ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ADB ៖ សេដ្ឋកិច្ចកម្ពុជា ឆ្នាំនេះកើន ៤% លើសការរំពឹងរបស់រដ្ឋាភិបាល

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សេដ្ឋកិច្ចប្រទេសកម្ពុជា ត្រូវបានព្យាករថា នឹងកើនឡើង ៤,០% នៅឆ្នាំនេះ និង ៥,៥% ក្នុងឆ្នាំ…

រាជធានីភ្នំពេញ ៖ សេដ្ឋកិច្ចប្រទេសកម្ពុជា ត្រូវបានព្យាករថា នឹងកើនឡើង ៤,០% នៅឆ្នាំនេះ និង ៥,៥% ក្នុងឆ្នាំ ២០២២ នេះបើយោងតាមរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលហៅកាត់ថា (ADB )ចេញផ្សាយនៅថ្ងៃទី ២៨ខែមេសានេះ ។ ស្ថាប័នហិរញញវត្ថុអន្តរជាតិនេះអះអាងថាកំណើនដែលកម្ពុជាអាចទទួលបាននេះដោយសារ ការងើបឡើងវិញនៃសេដ្ឋកិច្ចប្រទេសដៃគូពាណិជ្ជកម្មសំខាន់ៗ ដែលជួយជំរុញតម្រូវការសម្រាប់ការនាំចេញរបស់ប្រទេសកម្ពុជា ។  សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ ២០២០ បានធ្លាក់ចុះដល់ -១,៩ % ហើយរដ្ឋាភិបាលបានព្យាករថា នឹងងើបឡើងវិញនៅឆ្នាំ ២០២១ នេះ ក្នុងរង្វង់ ៣,៥ % ប៉ុន្តែពេលនេះធនាគារអភិវឌ្ឍន៍អាស៊ី ថាអាចនឹងមានកំណើន ៤% ។

នាយិកាប្រចាំប្រទេសកម្ពុជារបស់ ADB លោកស្រី Sunniya Durrani-Jamal បានមានប្រសាសន៍ ថា «សេដ្ឋកិច្ចកម្ពុជាបានធ្លាក់ចុះ ៣,១% ក្នុងឆ្នាំ ២០២០ ដោយសារការរាតត្បាតជាសកល នៃជំងឺកូវីដ ១៩ ។ រាជរដ្ឋាភិបាលបានឆ្លើយតបយ៉ាងឆាប់រហ័ស ចំពោះករណីថ្មីៗដែលបានកើតឡើង ហើយយើងរំពឹងថា សេដ្ឋកិច្ចនឹងវិលត្រឡប់មករកកំណើនវិញក្នុងឆ្នាំ ២០២១ ។ កំណើននេះនឹងជួយបង្កើនប្រាក់ចំណូលគ្រួសារ ប៉ុន្តែមិនមែនគ្រប់វិស័យ និងតំបន់ទាំងអស់ នឹងទទួលបានប្រយោជន៍នេះស្មើគ្នានោះទេ ដូច្នេះវាចាំបាច់ណាស់ក្នុងការតាមដានមើលជីវភាពគ្រួសារទាំងឡាយ ក៏ដូចជាតម្រូវការគាំទ្របន្ថែមឱ្យបានដិតដល់» ។

យោងតាមរបាយការណ៍ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (ADO) ២០២១ ផលិតកម្មឧស្សាហកម្មត្រូវ បានគេរំពឹងថា នឹងកើនឡើង ៧,១% ក្នុងឆ្នាំ ២០២១ និង ៧,០% នៅឆ្នាំ ២០២២ ដោយសារការសងើបឡើងវិញនៃវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងទំនិញសម្រាប់ការធ្វើដំណើរ ក៏ដូចជាកំណើននៃឧស្សហកម្មធនស្រាលផ្សេងទៀត ដូចជាផលិតផលអេឡិចត្រូនិច និងកង់ ។ វិស័យកសិកម្មត្រូវបានរំពឹងថា នឹងកើនឡើង ១,៣% ក្នុងឆ្នាំ ២០២១ និង ១,២% ក្នុងឆ្នាំ ២០២២ ដោយមានការកើនឡើងនៃ ផលិតកម្មកសិផល បន្ទាប់ពីរងការខូចខាត ដោយទឹកជំនន់កាលពីឆ្នាំមុន ការបន្តមានកំណើននៃ វារីវប្បកម្ម និងការហក់ឡើង នៃការនាំចេញផលិតផលកសិកម្ម ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន ។

ស្ថាប័នហិរញ្ញវត្ថុដដែលថា វិស័យសេវាកម្មនឹងស្ទុះងើបឡើងវិញក្នុងល្បឿនយឺតៗ ពោលគឺប្រមាណ ៣,៣% ក្នុងឆ្នាំ ២០២១ ទៅ ៦,២% ក្នុងឆ្នាំ ២០២២ ។ កិច្ចប្រឹងប្រែងក្នុងការគ្រប់គ្រងការផ្ទុះឡើងនៃជំងឺកូវីដ ១៩ នៅក្នុងស្រុកដែលបានចាប់ផ្តើមក្នុងខែកុម្ភៈ ឆ្នាំ ២០២១ កំពុងធ្វើអោយសកម្មភាពវិស័យសេវាកម្មធ្លាក់ចុះ ។ ការរឹតបន្តឹងការធ្វើដំណើរត្រូវបានរំពឹងថា នឹងនៅបន្តស្ទើរតែពេញមួយឆ្នាំក្នុងឆ្នាំ ២០២១ ដែលមានន័យថា វិស័យទេសចរណ៍មិនត្រូវ បានរំពឹងថា អាចជួយជំរុញកំណើនផ្នែកសេវាកម្មនៅឆ្នាំនេះទេ ។ វិស័យអចលនទ្រព្យត្រូវបានព្យាករថា នឹងងើបឡើងវិញពីការធ្លាក់ចុះកាលពីឆ្នាំមុន ដោយមាននិន្នាការស្រដៀងគ្នាទៅនឹងឧស្សាហកម្មសំណង់ ។

«ល្បឿនមិនស្មើគ្នានៃការងើបឡើងវិញនៃវិស័យនានា នឹងបន្តជាសម្ពាធលើគ្រួសារ និងក្រុមហ៊ុនមួយចំនួននៅឆ្នាំនេះ ដែលនឹងធ្វើឱ្យការងើបឡើងវិញនៃសេដ្ឋកិច្ចជារួមមានការយឺតយ៉ាវ ។ ហានិភ័យចម្បងៗសម្រាប់ចក្ខុវិស័យសេដ្ឋកិច្ចនេះ រួមមាន ការរីករាលដាលនៃការផ្ទុះឡើងនៃកូវីដ ១៩ នៅតាម សហគមន៍ កំណើនសេដ្ឋកិច្ចយឺតជាងការរំពឹងទុក នៃដៃគូធុរកិច្ចសំខាន់ៗរបស់កម្ពុជា ដូចជាអាមេរិក និងអឺរ៉ុប ការបន្តនៃភាពទន់ខ្សោយនៃតម្រូវការក្នុងស្រុក និងបញ្ហាប្រឈមរបស់សេវាកម្មហិរញ្ញវត្ថុ និង ធនាគារ» ។ លោកស្រី Sunniya Durrani បន្តមានប្រសាសន៍ ដោយបន្ថែមថា រាជរដ្ឋាភិបាលចាំបាច់ត្រូវរក្សាជំហរគោលនយោបាយសារពើពន្ធដែលគាំទ្រកំណើនសេដ្ឋកិច្ចនៅឆ្នាំនេះ និងឆ្នាំក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ