រាជធានីភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា តាមរយៈការប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំ របស់កម្ពុជា ចំពោះការដោះស្រាយការទាមទារដែនសមុទ្រត្រួតស៊ីគ្នា ជាមួយប្រទេសថៃ ជាករណីទី២ ក្នុងប្រវត្តិសាស្ត្ររបស់ UNCLOS បន្ទាប់ពីករណីដំបូងរវាងប្រទេសទីម័រខាងកើត និងអូស្ត្រាលី ។
ក្នុងសេចក្តីថ្លែងការណ៍ ផ្ញើជូនជនរួម ជាតិកម្ពុជា ស្ដីពីដំណោះស្រាយរបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងការទាមទារដែនសមុទ្រត្រួតស៊ីគ្នាជាមួយប្រទេសថៃ នាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អនុសញ្ញាអង្គការ សហប្រជាជាតិ ស្តីពីនីតិសមុទ្រ ដែលស្គាល់ជាទូទៅថា UNCLOS ជាសន្ធិសញ្ញាអន្តរជាតិ ដែលកំណត់នូវសិទ្ធិ និងការទទួលខុស ត្រូវរបស់រដ្ឋភាគីនានា ពាក់ព័ន្ធនឹងដែន សមុទ្រ ដែលក្នុងនោះទាំងកម្ពុជា និងថៃ ជារដ្ឋភាគីនៃអនុសញ្ញានេះ ។
ជាមួយគ្នានោះដែរសម្តេចធិបតី នាយករដ្ឋមន្ត្រី បានអះអាងថា ការផ្សះផ្សាដោយបង្ខំ គឺជាយន្តការផ្លូវច្បាប់ដោយ សន្តិវិធី នៅក្រោមអនុសញ្ញា UNCLOS ។ យន្តការនេះ នឹងអនុញ្ញាតឱ្យប្រទេសទាំងពីរ បង្ហាញនូវជំហររបស់ខ្លួន នៅចំ ពោះមុខគណៈកម្មការឯករាជ្យមួយ ដែលមានសមាជិកជាអ្នកផ្សះផ្សាចំនួន៥រូប និងសុទ្ធតែជាអ្នកជំនាញឈានមុខផ្នែកច្បាប់អន្តរជាតិ ។
ជាមួយគ្នានេះ សម្តេចធិបតី គូសបញ្ជាក់ថា ការប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំ លើកដំបូងបង្អស់ ត្រូវបានអនុវត្តដោយជោគជ័យក្នុងករណីវិវាទ រវាងប្រទេសទីម័រខាងកើត និងអូស្ត្រាលី តាមរយៈដំណើរការនៃយន្តការនេះ ប្រទេសទាំងពីរ បានដោះស្រាយព្រំដែនសមុទ្រដោយសន្តិវិធីនៅឆ្នាំ២០១៨ ។
ក្នុងនោះសម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា “តាមរយៈការប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំ នៅពេលនេះ ជាករណីទី២ ក្នុងប្រវត្តិសាស្ត្ររបស់ UNCLOS ។ កម្ពុជា សង្ឃឹមយ៉ាងមុតមាំថា ដំណើរការនេះ នឹងបង្ហាញជាថ្មីម្តងទៀត នូវតម្លៃពិតប្រាកដនៃច្បាប់អន្តរជាតិ និងការដោះ ស្រាយជម្លោះដោយសន្តិវិធី” ។
បន្ថែមលើនេះ សម្តេចធិបតី អះអាងជាថ្មីថា ការប្រើប្រាស់យន្តការផ្សះផ្សាដោយ បង្ខំនេះ មិនមែនបង្កើនភាពតានតឹង ប៉ុន្តែផ្ទុយទៅវិញការខិតខំប្រឹងប្រែងដោះស្រាយជម្លោះ តាមរយៈការចរចា រវាងប្រទេសទាំងពីរ ក្រោមការសម្របសម្រួល របស់អ្នកជំនាញផ្សះផ្សាអន្តរជាតិ ។ នេះក៏មិនមែនជាសកម្មភាពឯកតោភាគីដែរ ប៉ុន្តែជាការខិតខំប្រឹង ប្រែងដោះស្រាយជម្លោះ ដោយសន្តិវិធីតាមរយៈច្បាប់អន្តរជាតិ និងដោយសុច្ឆនៈពិតប្រាកដ៕
ចែករំលែកព័តមាននេះ