៣ វិធីសាស្ត្រជួយ​ស្ត្រី​ដែល​កំពុង​មាន​ភាព​តានតឹងអំពី​ការ​សន្សំ​និង​វិនិយោគ ក្នុង​កំឡុង​​កូ​វី​ដ​ ១៩ រាតត្បាត ! – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៣ វិធីសាស្ត្រជួយ​ស្ត្រី​ដែល​កំពុង​មាន​ភាព​តានតឹងអំពី​ការ​សន្សំ​និង​វិនិយោគ ក្នុង​កំឡុង​​កូ​វី​ដ​ ១៩ រាតត្បាត !

2 អាទិត្យ មុន

មានការ​ស្រាវជ្រាវ​ថា នៅ​ក្នុង​កំឡុង​ពេល​មាន​ជំងឺ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ ​១៩ ស្ត្រី ៧០​ភាគរយ ត្រូវ​បាន​គេ​សង្កត់ធ្ងន់​ថា ពួក​គាត់​មាន​បញ្ហា​ស្ត្រេ​ស​ខ្លាំង ​និង​មាន​ភាព​តានតឹង អំពី​ប្រាក់​ចំណូល​របស់​ពួក​គេ​បូក​រួម​ទាំង​ប្រាក់​សន្សំ​របស់​ពួក​គេ​ផង​ដែរ នេះ​បើ​យោង​តាម​ការ​ស្ទង់​មតិ​របស់…

មានការ​ស្រាវជ្រាវ​ថា នៅ​ក្នុង​កំឡុង​ពេល​មាន​ជំងឺ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ ​១៩ ស្ត្រី ៧០​ភាគរយ ត្រូវ​បាន​គេ​សង្កត់ធ្ងន់​ថា ពួក​គាត់​មាន​បញ្ហា​ស្ត្រេ​ស​ខ្លាំង ​និង​មាន​ភាព​តានតឹង អំពី​ប្រាក់​ចំណូល​របស់​ពួក​គេ​បូក​រួម​ទាំង​ប្រាក់​សន្សំ​របស់​ពួក​គេ​ផង​ដែរ នេះ​បើ​យោង​តាម​ការ​ស្ទង់​មតិ​របស់ Fidelity ។ Fidelity បាន​ស្ទាបស្ទង់​ផល​ប៉ះពាល់​លើ​ស្ត្រី ដោយ​បាន​ធ្វើ​វិធីសាស្ត្រ​ទៅ​លើ​មនុស្ស​ពេញវ័យ​នៅ​ក្នុង​សហរដ្ឋអាមេរិក ចំនួន ១.៩០២ នាក់ ក្នុង​នោះ​មាន​ស្ត្រី ៩៥១ នាក់​ទៅ​ហើយ ដោយ​ក្នុង​គោលបំណង ដើម្បី​ស្វែងរក​ផល​ប៉ះពាល់​ហិរញ្ញវត្ថុ ពី​ជំងឺ​រាតត្បាត​កូ​វី​ដ​ ១៩​ ។ ជា​ការ​ពិត​មាន​ស្ត្រី ៦០​ភាគរយ បានឱ្យ​ដឹង​ថា ពួក​គេ​មាន​ក្តី​បារម្ភ និង​មាន​ភាព​តានតឹង​ខ្លាំង ក្នុង​កំឡុង​ពេល​ជំងឺ​រាតត្បាត​នេះ​កើតឡើង​ ។ វា​មាន​កត្តា​ជា​ច្រើន​ដែល​បង្ក​ឱ្យ​មាន​ភាព​តានតឹង​ទាំងនេះ ដូច​ជា​សុខុមាលភាព​ផ្លូវចិត្ត​របស់​គាត់ និង​ផ្លូវចិត្ត​របស់​កូន​ៗ បូក​រួម​ជាមួយ​ប្រាក់​ចំណូល​ប្រចាំ​ថ្ងៃ និង​ការ​សន្សំ​រយៈពេល​វែង​ ។

Picture

ការ​ស្ទង់​មតិ​បាន​រក​ឃើញ​ថា មាន​ស្ត្រី​លើស​ពី ៤០​ភាគរយ កំពុង​ពិចារណាក្នុង​កាត់​បន្ថយ​ម៉ោង​ការងារ​របស់​ពួក​គេ ដោយសារ​ការ​បង្កើន​ការ​ទទួលខុសត្រូវក្នុង​ការ​ថែរក្សា​កូន​ៗ និង​ការ​ធ្វើ​ការងារ​ផ្សេង​ៗ​នៅ​ក្នុងផ្ទះ​ ។ មាន​ស្ត្រី​ជា​ច្រើនកំពុង​ពិចារណា​ផង​ដែរលើ​វិធានការ​ដើម្បី​គ្រប់គ្រង​ហិរញ្ញវត្ថុ​របស់​ពួក​គេ ដោយ​ស្ត្រី ៤១ភាគរយបាន​ព្យាយាម​កាត់​បន្ថយ​សេវាកម្ម​ផ្សេង​ៗ ក៏​ដូច​ជា​ការ​ជួល​អ្នក​សម្អាតផ្ទះ​ផង​ដែរ នេះ​បើ​យើង​ប្រៀបធៀប​នឹង​ឆ្នាំ​កន្លង​ទៅ ​។
ដើម្បី​ជួយ​ដល់​ស្ត្រី​ក្នុង​គ្រប់គ្រង​ហិរញ្ញវត្ថុ​របស់​ពួក​គេ និង​កាត់​បន្ថយ​ភាព​តានតឹងទាក់ទង​នឹង​ប្រាក់​របស់​ពួក​គេ Fidelity បាន​ណែនាំ​វិធានការ​សំខាន់​ៗ​ចំនួន​បី ដូច​ខាងក្រោម ​៖

Picture

ទី​ ១) អ្នក​គួរតែ​មាន​ខ្ទង់​ថវិកា​សន្សំសម្រាប់​គ្រា​មាន​អាសន្ន​ ៖
វា​ពិតជា​សំខាន់​ណាស់ ព្រោះ​ពេល​នេះ​មាន​មនុស្ស​ជា​ច្រើន​បាន​រៀន​ពី​បទ​ពិសោធន៍​នានា ក្នុង​កំឡុង​ពេល​មាន​ជំងឺ​រាតត្បាត​កើតឡើង និង​មាន​មនុស្ស​ជា​ច្រើន​បានដឹង​អំពី​អត្ថប្រយោជន៍​នៃ​ការ​សន្សំទុក​បំរុង សម្រាប់​គ្រា​មាន​អាសន្ន​ ។ យោង​តាម​ការ​ណែនាំ​របស់​លោកស្រី Lorna Kapusta ប្រធាន​ផ្នែក​ស្ត្រី និង​ទំនាក់ទំនង​ជាមួយ​អតិថិជន នៅ​ក្រុមហ៊ុន Fidelity Investments ​បាន​និយាយ​ថា ប្រសិនជា​អ្នក​មិន​ទាន់​បាន​គិតគូរ និង​ថវិការ​ក្នុង​ការ​សន្សំ​ក្នុង​គ្រា​មាន​អាសន្ន​នោះ​ទេ អ្នក​គួរតែ​ចាប់ផ្តើម​វា​ទៅ ហើយ​ក៏​មិន​ចាំបាច់​លោភលន់​សន្សំ​ច្រើន​ខែ​ឆ្នាំ​នោះ​ដែរ អ្នក​គ្រាន់តែ​ចាប់ផ្តើម​សន្សំ​រយៈពេល​ពី ៣ ទៅ ៦ ខែ​ម្តង សិន​ក៏​បាន ​។ លោកស្រី​បន្ត​ថា ​៖ «​ការ​មាន​ថវិកា​ទាំងនោះ (Emergency Saving) អាច​ជួយ​អ្នក​បាន​ច្រើន​ណាស់ រួម​ទាំង​ក្នុង​ករណី​ដែល​អ្នក​បាត់បង់​ការងារ ឬ​មាន​ភាព​អាសន្ន​កើតឡើង​ជាយថាហេតុ​ណាមួយ ដែល​គ្មាន​នរណា​ម្នាក់​ស្មាន​ដល់ តួយ៉ាង​ដូច​ហេតុការណ៍​នេះ​ចឹ​ង​។ លោកស្រី Kapusta បន្ថែម​ថា​ ៖ «​ប៉ុន្តែ​ក៏​មាន​ស្ត្រី​មួយ​ចំនួន​ផង​ដែរ ដែល​ជ្រើសរើស​យក​ការ​សន្សំ​រយៈ ១ ឆ្នាំ វា​មិនជា​បញ្ហា​នោះ​ទេ គ្រាន់តែ​អ្នក​ចាំបាច់​ត្រូវ​តែ​ប្រាកដ​ថា ​អ្នក​អាច​ធ្វើ​វា​បាន​»​ ។

ទី​ ២) សន្សំ​ឱ្យ​បាន​ច្រើន​ជាង ១០ ភាគរយ នៃ​ប្រាក់​ចំណូល​ឬ​ប្រាក់ខែ សម្រាប់​ការ​ចូល​និវត្តន៍​ ៖
ការ​សន្សំ​សម្រាប់​ការ​ចូល​និវត្តន៍ ប្រសិនបើ​អ្នក​មិន​អាច​សន្សំ​ប្រាក់​បាន ១៥% នៃ​ប្រាក់ខែ​នោះ​ទេ អ្នក​អាច​ធ្វើ​យ៉ាងណា​សន្សំ​ឱ្យ​បាន​១០​ភាគរយ​នៃ​ប្រាក់ខែ​របស់​អ្នក ​។ លោកស្រី Kapusta និយាយ​ថា ស្ត្រី​ដែល​អាច​សន្សំ​ប្រាក់​បាន​រហូត​ដល់ ១០% នៃ​ប្រាក់ខែ​របស់​ពួក​គេ គឺ​មាន​អារម្មណ៍​តានតឹង​តិចតួច​ជាង​ស្ត្រី​ឯទៀត ចំពោះ​ហិរញ្ញវត្ថុ​របស់​ពួក​គេ​នៅ​ពេល​អនាគត ។ លោកស្រី Kapusta បន្ថែម​ថា ហើយ​ប្រសិនជា​អ្នក​សន្សំ​ដល់ ១៥% នៃ​ប្រាក់ខែ​របស់​អ្នក ពេញ​មួយ​អាជីព​របស់ វា​នឹង​ជួយ​អ្នក​ឱ្យ​ឈាន​ដល់​គោលដៅ ព្រោះថា​វា​អាច​បង្កើន​ប្រាក់ ១០ ដង នៃ​ប្រាក់ខែ​របស់​អ្នក ដែល​អ្នក​ទុក​សម្រាប់​ការ​ចូល​និវត្តន៍​នោះ​ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ដើម្បី​ជំរុញឱ្យ​ប្រជាជន​ខ្លួន​សន្សំ​ប្រាក់​សម្រាប់​ចូល​និវត្តន៍ គឺ​រដ្ឋាភិបាល​បាន​ពន្យា​ពេល​នៃ​ការ​បង់ពន្ធ​ពី​ប្រាក់​សន្សំ​នោះ ប្រសិនជា​អ្នក​ប្រើប្រាស់​វិធី​ឱ្យ​ក្រុមហ៊ុន​អ្នក​ដែល​កំពុងធ្វើការ​នោះ កាត់​ប្រាក់ខែ​របស់​អ្នក​ចំនួន​ប៉ុន្មាន​ភាគរយ ដោយ​ស្វ័យប្រវត្តិ​ចូល​ក្នុង​គណនេយ្យ​សន្សំ​សម្រាប់​ចូល​និវត្តន៍ (​សម្រាប់​ភាគរយ​នៃ​ការ​កាត់​ចូល​ក្នុង​គណនេយ្យ​សន្សំ​នោះ វា​អាស្រ័យ​លើ​ខ្លួន​អ្នក​ផ្ទាល់ ថា​តើ​អ្នក​ចង់​កាត់​ប៉ុន្មាន​ភាគរយ​នៃ​ប្រាក់ខែ​របស់​អ្នក​) ដូចនេះ​រដ្ឋ​មិន​តម្រូវ​អ្នក​បង់ពន្ធ​នៅ​ក្នុង​គណនេយ្យ​សន្សំ​សម្រាប់​ចូល​និវត្តន៍​នោះ​ទេ គឺ​ទាល់តែ​អ្នក​ដល់​ពេលវេលា​ចូល​និវត្តន៍ ឬ​ថ្ងៃ​ដែល​ពួក​គាត់​ដក​ប្រាក់​ទាំងនេះ​ចេញ ទើប​គេ​ធ្វើការ​កាត់កង​ប្រាក់​ពន្ធ​នៃ​ប្រាក់​សន្សំ​ទាំងនេះ​ ។ សូ​ជម្រាប​ជូន​ផង​ដែរ​ថា ប្រាក់​សន្សំ​ទាំងនោះ​ក៏​អាច​ផ្តល់​ប្រាក់​ការ​មក​ឱ្យ​អ្នក​វិញ​ដែរ (​ធនាគារ​ផ្តល់​ការ​ប្រាក់​ប្រចាំខែ ​ឬ​ឆ្នាំ អាស្រ័យ​លើ​អ្នក​ជ្រើសរើស​ទទួល​ការ​ប្រាក់​ប្រចាំខែ ​ឬ​ឆ្នាំ ឬ​ចុងបញ្ចប់​នៃ​ពេលវេលា​ដែល​ត្រូវ​ដក​)​ ។

Picture

ទី​ ៣) រៀបចំ​ផែនការ​ហិរញ្ញវត្ថុ​ ៖
លោកស្រី Kapusta និយាយ​ថា បើ​ទោះបីជា​អ្នកមាន​ប្រាក់ខែ​តិច​ឬ​ច្រើន​ក្តី អ្នក​និង​ស្វាមី​របស់​អ្នក​ត្រូវ​តែ​រៀប​ផែនការ​ហិរញ្ញវត្ថុ​ជា​និច្ច និង​ប្រចាំ​ផង​ដែរ (​ចំពោះ​អ្នកមាន​គ្រួសារ​) សម្រាប់​រយៈពេល​ខ្លី រយៈពេល​មធ្យម និង​រយៈពេល​វែង​ ។ ការ​មាន​ផែនការ​ជាក់លាក់ និង​ពិនិត្យ​តាមដាន​ជាប់​ជា​ប្រចាំ​ជួយ​អោយ​អ្នកដំណើរ​ការ​ការ​ចាត់ចែង​ហិរញ្ញវត្ថុ​បាន​ល្អ​ប្រសើរ និង​អាច​កាត់​បន្ថយ​នូវ​អារម្មណ៍​ធុញថប់​នៅ​ពេល​ជួប​វិបត្តិ​នានា ​។ លោកស្រី Kapusta បាន​និយាយ​ថា​៖ «​វា​ជា​ភាព​ចាំបាច់​ណាស់​ថា អ្នក​គួរ​ដឹង​ថា​អ្នក​ត្រូវការ​អ្វី​ក្នុងថ្ងៃនេះ អ្នក​ត្រូវ​ក្លាយជា​អ្វី​នៅ ​៥​ឆ្នាំ​បន្ទាប់ និង​អ្វី​ដែល​អ្នក​នឹង​ធ្វើ​នៅ ​៣០ ឆ្នាំ​បន្ទាប់ ដូចនេះ​ប្រាក់​សន្សំ​ទាំងនោះ​នឹង​ជួយ​អ្នក​សម្រេច​គោលដៅ​ទាំងនេះ​»​ ។ មិន​ថា ​អ្នកមាន​ប្រាក់ខែ​ច្រើន​ប៉ុណ្ណា ឬ​តិច អ្នក​ត្រូវ​តែ​មាន​ផែនការ​សន្សំ​ជាក់លាក់​មួយ ហើយ​មិន​ថា​ ផែនការ​នោះ​រយៈពេល ​ឬ​វែង អ្នក​ត្រូវ​តែ​រៀប​វា​ ៕ ប្រភព ៖ CNBC.com