ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង១៦និង៣០នាទី ក្រោមការដឹកនាំរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងកំពង់សោម ដឹកនាំដោយលោក នួន ប៊ុនថុល អភិបាលក្រុង និងមានការសម្រលសម្រួលនីតិវិធីពីលោក កង ធីរ៉េម ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ និងដោយមានការចង្អុលបង្ហាញពីឧត្ដមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការជាមួយក្រុមការងារចម្រុះរួមមាន កម្លាំងផែនការងារសន្តិសុខ កម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់សោម កម្លាំងកងរាជអាវុធហត្ថក្រុងកំពង់សោម នៅផ្ទះវីឡាជួលមួយកន្លែង ម្តុំស្ពានត្រជាក់ចិត្ត ស្ថិតក្នុងភូមិគគីរ សង្កាត់បិតត្រាំង ក្រុងកំពង់សោម ខេត្តព្រះសីហនុ ។
ជាលទ្ធផល សមត្ថកិច្ចរកឃើញជនបរទេសសរុប ២៦នាក់ ស្រី ៣នាក់ រួមមាន ជនជាតិចិន ៣នាក់ និងជនជាតិវៀតណាម ២៣នាក់ មិនមានលិខិតឆ្លងដែនជាប់ខ្លួន ។ ក្រោយការត្រួតពិនិត្យឧបករណ៍អេឡិចត្រូនិច បានរកឃើញថា មានពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ។
សមត្ថកិច្ចបានដកហូតសម្ភារៈរួមមាន កុំព្យូទ័រយួរដៃ ១១គ្រឿង, ទូរស័ព្ទ ២០គ្រឿង, រថយន្ត ២គ្រឿង និងម៉ូតូ ១គ្រឿង ។
បច្ចុប្បន្ន ជនបរទេសទាំង ២៦នាក់ ត្រូវបាននាំមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសាកសួរ និងបន្តនីតិវិធី ។ ចំណែកទីតាំងខាងលើ ដោយមានតំណាងម្ចាស់ទីតាំងឈ្មោះ ឌឹម គាំ ភេទស្រី ជនជាតិខ្មែរ អាយុ ៣៦ឆ្នាំ ត្រូវបានបិទសៀលជាបណ្តោះអាសន្ន ។
ករណីនេះដែរ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាឱ្យសមត្ថកិច្ចជំនាញធ្វើការស្រាវជ្រាវបន្ថែម លើទីតាំងខាងលើនេះ ៕









ចែករំលែកព័តមាននេះ