ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​បញ្ជាក់​ថា​ ឱកាស​ចរចា​ទ្វេភាគីជាមួយ​ថៃ ​ដើម្បី​ដំណោះស្រាយដែនសមុទ្រ​ត្រួតស៊ីគ្នា ​ត្រូវ​បាន​ប្រើប្រាស់​អស់​លទ្ធភាព​ហើយ

10 ម៉ោង មុន

រាជធានី​ភ្នំពេញ​ ៖ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​ នៃ​កម្ពុជា​ បាន​គូសបញ្ជាក់​ថា ឱកាស​ចរចា​ទ្វេភាគី រវាង​កម្ពុជា និង​ថៃ ដើម្បី​ស្វែងរក​ដំណោះ​ស្រាយ​ដោយ​សន្តិវិធី លើ​ការ​ទាមទារ​ដែនសមុទ្រ​ ត្រួតស៊ីគ្នា​ ត្រូវ​បាន​ប្រើប្រាស់​អស់​លទ្ធភាព​ហើយ ។

តាម​រយៈ​សេចក្តីថ្លែងការណ៍ ផ្ញើ​ជូន​ជនរួម​ជាតិ​កម្ពុជា ​ស្ដី​ពី​ដំណោះស្រាយ​របស់​រាជរដ្ឋាភិបាល ពាក់ព័ន្ធ​នឹង​ការ​ទាមទារ​ដែនសមុទ្រ​ត្រួតស៊ីគ្នា​ ជាមួយ​ប្រទេស​ថៃ នា​ថ្ងៃ​ទី​២ ខែមិថុនា ឆ្នាំ​២០២៦​ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​ថា អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ កម្ពុជា និង​ថៃ មាន​ក្រប​ខណ្ឌ​ទ្វេភាគី ដើម្បី​ស្វែងរ​ក​ដំណោះស្រាយ​ដោយ​សន្តិវិធី លើ​ការ​ទាមទារ​ដែនសមុទ្រ​ត្រួតស៊ីគ្នា ក្របខណ្ឌ​ទ្វេភាគី​នេះ គឺ​អនុស្សា​រណៈ ​នៃ​ការ​យោគយល់​គ្នា ឆ្នាំ​២០០១ ឬ​ហៅ​ថា MoU 2001 ។

សម្តេច​នាយក​រដ្ឋមន្ត្រី បាន​រំលឹក​ថា អនុស្សា​រណៈ​ នៃ​ការ​យោគយល់​គ្នា​នេះ ឆ្លុះបញ្ចាំង​ពី​ការ​យល់​ឃើញ ជាមួយ​គ្នា​ថា ប្រទេស​ទាំង​ពីរ ​គួរតែ​ធ្វើការ​រួម​គ្នា ដើម្បី​ដោះស្រាយ​ព្រំដែន​សមុទ្រ និង​អភិវឌ្ឍន៍​ធនធាន នៅ​ក្នុង​តំបន់​ទាមទារ​ដែន​ស​មុទ្រ​ត្រួតស៊ីគ្នា ដោយ​សន្តិវិធី និង​សម្រាប់​ផលប្រយោជន៍ ទោ​វិញ​ទៅ​មក ។

ជាមួយ​គ្នា​នេះ ​សម្តេច​ធិ​បតី បាន​អះអាង​ថា នៅ​ពេល​ដែល​រាជរដ្ឋាភិបាល​ថៃ បាន​ប្រកាស​ថា នឹង​ដកខ្លួន​ចេញពី​ក្រប​ខណ្ឌ​ទ្វេភាគី ដ៏​យូរអង្វែង​នេះ កម្ពុជាបាន​ស្នើ​ឱ្យ​ភាគី​ថៃ ពិចារណា​ឡើង​វិញ ប៉ុន្តែ​ជា​គួរ​ឱ្យ​សោ​គ​ស្តាយ​ភាគី​ថៃ នៅ​តែ​សម្រេចចិត្ត​ដើរ​ចេញពី​ក្រប​ខណ្ឌ​ទ្វេភាគី​នេះ​ដ​ដែល ការណ៍​នេះ ​មាន​ន័យ​ថា MoU 2001 ដែល​ជា​ក្រប​ខណ្ឌ​ទ្វេភាគី​ព្រមព្រៀង​គ្នា​តែ​មួយ​គត់ សម្រាប់​ដោះស្រាយ​តំបន់​ទាមទារ​ដែនសមុទ្រ​ត្រួតស៊ីគ្នា ក្នុង​រយៈពេល​ជាង​២៥​ឆ្នាំ​កន្លង​មក មិន​អាច​បន្ត​យក​មក​ប្រើប្រាស់​ទៀត​បាន​ឡើយ ។

សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​សង្កត់ធ្ងន់​ថា ៖ “​ការណ៍​នេះ​បង្ហាញ​យ៉ាង​ច្បាស់​ថា ឱកាស​ចរចា​ទ្វេភាគី ដើម្បី​ឈាន​ទៅ​រក​ដំណោះស្រាយ ត្រូវ​បាន​ប្រើប្រាស់​អស់​លទ្ធភាព​ហើយ ហេតុ​ដូច្នេះ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ពិចារណា​យ៉ាង​ម៉ត់ចត់​បំផុត នូវ​រាល់​ជម្រើស​ផ្លូវច្បាប់ និង​ដោយ​សន្តិវិធី ដែល​មាន​និង​អាច​អនុវត្ត​ទៅ​បាន​” ។

អនុសញ្ញា​អង្គការសហប្រជាជាតិ ស្តី​ពី​នីតិ​សមុទ្រ ដែល​ស្គាល់​ជា​ទូទៅ​ថា UNCLOS ជា​សន្ធិសញ្ញា​អន្តរជាតិ ដែល​កំណត់​នូវ​សិទ្ធិ និង​ការ​ទទួលខុស​ត្រូវ​របស់​រដ្ឋ​ភាគី​នានា ពាក់ព័ន្ធ​នឹង​ដែនសមុទ្រ ដែល​ក្នុង​នោះ​ទាំង​កម្ពុជា និង​ថៃ ជា​រដ្ឋ​ភាគី ​នៃ​អនុសញ្ញា​នេះ។ ការ​ផ្សះផ្សា​ដោយ​បង្ខំ គឺជា​យន្តការ​ផ្លូវច្បាប់​ដោយ​សន្តិវិធី នៅ​ក្រោម​អនុសញ្ញា UNCLOS ។ យន្តការ​នេះ នឹង​អនុញ្ញាត​ឱ្យ​ប្រទេស​ទាំង​ពីរ បង្ហាញ​នូវ​ជំហរ​របស់​ខ្លួន នៅ​ចំពោះ​មុខ​គណៈកម្មការ​ឯករាជ្យ​មួយ ដែល​មាន​សមាជិក​ជា​អ្នក​ផ្សះផ្សា​ចំនួន​៥​រូប និង​សុទ្ធតែ​ជា​អ្នកជំនាញ​ឈានមុខ​ផ្នែក​ច្បាប់​អន្តរជាតិ ។ ការ​ប្រើប្រាស់​យន្តការ​ផ្សះផ្សា ដោយ​បង្ខំ លើក​ដំបូង​បង្អស់ ត្រូវ​បាន​អនុវត្ត​ដោយ​ជោគជ័យ​ក្នុង ករណី​វិវាទរវាង​ប្រទេស​ទី​ម័​រ​ខាងកើត និង​អូស្ត្រាលី តាម​រយៈ​ដំណើរការ ​នៃ​យន្តការ​នេះ ប្រទេស​ទាំង​ពីរ បាន​ដោះស្រាយ​ព្រំដែន​សមុទ្រ​ដោយ​សន្តិវិធី​នៅ​ឆ្នាំ​២០១៨ ៕