ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​និយាយ​និង​និយាយ​រួច​ហើយ​កូន​ត្រូវ​ប្រយ័ត្ន

2 ឆ្នាំ មុន

ពាក្យ​និយាយ​របស់​មនុស្ស​គឺជា​រឿង​សំខាន់​ណាស់ និយាយ​យ៉ាងណា ត្រូវធ្វើ​ឱ្យ​បាន​យ៉ាងនោះ ហេតុនេះ​កូន​ត្រូវ​ប្រយ័ត្ន​ចំពោះ​ចំណុច​២​យ៉ាង​គឺ ១-​មុន​និយាយ និង​២-​និយាយ​រួច​ហើយ ។ មុន​និយាយ កូន​ត្រូវ​គិតមុខគិតក្រោយ​ឲ្យ​ល្អ និង​កាល​និយាយ​រួច​ហើយ…

ពាក្យ​និយាយ​របស់​មនុស្ស​គឺជា​រឿង​សំខាន់​ណាស់ និយាយ​យ៉ាងណា ត្រូវធ្វើ​ឱ្យ​បាន​យ៉ាងនោះ ហេតុនេះ​កូន​ត្រូវ​ប្រយ័ត្ន​ចំពោះ​ចំណុច​២​យ៉ាង​គឺ ១-​មុន​និយាយ និង​២-​និយាយ​រួច​ហើយ ។

មុន​និយាយ កូន​ត្រូវ​គិតមុខគិតក្រោយ​ឲ្យ​ល្អ និង​កាល​និយាយ​រួច​ហើយ កូន​ត្រូវ​រក្សា​ពាក្យ​និយាយ​នោះ​ឱ្យ​បាន ។
ពាក្យ​ដែល​យើង​និយាយ​ចេញ​ទៅ​ហើយ​គឺជា​ចៅហ្វាយនាយ​របស់​យើង​ណា​កូន នឹង​បង្គាប់​ឲ្យ​យើង​ត្រូវ​តែ​ធ្វើ​តាម​សន្យា ទោះបីជា​ត្រូវ​ស្លាប់​ក៏​ត្រូវ​ព្រម​ដែរ​ដើម្បី​រក្សា​សម្តី​ដែល​ពោល​ទៅ​នោះ ។

កូន​អើយ រឿង​ពាក្យ​សម្តី​នេះ​មនុស្ស​ទាំងឡាយ​គេ​កាន់​យក​ណាស់ បើ​បង់​សម្តី​ទៅ​ហើយ អ្វី​ៗ​ដទៃ​ទៀត​សូ​ម្បី​ល្អ​យ៉ាងណា​ក៏​រមែង​ខូច​កេរ្តិ៍ឈ្មោះ​ក្នុង​ការ​មិន​រក្សា​សម្តី ដូច្នេះ​ហើយ​ទើប​បុរាណ​ពោល​ថា មនុស្ស​គេ​យកសម្តី ដំរី​គេ​យក​ភ្លុក ។

ព្រោះហេតុនេះ នៅ​ពេល​កូន​គិត​ថា ខ្លួនឯង​ត្រូវ​លំបាក​ព្រោះហេតុតែ​ត្រូវ​រក្សា​សម្តី ហើយ​បើ​កូន​មិន​ចង់​លំបាក គឺ​កូន​កុំ​ចេះ​តែ​ទទួល​ពាក្យ​គេ​ដោយ​ងាយ​ៗ​នោះ ត្រូវ​ពិចារណា​ឲ្យ​ល្អជា​មុន​ថា កាល​ទទួល​ពាក្យ​គេ​ហើយ អាត្មាអញ​ក៏​ត្រូវធ្វើ​បាន​យ៉ាងនោះ​ដែរ​ឬទេ គឺ​ត្រូវ​គិត​ល្អិតល្អន់​ស្រួលបួល​ហើយ​ជា​មុន​សិន ។

មនុស្ស​យើង បើ​រក្សា​សម្តី​ខ្លួនឯង​ទុក​មិន​បាន​ទៅ​ហើយ តើ​អាច​រក្សា​អ្វី​បាន​ទៅ​ព្រោះ​អម្បាល​ពាក្យ​សម្តី​ជា​សម្បត្តិ​មាន​តម្លៃ​ក្នុង​ខ្លួន រក្សា​មិន​បាន​ផង ចំណង់​បើ​របស់​ដទៃ​ក្រៅ​ខ្លួន​ធ្វើ​ដូច​ម្តេច​នឹង​អាច​រក្សា​បាន ។ ដូច្នេះ​ទើប​ម៉ែឪ​ដាស់តឿន​ឲ្យ​កូន​​ពិចារណា​ឲ្យ​ល្អ​មុន​និយាយ មុន​សន្យា​អ្វី​ៗ​ជាមួយ​អ្នក​ណា​ៗ ហើយ​ត្រូវ​កូន​កុំ​ជា​មនុស្ស​ភ្លេច​ពាក្យ​សន្យា​ដោយ​ងាយ ៗ ឡើយ ។

មនុស្ស​ដែល​បង់​ពាក្យ​បង់​សម្តី​ហើយ សូ​ម្បី​ដោះស្រាយ​យករួចខ្លួន​បាន​ម្តង​ក៏​ពិតមែន តែ​លុះដល់​តទៅ​កាលបើ​មាន​ហេតុការណ៍​ចាំបាច់​ត្រូវ​សន្យា​ធ្វើ​ឲ្យ​បាន​យ៉ាងណា​នោះ ក៏​គេ​ដក​សេចក្តី​ទុក្ខ​ចិត្ត​ដែរ ។

ចូរ​កូន​កុំ​ជា​មនុស្ស​និយាយ​ឡេះឡោះ ឬ​និយាយ​កុហក​សូ​ម្បី​តែ​ដើម្បី​សើច​លេង​ឡើយ និង​ចូរ​កូន​ចាំ​ទុក​ថា ពាក្យ​សម្តី​សំខាន់​សម្រាប់​មនុស្ស​យើង​ខ្លាំង​ណាស់ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ