ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ពីថ្ងៃទី២៩មេសា ទើបរាជធានីភ្នំពេញ កំណត់តំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿង

3 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ នៅយប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ ​លោក ម៉េត មាសភក្តី អ្នកនាំពាក្យ​សាលារាជធានីភ្នំពេញ បានប្រកាសថា រដ្ឋបាលរាជធានីភ្នំពេញ…

ភ្នំពេញ៖ នៅយប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ ​លោក ម៉េត មាសភក្តី អ្នកនាំពាក្យ​សាលារាជធានីភ្នំពេញ បានប្រកាសថា រដ្ឋបាលរាជធានីភ្នំពេញ ទើបតែ​កំណត់​តំបន់ក្រហមប៉ុណ្ណោះ គឺមិនទាន់បានកំណត់ផែនទីបែងចែកតំបន់លឿងទុំ និងតំបន់លឿង ពាក់ព័ន្ធនឹងការឆ្លងរាលដាលជំងឺកូវីដ១៩ នៅឡើយទេ​។ ពោលគឺនៅថ្ងៃទី២៩មេសា ទើបរដ្ឋបាលរាជធានីភ្នំពេញ កំណត់​បែងចែក​តំបន់​ក្រហម តំបន់លឿងទុំ និងតំបន់លឿង ពាក់ព័ន្ធនឹងការឆ្លងកូវីដ១៩​។​

​ក្នុងសារជាសំឡេង លោក ម៉េត មាសភក្តី បានច្រានចោលនូវការផ្សព្វផ្សាយ ចែកចាយតាមបណ្តាញសង្គម អំពីផែនទី​បែងចែកតំបន់​ក្រហម តំបន់លឿងទុំ និងតំបន់លឿង នៅក្នុងរាជធានីភ្នំពេញ​ ដែលគេបានចែកចាយនៅយប់ថ្ងៃទី២៦មេសានេះ​។

​លោក ម៉េត មាសភក្តី បានលើកឡើងថា «នៅយប់ថ្ងៃទី២៦ ខែមេសានេះ មានការចែកចាយនូវ​ផែនទី ដែលមិនផ្លូវការ ដែលបែងចែកនូវតំបន់ពណ៌ទាំង ៣​ គឺក្រហម លឿង ឬក៏​លឿងទុំ​ ដែលឆ្លុះបញ្ចាំងអំពីភូមិសាស្ត្ររាជធានីភ្នំពេញ ខ្ញុំ​បាទសូមការបញ្ជាក់ឡើងវិញថា គិតត្រឹមម៉ោងនេះ គឺមិនទាន់មានការរៀបចំនូវផែនទី​ផ្លូវការណាមួយ​របស់រាជធានីភ្នំពេញ​ ក្នុងការផ្សព្វផ្សាយជូនទៅដល់​បងប្អូន​ប្រជាពលរដ្ឋ ក៏ដូចជា សាធារណជនទូទៅ ឲ្យបានជ្រាបអំពីករណី​នេះទេ។ បច្ចុប្បន្ននេះ គិតត្រឹមយប់ថ្ងៃទី២៦មេសានេះ គឺរដ្ឋបាលរាជធានីភ្នំពេញ ទើបតែមានការកំណត់នូវតំបន់ក្រហម ដែលបានកំណត់​តាមរយៈសេចក្តីសម្រេច ចំនួន ៣ កាលពីប៉ុន្មានថ្ងៃមុន ហើយបន្តការអនុវត្ត រហូតមកដល់ពេលនេះ ដែលបញ្ជាក់ពីតំបន់ក្រហមតែមួយគត់ នៅក្នុងរាជធានីភ្នំពេញ។ ណាមួយ តាមសេចក្តីសម្រេចថ្មី ដែលទើបតែមានចេញដោយរាជរដ្ឋាភិបាលនេះ ក៏បានបញ្ជាក់ហើយ​ថា ការអនុវត្តនូវសេចក្តីសម្រេចថ្មីនេះ គឺនឹងអនុវត្តចាប់ពីថ្ងៃទី​២៩ ខែមេសានេះតទៅ​។ ហេតុដូច្នេះ មុនកាលបរិច្ឆេទនៃសេចក្តីសម្រេច​មានសុពលភាព គឺរដ្ឋបាលរាជធានីភ្នំពេញ នៅបន្តការអនុវត្ត​នូវសេចក្តីសម្រេចចាស់ ក្នុងន័យ​កំណត់ ត្រឹមតែតំបន់ក្រហម នៅក្នុងរាជធានីភ្នំពេញ តែប៉ុណ្ណោះ»។​

លោក ម៉េត មាសភក្តី ក៏បានប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋ បញ្ឈប់នូវការ​ផ្សព្វផ្សាយ ឬក៏ចែកចាយនូវ​ផែនទី ដែល​បញ្ជាក់អំពី​តំបន់ពណ៌ក្រហម ពណ៌លឿងទុំ ឬក៏ពណ៌លឿង ដែលមិនផ្លូវការ នាំឲ្យមានការយល់ច្រលំ ទៅដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាសាធារណមតិទូទៅ នៅក្នុងរាជធានីភ្នំពេញ ក៏ដូចជា នៅក្នុងព្រះរាជាណាចក្រ​កម្ពុជា​របស់យើង​។

សេចក្តីប្រកាសអះអាងផ្ទាល់មាត់របស់អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញខាងលើនេះ បានធ្វើឡើង ក្រោយរាជរដ្ឋាភិបាល បានសម្រេចបន្ត​​បិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល រយៈពេល ១សប្តាហ៍បន្ថែមទៀត​ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ចាប់ពីថ្ងៃទី២៩ ខែមេសា រហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ព្រមទាំងបែងចែកកំណត់ជា «តំបន់ក្រហម» «តំបន់លឿងទុំ» និង «តំបន់លឿង»។  

​សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១​ បាន​សម្រេចថា «ប្រការ១៖ បន្តការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ សម្រាប់រយៈពេល ៧ (ប្រាំពីរ) ថ្ងៃបន្តទៀត រហូតដល់ថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០២១»។ ​

ប្រការ២ កំណត់ថា ភូមិសាស្ត្រ ដែលត្រូវបានបិទខ្ទប់ ត្រូវបានបែងចែកជា «តំបន់ក្រហម», «តំបន់លឿងទុំ» និង «តំបន់លឿង»។ «តំបន់ក្រហម» សំដៅដល់ភូមិសាស្ត្រ ដែលមានការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវដ-១៩ ក្នុងសហគមន៍។ «តំបន់លឿងទុំ» សំដៅដល់ភូមិសាស្ត្រដែលមានការឆ្លងរាលដាលកម្រិតមធ្យមនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។ «តំបន់លឿង» សំដៅដល់ភូមិសាស្ត្រ ដែលមានការឆ្លងរាលដាលកម្រិតស្រាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ