ខេត្តត្បូងឃ្មុំ ៖ ជនម្នាក់សម្បុរ.ស ស្លៀកខោប៉ារ៉ា ប្រដាប់ដោយអាវុធខ្លី១ដើម បានភ្ជង់ប្លន់យករថយន្ត Ford ១គ្រឿង ពណ៌ទឹកប្រាក់ ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខ ភ្នំពេញ 2Y-1483 ជារបស់ក្រុមហ៊ុនទូរស័ព្ទ ០៩៧ កាលពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី១៦ តុលា ២០១៥ នៅចំនៅចំណុចភូមិ៤៤ ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ខណៈពេលបុគ្គលិកក្រុមហ៊ុន៣នាក់ចុះតខ្សែកាប ។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះនៅក្នុងហេតុការណ៍ប្លន់រថយន្តទាំង៣នាក់មាន ១-ឈ្មោះ សារ៉ាយ សុភាព ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិទី២ សង្កាត់វាលវង់ ក្រុងកំពង់ចាម, ២-ឈ្មោះ ភឿង ចាន់ថាន ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិជីរោក្រោមទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និង៣-ឈ្មោះ មុត ចាន់ធី ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិព្រៃទទឹង សង្កាត់សួង ក្រុងសួង ។
ប្រភពបានឱ្យដឹងទៀតថា ជនប្រដាប់អាវុធប្លន់រថយន្តក្រុមហ៊ុនទូរស័ព្ទ ០៩៧ បានបើករថយន្តគេចខ្លួនតាមបណ្តោយផ្លូវជាតិលេខ៧ លុះមកដល់ចំណុចមុខសាលាបឋមសិក្សាទួលវិហារ ស្ថិតក្នុងភូមិជីរោទី២ ស្រុកត្បូងឃ្មុំ ក៏បុកគល់ត្នោតបណ្តាលឱ្យរថយន្តរងការខូចខាតយ៉ាងដំណំ ពេលនោះជនសង្ស័យប្លន់ប្រដាប់អាវុធក៏បានចុះចេញពីរថយន្តរត់គេចខ្លួនបាត់ ។
នៅក្នុងហេតុការណ៍នេះដែរ លោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធិ មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ និងលោកឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានបញ្ជាកម្លាំងក្រោមឱវាទជាច្រើននាក់ ពិសេសកម្លាំងនៅស្រុកត្បូងឃ្មុំ និងស្រុកអូររាំងឪ តាមប្រមាញ់ចាប់ខ្លួនជនសង្ស័យប្លន់ប្រដាប់អាវុធខាងលើ ប៉ុន្តែរហូតមកដល់ម៉ោង១១ និង២០នាទីយប់ថ្ងៃទី១៦ តុលា ២០១៥ នេះនៅមិនទាន់ចាប់បានជនសង្ស័យនៅឡើយទេ ៕





ចែករំលែកព័តមាននេះ