ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រោងចក្រ​ថ្មី​ៗ​បើក​ដំណើរការ​ជាង​១​ពាន់​ទីតាំង​ក្នុង​វិបត្តិ​កូ​វី​ដ​១៩

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ យោង​តាម​សារលិខិត​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ថ្លែង​ក្នុង​ឱកាស​ខួប​អនុស្សាវរីយ៍​លើ​ទី​១៣៥​នៃ​ទិវា​ពលកម្ម​អន្តរជាតិ ថ្ងៃ​ទី​០១ ឧសភា ២០២១​នេះ បានឱ្យ​ដឹង​ថា ទោះបីជា​កម្ពុជា​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ដ៏​លំបាក​នៃ​ជំងឺ​កូ​វី​ដ​១៩ ក៏​ដោយ…

រាជធានី​ភ្នំពេញ​៖ យោង​តាម​សារលិខិត​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ថ្លែង​ក្នុង​ឱកាស​ខួប​អនុស្សាវរីយ៍​លើ​ទី​១៣៥​នៃ​ទិវា​ពលកម្ម​អន្តរជាតិ ថ្ងៃ​ទី​០១ ឧសភា ២០២១​នេះ បានឱ្យ​ដឹង​ថា ទោះបីជា​កម្ពុជា​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ដ៏​លំបាក​នៃ​ជំងឺ​កូ​វី​ដ​១៩ ក៏​ដោយ រាជរដ្ឋាភិបាល​នៅ​តែ​ខិតខំ​បន្ត​រក្សា​ការងារ​ដែល​មាន​ស្រាប់ និង​បង្កើត​ការងារ​ថ្មី​ៗ​គ្រប់​ប្រភេទ​ជូន​ពលរដ្ឋ ដែល​នាំ​ឱ្យ​ផល​ប៉ះពាល់​លើ​ចំនួន​ការងារ​ស្ថិត​នៅ​ក្នុង​កម្រិត​មួយ​ដែល​អាច​គ្រប់គ្រង​បាន ។

សម្ដេច​តេ​ជោ ​មាន​ប្រសាសន៍​ថា រោងចក្រ​សហគ្រាស​ចំនួន ​១១០៣​ បាន​បើក​ដំណើរការ​ថ្មី ដែល​ផ្ដល់​ការងារ​ដល់​កម្មករនិយោជិត​សរុប​ជាង​៦​ម៉ឺន​នាក់​បន្ថែម​ទៀត ។ លើស​ពី​នេះ ចំនួន​រោងចក្រ​សហគ្រាស​ដែល​បាន​ព្យួរ​កិច្ចសន្យារ​ការងារ​បាន​ធ្លាក់​ចុះ​ពី​ចំណុចកំពូល​នៅ​ខែមិថុនា ឆ្នាំ ២០២០ ពី​ចំនួន​៤៣៣ ស្មើនឹង​កម្មករនិយោជិត​ជាង​១៥​ម៉ឺន​នាក់​មក​ត្រឹម​១៥០​រោងចក្រ​សហគ្រាស ស្មើនឹង​កម្មករ​ជាង​២​ម៉ឺន​នាក់ គិត​ត្រឹម​បំណាច់​ឆ្នាំ ២០២០ និង​បន្ត​ធា្ល​ក់​ចុះ​ជា​បណ្ដើរ​ៗ​ផង​ដែរ ។ ទន្ទឹម​នឹង​នេះ ទីភ្នាក់ងារ​ជាតិ​មុខរបរ​និង​ការងារ ក៏​បាន​ចុះ​ឈ្មោះ​ស្វែងរក​ការងារ​ចំនួន​១៧.២០១​នាក់ បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ជ្រើសរើស​កម្លាំង​ពលកម្ម​ចំនួន​១៨៤.៨០៨​នាក់ និង​បាន​បន្ត​ជួយ​ស្វែងរក​ការងារ​ជូន​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន​ភូមិ​ឃុំ​ផង​ដែរ ។

សម្ដេច​បន្ថែម​ថា ព្រឹត្តិការណ៍​សហគមន៍​២០ កុម្ភៈ ២០២១ បាន​បណ្ដាល​ឱ្យ​ករណី​វិជ្ជមាន​នៃ​ជំងឺ​កូ​វី​ដ​១៩ កើនឡើង​យ៉ាង​គំហុក គួរ​ឱ្យ​ព្រួយបារម្ភ ព្រមទាំង​បាន​ឆក់​យកអាយុ​ជីវិត​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ផង​ដែរ ។ រាជរដ្ឋាភិបាល​បាន​បន្ត​ដាក់​ចេញ​នូវ​កញ្ចប់​វិធានការ​អន្តរាគមន៍​ជុំ​ទី​៨ ដើម្បី​បន្ត​គ្រប់គ្រង​ផល​ប៉ះពាល់​លើ​វិស័យ​សំខាន់​ៗ​នៃ​សេដ្ឋកិច្ច នៅ​ក្នុង​បរិការណ៍​នៃ​វិបត្តិ​កូ​វី​ដ​១៩ ក្នុង​គោលបំណង កាត់​បន្ថយ​ផល​ប៉ះពាល់ មក​លើ​ស្ថានភាព​សង្គម​សេដ្ឋកិច្ច និង​គោលបំណង​ធ្វើ​យ៉ាងណា​ស្ដារ​សេដ្ឋកិច្ច​លើកកម្ពស់​ជីវភាព​ពលរដ្ឋ​កម្ពុជា​ឡើង​វិញ ។

អ្នកជំនាញ​នៃ​វិស័យ​អចលនទ្រព្យ​ជា​ច្រើន​បាន​លើក​ឡើង​ថា នៅ​ក្នុង​វិបត្តិ​នៃ​ជំងឺ​កូ​វី​ដ​១៩​នេះ វិស័យ​ជា​ច្រើន​បាន​រង​ផល​ប៉ះពាល់ និង​បន្ថយ​នូវ​សកម្មភាព​នៃ​ការ​វិនិយោគ ប៉ុន្តែ​សម្រាប់​វិ​ស័​ឧស្សាហកម្ម​រោងចក្រ​កាត់ដេរ នៅ​តែ​ទទួល​បានការ​វិនិយោគ​ជា​បន្តបន្ទាប់​ពី​សំណាក់​វិនិយោគ ដោយ​មាន​វិនិយោគ​ជា​ច្រើន​ស្វែងរក​ទីតាំង​សម្រាប់​សង់​ឃ្លាំង​ជួល​ធ្វើ​ជា​រោងចក្រ​កាត់ដេរ ។

ជា​ការ​កត់សម្គាល់​បើ​តាម​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ក៏​បាន​បង្ហាញ​អំពី​ការ​បណ្ដាក់ទុន​វិនិយោគ​ជា​បន្តបន្ទាប់​នៅ​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម​រោងចក្រ ហើយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ក៏​បាន​ចេញ​វិញ្ញាបនបត្រ​ជា​បន្តបន្ទាប់​ផង​ដែរ បណ្ដា​ក្រុមហ៊ុន​វិនិយោគ​ទាំងនោះ​អាច​ដំណើរការ​វិនិយោគ​បាន ។

តាម​ការ​ព្យាករ​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី​ក៏​បានឱ្យ​ដឹង​ថា​ផលិតកម្ម​ឧស្សាហកម្ម​ត្រូវ​រំពឹង​កើនឡើង​៧,១​ភាគរយ​នៅ​ឆ្នាំ ២០២១ និង​៧​ភាគរយ​នៅ​ឆ្នាំ​២០២២ ដោយសារ​ការ​ងើបឡើង​វិញ​នៃ​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់ ស្បែកជើង និង​ទំនិញ​សម្រាប់​ធ្វើ​ដំណើរ ក៏​ដូច​ជា​កំណើន​នៃ​ឧស្សាហកម្ម​ធុន​ស្រាល​ផ្សេង​ទៀត ដូច​ជា​ផលិតផល​អេ​ឡិច​ត្រូ​និក និង​កង់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ