រាជធានីភ្នំពេញ ៖ គណៈគ្រូពេទ្យកម្ពុជា បានបង្ហោះនៅលើទំព័រហ្វេសប៊ុកផេកនៅយប់ថ្ងៃទី០២ មិថុនា ២០២៦នេះថា សូមជម្រាបជូន ដើម្បីរក្សាបាននូវកិត្តិយស សេចក្ដីថ្លៃថ្នូរ សុចរិតភាព និងទំនួលខុសត្រូវក្នុងវិជ្ជាជីវៈវេជ្ជសាស្ត្រ គ្រូពេទ្យត្រូវតែសិក្សាស្វែងយល់អំពីក្រមសីលធម៌វិជ្ជាជីវៈវេជ្ជសាស្ត្រ ច្បាប់ លិខិតបទដ្ឋាន គតិយុត្ត និងប្រកាសស្តីពីការផ្សព្វផ្សាយក្នុងក្របខណ្ឌវិជ្ជាជីវៈសុខាភិបាល ។
ក្រមសីលធម៌ វិជ្ជាជីវៈ អាចអនុញ្ញាត អោយអ្នកវិជ្ជាជីវៈវេជ្ជសាស្ត្រ ចូលរួមផ្សព្វផ្សាយក្នុងគោលបំណងអប់រំសុខភាព ការបង្ការជំងឺនានា តែមិនអនុញ្ញាតអោយផ្សព្វផ្សាយលើកតម្កើងខ្លួនឯង ឬក្រុមរបស់ខ្លួន ក្នុងគោលបំណងផលប្រយោជន៍ពាណិជ្ជកម្មផ្ទាល់ខ្លួនឡើយ ។
ពាក់ព័ន្ធនឹងករណីខាងលើនេះដែរ លោកវេជ្ជបណ្ឌិត ដែលគ្រប់គ្នាតែងស្គាល់ថា ជា Dr. Tong បានប្រកាសចាប់ពីថ្ងៃនេះតទៅ រាល់វីដេអូមាតិកាចែករំលែកនូវចំណេះដឹងសុខភាពនៅលើបណ្តាញសង្គមរបស់លោកទាំងអស់នឹងត្រូវលុបចោល ដោយសារតែមានការណែនាំពីគណៈគ្រូពេទ្យកម្ពុជាទៅលើមាតិកាអប់រំសុខភាពនៅកម្ពុជាមិនទាន់មានលិខិតអនុញ្ញាត។
លោកវេជ្ជបណ្ឌិតប្រកាសដូច្នេះថា ៖ «សេចក្តីជូនដំណឹងទៅដល់បងប្អូនដែលកំពុងប្រើប្រាស់វីដេអូរបស់ Dr. Tong នៅគេហទំព័ររបស់ខ្លួន សូមមេត្តាលុបវីដេអូទាំងអស់ចេញ។ ខ្ញុំបាទមិនទទួលខុសត្រូវចំពោះវីដេអូរបស់ Dr. Tong ដែលបានបង្ហោះលើគេហទំព័រណាមួយឡើយ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ» ៕


ចែករំលែកព័តមាននេះ