លួ.ចខ្សែកមាស និងលុយបានសម្រេចយកលាក់ទុកក្នុងផ្ទះខ្លួនឯង ត្រូវអស់លក្ខណ៍
- កំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ៖ យុវជនម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកបសេដ្ឋធ្វើការឃាត់ខ្លួនតាមបណ្តឹងរបស់ជនរងគ្រោះ ខណៈដែលយុវជនខាងលើបានធ្វើសកម្មភាពលួចខ្សែកមាសទម្ងន់៥ជី នឹងលុយចំនួន២០ម៉ឺនរៀល បានសម្រេចយកទៅលាក់ទុកក្នុងកន្ត្រកខោអាវផ្ទះរបស់ខ្លួន ប៉ុន្តែត្រូវអស់លក្ខណ៍សមត្ថកិច្ចក្របួចជាប់។
ការឃាត់ខ្លួនជនសង្ស័យចោរលួចទ្រព្យសម្បត្តិអ្នកដទៃ(ប្រាក់ និងគ្រឿងអលង្ការ) បានធ្វើឡើងកាលពីយប់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦ នៅក្នុងភូមិត្រាំកង់ ឃុំនិទាន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
នគរបាលស្រុកបសេដ្ឋបាននិយាយឱ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ ឡាក់ សុខា ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិត្រាំកង់ ឃុំនិទាន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកបសេដ្ឋបានបន្តថា នៅមុនពេលឃាត់ខ្លួនជនសង្ស័យខាងលើ គឺនៅវេលាម៉ោង០៥និង៤៧នាទីល្ងាចថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិត្រពាំងខ្នា ឃុំពោធិម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ មានជនសង្ស័យឈ្មោះឡាក់ សុខា ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិត្រាំកង់ ឃុំនិទាន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានធ្វើសកម្មភាពចូលក្នុងផ្ទះ របស់ជនរងគ្រោះឈ្មោះរិទ្ធ ស្រីពេជ ភេទស្រី អាយុ២៣ឆ្នាំ រស់នៅភូមិ-ឃុំកើតខាងលើ លួចយកទ្រព្យសម្បត្តិរួមមាន៖ខ្សែកមាស ទម្ងន់៥ជី ចំនួន០១ខ្សែ និងប្រាក់ចំនួន២០ម៉ឺនរៀល ពេលជនសង្ស័យខាងលើ កំពុងតែធ្វើសកម្មភាពលួចនោះត្រូវបានម្ដាយជនរងគ្រោះឃើញទាន់ ហើយជនសង្ស័យបានរត់គេចខ្លួនបាត់ ។ ពេលនោះ ជនរងគ្រោះក៏បានរាយការណ៍មកសមត្ថកិច្ច និងដាក់ពាក្យបណ្ដឹងសុំឱ្យជួយស្រាវជ្រាវស្វែងរកជនសង្ស័យឈ្មោះឡាក់ សុខា យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ និងទាមទារទ្រព្យសម្បត្តិត្រឡប់មកវិញ។
នគរបាលស្រុកបសេដ្ឋបានបន្តឱ្យដឹងទៀតថា បន្ទាប់ពីទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះខាងលើ រួចមក កម្លាំងជំនាញព្រហ្មទណ្ឌស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពាក់ព័ន្ធ ចុះដល់កន្លែងកើតហេតុ កសាងសំណុំរឿង បន្តធ្វើការស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យឈ្មោះឡាក់ សុខា រួមទាំងវត្ថុតាង(ខ្សែកមាស) យកមកសួរនាំនៅអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ដើម្បីសួរនាំ ។
នគរបាលស្រុកបរសេដ្ឋបានបញ្ជាក់ដឹងថា បើតាមចម្លើយជនសង្ស័យឈ្មោះឡាក់ សុខា បានឆ្លើយសារភាពថា ខ្លួនពិតជាបានចូលធ្វើសកម្មភាពលួចទ្រព្យសម្បត្តិ របស់ជនរងគ្រោះឈ្មោះរិទ្ធ ស្រីពេជ ប្រាកដមែន ។
បច្ចុប្បន្នជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕



ចែករំលែកព័តមាននេះ