ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​១៩​ម្នាក់​នៅ​ក្នុង​ឃុំ​ព្រះ​ដាក់​ដែល​ទើប​​មក​ពី​ភ្នំពេញ ប៉ុន្តែ​មិន​ប៉ះពាល់​​បងប្អូន​ពលរដ្ឋ​​ក្នុង​សហគមន៍​ទេ

2 ឆ្នាំ មុន

ខេត្តសៀមរាប ៖ លោក ឃឹម ហ្វី​ណ​ង់ អភិបាលស្រុក​បន្ទាយស្រី បាន​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ម្នាក់​នៅ​ក្នុង​ឃុំ​ព្រះ​ដាក់​ឈ្មោះ រ៉ូ​ន រាន់…

ខេត្តសៀមរាប ៖ លោក ឃឹម ហ្វី​ណ​ង់ អភិបាលស្រុក​បន្ទាយស្រី បាន​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ម្នាក់​នៅ​ក្នុង​ឃុំ​ព្រះ​ដាក់​ឈ្មោះ រ៉ូ​ន រាន់ ដែល​ទើប​វិល​ត្រលប់​មក​ពី​ភ្នំពេញ ត្រូវ​បាន​រក​ឃើញ​មាន​ផ្ទុក​វិជ្ជមាន​កូ​វី​ដ​១៩ ប៉ុន្តែ​មិន​មាន​ប៉ះពាល់​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​សហគមន៍​នោះ​ទេ និង​ត្រូវ​បាន​ដាក់​ឱ្យ​នៅ​ដាច់​ដោយឡែក​នៅ​ក្នុង​មណ្ឌល​ច​ត្តា​ឡី​ស័ក​របស់​ស្រុក​បន្ទាយស្រី ខេត្តសៀមរាប តាំងពី​ថ្ងៃ​មក​ដល់​ដំបូង ។

ក្រោយ​ពី​ទទួល​បានការ​រាយការណ៍​ពី​សំណាក់​ភរិយា លោក រ៉ូ​ន រាន់ ដែល​ជា​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​ថ្នល់​បណ្តោយ​នៃ​ឃុំ​ព្រះ​ដាក់ ថា​ប្តី​របស់​ខ្លួន និង​មិត្តភក្តិ​ដែល​បាន​ទៅ​ធ្វើការ​នៅ​ភ្នំពេញ​មួយ​នាក់​ទៀត និង​ធ្វើ​ដំណើរ​តាម​រយៈ​ក្រុមហ៊ុន​ណា​រី​តា​វិល​ត្រលប់​ចូល​មក​ដល់​ក្នុង​មូលដ្ឋាន​វិញ នៅ​ល្ងាច​ថ្ងៃ​៦ ឧសភា​រួច​មក ក្រុមការងារ​គ្រប់គ្រង​កូ​វី​ដ​១៩ របស់​ស្រុក​បន្ទាយស្រី​បាន​តម្រូវ​ឱ្យ​ក្រុម​គ្រួសារ​លោក​រ៉ូ​ន រាន់ រៀបចំ​ម៉ូតូ​២​គ្រឿង ដើម្បី​ទៅ​ទទួលយក​ពី​ចំណុច​ស្វាយ​ធំ​នៃ​ស្រុក​បាគង ហើយ​បន្តដំណើរ​ចូល​ទៅ​ក្នុង​មណ្ឌល​ច​ត្តា​ឡី​ស័ក​ផ្ទាល់​តែ​ម្តង ដើម្បី​ត្រួតពិនិត្យ​សុខភាព ដោយ​បាន​គោរព​តាម​វិធានការ​សុវត្ថិភាព មិន​មាន​ប៉ះពាល់​គ្នា និង​ប្រើប្រាស់​ម៉ូតូ​ដាច់​ដោយឡែក​រៀង​ៗ​ខ្លួន ។

ដោយ​ពិនិត្យ​ឃើញ​មាន​រោគ​សញ្ញា​គួរ​ឱ្យ​សង្ស័យ​ទៅ​លើ​ឈ្មោះ រ៉ូ​ន រាន់ ក្រុមការងារ​បាន​សម្រេច​បញ្ជូន​បន្ត​ទៅ​យក​សំណាក និង​ទទួល​បាន​លទ្ធផល​វិជ្ជមាន​កាលពី​យប់​ថ្ងៃ​៧ ខែឧសភា ។

ជា​វិធានការ​បន្ថែម និង​បន្ទាន់ រដ្ឋបាល​ស្រុក​បាន​ជូនដំណឹង​ភ្លាម​ៗ​ទាំង​យប់​ដល់​ក្រុម​គ្រួសារ​អ្នក​វិជ្ជមាន និង​អ្នក​នៅ​ក្នុង​មណ្ឌល​ច​ត្តា​ឡី​ស័ក​ទាំងអស់ ព្រមទាំង​សម្រេច​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​នឹង​ផ្ទះ​ទៅ​លើ​ភរិយា​លោក​រ៉ូ​ន រាន់ និង​បន្ត​ច​ត្តា​ឡី​ស័ក​អ្នក​នៅ​ក្នុង​មណ្ឌល​ស្រាប់​ទាំង​១៣​នាក់​រយៈពេល​១៤​ថ្ងៃ​បន្ថែម​ទៀត ដើម្បី​ក្តោប​ឱ្យ​អស់អ្នក​ពាក់ព័ន្ធ និង​ធានា​ឱ្យ​បាន​ថា​មិន​មានការ​ឆ្លង​បន្ត​ចូល​ទៅ​ក្នុង​សហគមន៍ ។ មិត្តភក្តិ​រួម​ដំណើរ​ជាមួយ​លោក រ៉ូ​ន រាន់ មក​ពី​ភ្នំពេញ ក៏​ត្រូវ​បាន​បញ្ជូន​ទៅ​ធ្វើតេស្ត​យក​សំណាក​នៅ​ក្នុង​ព្រឹក​នេះ​ផង​ដែរ ហើយ​រដ្ឋបាល​ស្រុក​នឹង​ធ្វើការ​ជូនដំណឹង​ពី​លទ្ធផល​នៅ​ពេល​ក្រោយ​ទៀត ។

លោក អភិបាលស្រុក បាន​បញ្ជាក់​ថា រហូត​មក​ដល់​ពេល​នេះ ស្រុក​បន្ទាយស្រី​ធ្លាប់​មានការ​ពាក់ព័ន្ធ​ដោយ​ផ្ទាល់ និង​ដោយ​ប្រយោល​ជា​ច្រើន​ករណី​រួច​មក​ហើយ ប៉ុន្តែ​មិន​ទាន់​មានការ​ឆ្លង​បន្ត​ចូល​ទៅ​ក្នុង​សហគមន៍​នៅឡើយ​ទេ ។ រដ្ឋបាល​ស្រុក​សង្ឃឹមថា បងប្អូន​ប្រជាពលរដ្ឋ​នៅ​ក្នុងស្រុក​ទាំងអស់​នឹង​នៅ​តែ​បន្ត​ចូលរួម​សហការ​ជាមួយ​ក្រុមការងារ​គ្រប់គ្រង​កូ​វី​ដ រាយការណ៍​ឱ្យ​បាន​ទាន់​ពេលវេលា និង​បន្ត​ប្រុង​ប្រយ័ត្ន​ចូលរួម​អនុវត្ត​វិធានការ​ការពារ​«៣​ការពារ​-៣​កុំ​» ក៏​ដូច​ជា​អនុវត្ត​កាតព្វកិច្ច​ពាក់​ម៉ាស រក្សា​គម្លាត ដើម្បី​ថែរក្សា​ឱ្យ​ស្រុក​បន្ទាយស្រី​របស់​យើង​អាច​ឆ្លង​ផុត​ពី​មេរោគ​កូ​វី​ដ​១៩ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ