល​ម្នាក់​បាន​លត់​ជង្គង់​លើកដៃ​សំពះ​សុំ​អង្វរ​ដល់​ប្តី​ប្រពន្ធ​២​នាក់ បន្ទាប់​ពី​រូប​គាត់​បាន​បើករថយន្ត​​មួយគ្រឿង​ម៉ាក​ឡង់​គ្រី​ស្ស័រ ស៊េរីចាស់​ ​ជ្រុលទៅ​​បុក​រថយន្ត​មួយគ្រឿង​ទៀត​ហ្វ​ត​រ៉ាប់​ទ័​រ​ ដែល​មាន​ដឹក​កង់​២​គ្រឿង (តម្លៃ​ជិត​២០,០០០​ដុល្លារ ) ជាប់​នឹង​កា​ប៊ិ​ន​រថយន្ត​ខាងលើ…

រាជធានី​ភ្នំពេញ ៖ មន្ត្រី​នគរបាល​ម្នាក់​បាន​លត់​ជង្គង់​លើកដៃ​សំពះ​សុំ​អង្វរ​ដល់​ប្តី​ប្រពន្ធ​២​នាក់ បន្ទាប់​ពី​រូប​គាត់​បាន​បើករថយន្ត​​មួយគ្រឿង​ម៉ាក​ឡង់​គ្រី​ស្ស័រ ស៊េរីចាស់​ ​ជ្រុលទៅ​​បុក​រថយន្ត​មួយគ្រឿង​ទៀត​ហ្វ​ត​រ៉ាប់​ទ័​រ​ ដែល​មាន​ដឹក​កង់​២​គ្រឿង (តម្លៃ​ជិត​២០,០០០​ដុល្លារ ) ជាប់​នឹង​កា​ប៊ិ​ន​រថយន្ត​ខាងលើ បណ្តាល​អោយ​កង់​ត្រូវ​ខូចខាត រួម​ទាំង​គូទ​រថយន្ត​ផង​ដែរ ។

ហេតុការណ៍​គ្រោះថ្នាក់​ច​រា​រណ៍​ខាងលើ​នេះ កើតឡើង​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ទល់មុខ​នឹង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់ ស្ថិត​ក្នុងភូមិ​ដើ​ម​ស្លែង សង្កាត់​ច្បារ​អំពៅ​ទី​២ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង៧និង​៤៥​នាទី​យប់​ថ្ងៃ​ទី​៨ ខែឧសភា ឆ្នាំ​២០២១ ។

រថយន្ត​បង្ក​ម៉ាក​ឡង់​គ្រី​ស្ស័រ ស៊េរីចាស់​ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ ភ្នំពេញ 2T-7776 បើកបរ​ដោយ​បុរស​ម្នាក់មិនស្គាល់ឈ្មោះនោះទេ គ្រាន់តែ​ដឹងថា​ជា​មន្ត្រី​នគរបាលថ្នាក់​វរសេនីយ៍ឯក ( សក្តិ​៥ ) ដោយ​ពុំ​ដឹង​ថា មាន​តួនាទី​អ្វី ហើយ​បម្រើ​ការងារ​នៅ​អង្គភាព​ណា​ឡើយ ។ ដោយឡែក​រថយន្ត​រង​គ្រោះ​ដែល​ដឹក​កង់ ម៉ាកហ្វ​ត​រ៉ាប់​ទ័​រ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ខេមរភូមិន្ទ​០២ 2-2932 ​ជិះ​ដោយ​ប្តី​ប្រពន្ធ​២​នាក់ មិនស្គាល់ឈ្មោះ​។

យោង​តាម​ប្រភព​ព័ត៌មាន អោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ស​ង្គេ​ត​ឃើញ រថយន្ត​ទាំង​២គ្រឿង​បើកបរ​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ក្នុង​ទិស​ដៅ​ស្របគ្នា ពី​កើត​ទៅ​លិច ដោយ​រថយន្ត​ម៉ាក​ហ្វ​ត​រ៉ាប់​ទ័​រ​មាន​ដឹក​កង់​ចំនួន​២គ្រឿង​ ធ្វើ​ដំណើរ​នៅ​ខាង​មុខ ។ លុះដល់​ចំណុច​កើតហេតុ រថយន្ត​ហ្វ​ត​រ៉ាប់​ទ័​រ បាន​បង្អង់​ល្បឿន​ដោយសារ នៅ​ខាង​មុខ មាន​កម្លាំង​សមត្ថកិច្ច​កំពុង​រៀបចំ​ត្រៀម​អនុវត្ត​បម្រាម​គោចរ​នៅ​ម៉ោង​៨​យប់ ។ កំឡុង​ពេល​បង្អង់​ល្បឿន​នោះ ស្រាប់តែ​រថយន្ត​ឡង់​គ្រី​ស្ស័រ ស៊េរីចាស់​ ដែល​បាន​ធ្វើ​ដំណើរ​មក​ពីក្រោយ​នោះ បាន​បើក​បុក​ពីក្រោយ​រថយន្ត​ហ្វ​ត ចំ​កង់​២​គ្រឿង​ដែល​ដាក់​នៅ​ទម្រ​ដែក​ខាងក្រោយ​កា​ប៊ិ​ន​រថយន្ត បណ្តាល​អោយ​កង់​២​គ្រឿង​ត្រូវ​ខូចខាត ហើយ​រថ​យន្តកំ​ពិត​ផ្នែក​ខាងក្រោយ​បន្តិចបន្តួច ។ ចំណែក​រថយន្ត​បង្ក ត្រូវ​ខូចខាត​ផ្នែក​ខាង​មុខ ។

ភ្លាម​ៗ បន្ទាប់​ពី​កើតហេតុ កម្លាំង​សមត្ថកិច្ច​នៅ​ក្បែរ​នោះ​ស្រាប់​ដែល​ត្រៀម​នឹង​អនុវត្ត​បម្រាម​គោចរ បាន​ទៅ​អន្តរា​គម​ន៍​ធ្វើការ​សម្របសម្រួល​ដល់​ភាគី​ទាំង​២ ​ប៉ុន្តែ​ពុំ​ត្រូវ​រ៉ូវគ្នា​សោះ ដោយសារកង់​២​គ្រឿង​ដែល​រង​ការ​ខូចខាត​នោះ មាន​តម្លៃ​ដល់​តែ​ជិត​២០,០០០​ដុល្លារ ហើយ​ម្ចាស់​រថយន្ត​ដឹក​កង់បាន​ទារ​សំណង​៤,០០០​ដុល្លារ ខ​ណៈបុរស​ជា​អ្នក​បើករថយន្ត​បង្ក​ពុំ​មាន​លទ្ធ​ភាព​សង​ឡើយ ។

បើ​តាម​ការ​អោយ​ដឹង​ពី​ភាគី​រង​គ្រោះបាន​បញ្ជាក់​ថា កង់​ទាំង​២​គ្រឿង មួយ​គ្រឿង​ម៉ាក Specialized S-work Epic XX1 Eagle ពណ៌​ស មាន​តម្លៃ​ជាង​១​ម៉ឺន​ដុល្លារ​, និង​កង់​មួយទៀត​ម៉ាក GIANT ពណ៌​ខ្មៅ តម្លៃ​៣,៨០០​ដុល្លារ ដែល​កង់​ហាត់ប្រាណ​ទាំង​២​នេះ គឺ​ដឹក​យក​ទៅ​ជូន​មេ​របស់​​ពួកគាត់​ តែ​មក​ដល់​ចំណុច​ខាងលើ បែរជា​​ត្រូវ​ជួប​គ្រោះថ្នាក់​បែប​នេះ​ទៅ​វិញ ។

ដោយសារ​តែ​ការ​និយាយ​អង្វរកអស់​រយៈ​ពេល​ជា​យូរ​ពុំ​ត្រូវ​រ៉ូវគ្នា​នោះ បុរស​ជា​ម្ចាស់​រថយន្ត​បង្ក ក៏​បាន​លត់​ជង្គង់​សំពះ​អង្វរ​ប្តី​ប្រពន្ធ​ទាំង​២​នាក់បន្ថែម​ទៀត ដោយ​សុំ​សង​សំណង​១,០០០​ដុល្លារ សម្រាប់​ថ្លៃ​ខូចខាត​ទាំងអស់ ព្រោះ​រូបគេ​ពុំ​មាន​លទ្ធ​ភាព​ច្រើន​ជាង​នឹង​ឡើយ ។ បន្ទាប់​ពី​មានការ​លត់​ជង្គង់​សំពះ​អង្វរ​ហើយ​នោះ ភាគី​ខាង​ម្ចាស់​រថយន្ត​ហ្វ​ត មាន​ក្តី​អាណិតអាសូរ ក៏​សម្រេចចិត្ត​​យល់ព្រម​ទទួល​សំណង​១​ពាន់​ដុល្លារ ​ដើម្បី​បញ្ចប់រឿង​តែ​ម្តង​ទៅ ប៉ុន្តែ​ក៏​បាន​ធ្វើការ​ណែនាំ​ដល់​ម្ចាស់​រថយន្ត​បង្ក លើក​ក្រោយ​ពេល​បើក​បរ​សូម​ប្រយ័ត្នប្រយែង​​ចៀស​វាង​គ្រោះថ្នាក់​ដល់​អ្នក​ដទៃ នេះ​សំណាង​ហើយ​ខូចខាត​តែ​ទ្រព្យសម្បត្តិ អាច​សង​វិញ​បាន ចុះបើ​បើក​បុក​មនុស្ស ហើយ​មាន​អ្នក​ស្លា.ប់​នោះ ចង់​យក​អ្វី​មក​សង​ក៏​មិន​គ្រប់​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ