ខេត្តមណ្ឌលគិរី៖ ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋធ្វើដំណើរ ការដឹកជញ្ជូនកសិផល និងទំនិញផ្សេងៗ សម្រាប់បម្រើសេចក្តីត្រូវការ ក្នុងខេត្តមណ្ឌលគិរី អាជ្ញាធរខេត្ត បានជួសជុលកំណាត់ផ្លូវជាតិលេខ៧៦ ដែលរងការខូចខាតជាងបួនគីឡូម៉ែត្រ នៅចំនុចទឹកខួប ក្នុងភូមិសាស្ត្រស្រុកកែវសីមា។
ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី មានប្រសាសន៍ថា ផ្លូវជាតិលេខ៧៦នេះ បានដាក់ឲ្យប្រើប្រាស់ កាលពីឆ្នាំ២០១២ ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលរហូតមកដល់ពេលនេះ កំណាត់ផ្លូវមួយចំនួន បានរងការខូចខាត ហើយមន្ទីរសាធារណការ និងដឹកជញ្ជូន ក៏បានជួសជុលជាបន្តបន្ទាប់។
ឯកឧត្តមអភិបាលខេត្ត បន្តថា ផ្លូវជាតិលេខ៧៦នេះ គឺជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់បំផុតរបស់ខេត្តមណ្ឌលគិរី។ បើមិនមានការយកចិត្តទុកដាក់ថែទាំ ឬជួសជុលឲ្យបានទាន់ពេលទេ វាអាចធ្វើឲ្យរាំងស្ទះដល់កិច្ចការអភិឌ្ឍន៍ស្ទើរគ្រប់វិស័យរបស់ខេត្ត។ ដោយសារតែផលប្រយោជន៍ ដែលទទួលបានពីផ្លូវជាតិមួយខ្សែនេះ ដ៏លើសលប់ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាដល់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ត្រូវតែជួសជុលកំណាត់ផ្លូវជាតិនេះ ឲ្យមានគុណភាពខ្ពស់ ចៀសវាងការជួសជុលខាងមុខ ខូចខាងក្រោយ ដែលនាំឲ្យខាតបង់ថវិកាជាតិ ប៉ះពាល់ដល់ការធ្វើចរាចរណ៍ ជាពិសេសប៉ះពាល់ដល់ការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
លោក រស់ គីមធន់ ប្រធានមន្ទីរសារធារណការ និងដឹកជញ្ជូន ខេត្តមណ្ឌលគិរី បានឲ្យដឹងថា ការបើកការដ្ឋានជួសជុលនេះ មានប្រវែង ៤៣៨០ម៉ែត្រ នៅចន្លោះគីឡូម៉ែត្រលេខ ៦៧+៥០០ ដល់ ៧១+៨៨០ ដែលជាថវិកាគម្រោងប្រចាំឆ្នាំ ផ្នែកការងារថែទាំឆ្នាំ២០២១។
ដោយសារផ្លូវមានការខូចខាតធ្ងន់ធ្ងរ ទើបមន្ទីរ សម្រេចជួសជុលឡើងវិញ១០០% ព្រោះស្ថានភាពផ្លូវចាស់ មានសភាពប៉ោងស្រុតរមួល ដែលមិនអាចថែទាំជាប្រចាំទៀតបានទេ៕ សាយ ករុណា




ចែករំលែកព័តមាននេះ