ខេត្តត្បូងឃ្មុំ ៖ គិតរហូតមកដល់វេលាម៉ោង៦ល្ងាចថ្ងៃទី១៧ តុលា ២០១៥ ចោរប្លន់រថយន្តម៉ាក Ford ពណ៌ទឹកប្រាក់ ស៊េរី២០១៣ របស់ក្រុមហ៊ុនមិត្តហ្វូន(០៩៧ ) នៅចំណុចភូមិ៤៤ ឃុំព្រះធាតុ ស្រុកអូររាំងឪ ដែលបង្កឲ្យមានការភ្ញាក់ផ្អើលពេញអាណាចក្រខេត្តត្បូងឃ្មុំ មិនទាន់ត្រូវបានកម្លាំងសមត្ថកិច្ចតាមប្រមាញ់ចាប់ខ្លួនបាននៅឡើយទេ ហើយលោកឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ ស្នងការនគរបាលខេត្ត និងលោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានដាក់កម្លាំងរាប់សិបនាក់ដើម្បីតាមប្រមាញ់ចោរថ្លើមធំនោះដែរ ។
ក្នុងហេតុការណ៏នេះលោកវរសេនីយ៏ឯក ប្រាក់ ប៊ុនណុន ស្នងការរងនគរបាលខេត្តទទួលផែនព្រហ្មទណ្ឌ បានបញ្ជាឲ្យហៅបុគ្គលិកទាំង៣នាក់ទៅសួរនាំនៅអធិការដ្ឋាននគរបាលស្រុកអូររាងឪ ឃើញថា អ្នកបើកបររថយន្តឈ្មោះ សុភាព ឆ្លើយមិនស៊ីសង្វាក់គ្នារវាងពេលយប់ និងព្រឹកថ្ងៃទី១៧ តុលា ដែលធ្វើឲ្យសមត្ថកិច្ចមានការងឿងឆ្ងល់ រីឯការប្តឹងវិញគឺមិនបានប្តឹងមកសមត្ថកិច្ចមូលដ្ឋានភ្លាមៗទេ បែរជាទៅប្តឹងមិត្តភក្តិនៅខេត្តព្រៃវែងឲ្យជួយទៅវិញ កន្លះម៉ោងក្រោយទើបរាយការណ៍ទៅក្រុមហ៊ុន?
លោកវរសេនីយ៏ឯក ប្រាក់ ប៊ុនណុន បញ្ជាក់ថា នៅល្ងាចថ្ងៃទី១៧ តុលា រូបលោកបានឲ្យជំនាញក្រោមឱវាទ បំបែកសួរនាំបុគ្គលិកទាំង៣នាក់ឡើងវិញ ឃើញថា ២នាក់ឆ្លើយត្រូវគ្នា ចំណែកអ្នកបើកបររថយន្តឈ្មោះ សារាយ សុភាព ឆ្លើយមិនស៊ីសង្វាក់ជាមួយហេតុការណ៍ដែលបានកើតឡើងខាងលើឡើយ ។ បន្ទាប់មកលោកឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ ស្នងការនគរបាលខេត្តបញ្ជាឲ្យឃាត់ខ្លួនអ្នកបើកបររថយន្តនេះ ដើម្បីបំពេញសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់ ។
សូមបញ្ជាក់ថា បុគ្គលិកក្រុមហ៊ុនទូរស័ព្ទមិត្តហ្វូនដែលជួបហេតុការណ៍ចោរប្លន់រថយន្តកាលពីវេលាម៉ោង៨ និង២០នាទីយប់ ថ្ងៃទី១៦ តុលា ២០១៥នោះ មាន៣នាក់ គឺ១-ឈ្មោះ សារាយ សុភាព ភេទប្រុស អាយុ៤២ឆ្នាំ នៅភូមិទី២ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម, ២-ឈ្មោះ ធឿន ចាន់ថាន ភេទប្រុស អាយុ៣៣ឆ្នាំ នៅភូមិជីរោទិ៍ក្រោមទី១ ឃុំជីរោទិ៍ក្រោមទី១ ស្រុកត្បូងឃ្មុំ និង៣-ឈ្មោះ មុត ចាន់ធី ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិព្រៃទទឹង សង្កាត់សួង ក្រុងសួង ។
គួររំលឹកឡើងវិញថា ចោរប្រដាប់អាវុធម្នាក់ប្លន់រថយន្ត Ford ក្រុមហ៊ុនទូរស័ព្ទ០៩៧ នៅស្រុកអូររាំងឪ ៕






ចែករំលែកព័តមាននេះ