រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា បុរសម្នាក់ជាមន្ត្រីអន្តរាគមន៍ខណ្ឌដង្កោ បានជិះម៉ូតូឌុបប្រពន្ធ និងកូនស្រីតូចម្នាក់ ក៏ស្រាប់តែត្រូវរថយន្តប៉ែនដឹកដីបត់ស្តាំ រួចមកបុកម៉ូតូ បណ្តាលឲ្យមន្ត្រីអន្តរាគមន៍អធិការដ្ឋានខណ្ឌដង្កោស្លា.ប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកប្រពន្ធបាក់ជើង រីឯកូនស្រីតូចមិនមានរងរបួសនោះទេ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ នៅចំណុចច្រកចូលការដ្ឋានចាក់ដី តាមផ្លូវ៦០ម៉ែត្រ ស្ថិតនៅក្នុងភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។

លោក ជឹម សុភ័ក្ត្រ អធិការរងទទួលចរាចរណ៍អធិការដ្ឋានខណ្ឌមានជ័យ បានប្រាប់អោយដឹងថា ជនរងគ្រោះដែលស្លា.ប់ខាងលើមានឈ្មោះ ម៉ៅ ចាន់ឌូ ភេទប្រុស ជាមន្ត្រីអន្តរាគមន៍អធិការដ្ឋានខណ្ឌដង្កោ ស្នាក់នៅភូមិរលួស សង្កាត់រលួស ខណ្ឌដង្កោ ចំណែកជនសង្ស័យជាអ្នកបើកបររថយន្តប៉ែនដឹកដីមានឈ្មោះ លី សុខខេង អាយុ៣៣ឆ្នាំ ស្នាក់នៅភូមិព្រែក ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
 
លោកអធិការរងទទួលចរាចរណ៍អធិការដ្ឋានខណ្ឌមានជ័យ បន្តថា មុនពេលកើតហេតុ ជនរងគ្រោះជាមន្ត្រីអន្តរាគមន៍អធិការដ្ឋានខណ្ឌដង្កោ ជិះម៉ូតូម៉ាកហុងដា BeAT ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1IN-2083 បានឌុបប្រពន្ធនិងកូនស្រីតូចអាយុជាង១ខួបម្នាក់ ដោយធ្វើដំណើរតាមផ្លូវ៦០ម៉ែត្រ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចការដ្ឋាន ក៏ស្រាប់តែមានរថយន្តប៉ែនដឹកដី១គ្រឿង ពណ៌ស គ្មានស្លាកលេខ បើកបរដោយបុរសម្នាក់បានបួងចង្កូតលឿន រួចបត់ស្ដាំមិនបានប្រយ័ត្ន ក៏កៀរម៉ូតូ និងកិនបុរសជាជនរងគ្រោះស្លា.ប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង ចំណែកប្រពន្ធអង្គុយខាងក្រោយបាក់ជើងខាងស្ដាំ តែសំណាងល្អកូនស្រីតូចមិនមានរបួសអ្វីឡើយសូម្បីតែបន្តិច ។

ក្រោយពេលកើតហេតុ បុរសបើករថយន្តបង្កបានព្យាយាមបើករត់គេចខ្លួន តែត្រូវបុគ្គលិកជិះម៉ូតូដឹកភេសជ្ជ:តាមអនឡាញ ប្រទះឃើញហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ ក៏ជួយជិះម៉ូតូដេញតាមរថយន្តបង្កហេតុ រហូតចូលក្នុងការដ្ឋាន ហើយក៏ធ្វើការឃាត់ខ្លួនបានទាំងរថយន្តបង្ក និងបុរសបើករថយន្តបង្កនោះ យកមកប្រគល់អោយសមត្ថកិច្ចតែម្តង ។

បើតាមសមត្ថកិច្ចបន្តថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានប្រគល់អោយទៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុក រួមទាំងបុរសបើកបររថយន្តបង្កនាំទៅសួរនាំ ចំណែកស្ត្រីជាប្រពន្ធនិងកូនស្រីតូច ក៏ត្រូវបានរថយន្តសង្គ្រោះគ្លីនិកឯកជន ដឹកយកទៅព្យាបាល ដោយឡែកស.ពជនរងគ្រោះក៏ត្រូវបានប្រគល់អោយគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកៀនស្វាយ ខេត្តកណ្ដាលផងដែរ ៕






 
                        
			         
				
ចែករំលែកព័តមាននេះ