ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«តំបន់ក្រហម» និង «តំបន់លឿងទុំ» ហាមឃាត់ការដឹកជញ្ជូនកម្មករចេញ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​​ភ្នំពេញ​​៖​ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល រយៈពេល១សប្តាហ៍បន្ថែមទៀត ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ រហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១…

រាជធានី​​ភ្នំពេញ​​៖​ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល រយៈពេល១សប្តាហ៍បន្ថែមទៀត ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ រហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ព្រមទាំងបែងចែកកំណត់ជា «តំបន់ក្រហម» «តំបន់លឿងទុំ» និង «តំបន់លឿង»។ ក្នុងនោះ នៅ«តំបន់ក្រហម» និង «តំបន់លឿងទុំ» ត្រូវបាន​​ហាមឃាត់ការដឹកជញ្ជូនកម្មករចេញក្រៅ​។

​សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១​ បាន​សម្រេចថា «ប្រការ១៖ បន្តការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ សម្រាប់រយៈពេល ៧ (ប្រាំពីរ) ថ្ងៃបន្តទៀត រហូតដល់ថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០២១»។ ​

ប្រការ២ កំណត់ថា ភូមិសាស្ត្រ ដែលត្រូវបានបិទខ្ទប់ ត្រូវបានបែងចែកជា «តំបន់ក្រហម», «តំបន់លឿងទុំ» និង «តំបន់លឿង»។ «តំបន់ក្រហម» សំដៅដល់ភូមិសាស្ត្រ ដែលមានការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវដ-១៩ ក្នុងសហគមន៍។ «តំបន់លឿងទុំ» សំដៅដល់ភូមិសាស្ត្រដែលមានការឆ្លងរាលដាលកម្រិតមធ្យមនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។ «តំបន់លឿង» សំដៅដល់ភូមិសាស្ត្រ ដែលមានការឆ្លងរាលដាលកម្រិតស្រាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។

សេចក្តីសម្រេចដដែល បង្ហាញថា តំបន់ក្រហម​ គឺបុគ្គលគ្រប់រូប ត្រូវបានហាមឃាត់ មិន​ឲ្យធ្វើដំណើរ​ចេញ​ពី​លំនៅឋាន​ ឬទីសំណាក់​បច្ចុប្បន្ន​របស់​ខ្លួន ដោយរួមទាំង​ការមិនអនុញ្ញាត​ឲ្យធ្វើសកម្មភាព​កីឡា នៅខាងក្រៅលំនៅឋាន ឬទីសំណាក់​របស់ខ្លួន​។ ក្នុងករណី​មានការបំពាន​វិធានការ​ហាមឃាត់​ការធ្វើដំណើរនេះ អាជ្ញាធរអនុវត្ត​វិធានការបិទខ្ទប់​ ត្រូវអនុវត្តវិធានការ​ច្បាប់យ៉ាងម៉ឹងម៉ាត់​ ដោយរួមទាំង​ការឃាត់ទុកជាបណ្តោះអាសន្ននូវមធ្យោបាយ​ធ្វើដំណើរ ដោយអនុលោម​តាមបទប្បញ្ញត្តិ និងនីតិវិធីជាធរមាន។

ចំណែក​ផ្សារ និងទីកន្លែងលក់​ម្ហូបអាហារ និងគ្រឿងឧបភោគបរិភោគ ដោយរួមទាំង​ទីកន្លែងលក់ និងសេពគ្រឿងស្រវឹងគ្រប់ប្រភេទ ព្រមទាំង​សកម្មភាពការងារ មុខរបរ និងអាជីវកម្មទាំងអស់ នៅក្នុង តំបន់ក្រហម ត្រូវផ្អាកជាបណ្តោះអាសន្ន លើកលែងតែសកម្មភាពការងារ មុខរបរ និងអាជីវកម្ម មួយចំនួន ដូចជា សេវាពន្លត់​អគ្គិភ័យ សេវាផ្គត់ផ្គង់​អគ្គិសនី​ និងសេវាផ្គត់​ផ្គង់​ទឹកស្អាត ជាដើម។

នៅតំបន់ក្រហម រាល់ការជួបបជុំ ឬការប្រមូលផ្តុំ​មនុស្ស ដើម្បីសេពគ្រឿងស្រវឹងគ្រប់ប្រភេទ ត្រូវបានហាមឃាត់​។

ចំណែក​ក្នុងអំឡុងពេល​នៃការងនុវត្តការបិទខ្ទប់ វិធានការ ដែលត្រូវអនុវត្តសម្រាប់​ភូមិសាស្ត្រ ដែលត្រូវបានកំណត់ជាតំបន់លឿងទុំ មានដូចជា បុគ្គលគ្រប់រូប ត្រូវបានហាមឃាត់ មិន​ឲ្យធ្វើដំណើរ ចេញពីលំនៅឋាន ឬទីសំណាក់បច្ចុប្បន្នរបស់ខ្លួន​។ ក្នុងករណី មានការបំពានវិធានការ​ហាមឃាត់ការធ្វើដំណើរ​នេះ អាជ្ញាធរអនុវត្តវិធានការ​បិទខ្ទប់​ ត្រូវអនុវត្តវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ ដោយរួមទាំង​ការឃាត់​ទុកជាបណ្តោះអាសន្ននូវមធ្យោបាយធ្វើដំណើរ​ដោយអនុលោម​តាម​បទប្បញ្ញត្តិ និងនីតិវិធី​ជាធរមាន​។

នៅតំបន់លឿងទុំ និងតំបន់លឿង ត្រូវបានអនុវត្តបម្រាមគោចរ ដោយផ្អាកជាបណ្តោះអាសន្ននូវរាល់ការធ្វើចរាចរណ៍ និងរាល់សកម្មភាពការងារ មុខរបរ ឬអាជីវកម្ម នៅចន្លោះម៉ោង ២០ ដល់ម៉ោង ៥ លើកលែងតែក្នុងករណី ដូចជា ការធ្វើដំណើររបស់មន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលមានសមត្ថកិច្ច អនុវត្តវិធានការនានា ក្នុងអំឡុងពេលបិទខ្ទប់ ដោយត្រូវភ្ជាប់ជាមួយនូវលិខិត​បញ្ជាបេសកកម្ម​។ ការធ្វើដំណើរ​ដោយមូលហេតុសុខភាពបន្ទាន់។ មូលហេតុចាំបាច់​ និងបន្ទាន់ក្នុងគ្រួសារ។ ការដឹកជញ្ជូនទំនិញ និង​ការដឹកជញ្ជូនទំនិញយុទ្ធសាស្ត្ររបស់រដ្ឋ ជាដើម។

សេចក្តីសម្រេច ដែលមាន ១៤ទំព័រ ក៏បានកំណត់ថា ការដឹកជញ្ជូន​កម្មករ ទៅកាន់ទីកន្លែងការងារ នៅតាមរោងចក្រសហគ្រាស ក្នុង «តំបន់លឿង» ត្រូវមានប័ណ្ណ​អនុញ្ញាតចេញដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឬមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើកលែងតែ​ការដឹកជញ្ជូន​កម្មករ ចេញពី «តំបន់ក្រហម» និង «តំបន់លឿងទុំ» ដែលត្រូវហាមឃាត់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ