ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិផល​របស់​កសិករ​តាម​ខេត្ត​ពិបាក​រក​ទីផ្សារ ក្រោយ​បិទ​ខ្ទប់​ភ្នំពេញ តា​ខ្មៅ និង​កំពង់សោម

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ចាប់តាំងពី​មានការ​រឹត​បន្តឹង​ការ​ធ្វើ​ដំណើរ​ឆ្លង​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ និង​ឈាន​ដល់​ការ​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ ក្រុង​តា​ខ្មៅ និង​ផ្នែក​ខ្លះ​នៃ​ខេត្ត​ព្រះ​សីហ​នុ ធ្វើ​ឱ្យ​ការ​ដឹក​ជញ្ជូន​ទំនិញ ជា​ពិសេស​កសិផល​របស់​កសិករ​នៅ​តាម​ខេត្ត​ជួប​បញ្ហា​រាំងស្ទះ​និង​មិន​អាច​លក់​ចេញ​បាន ។ បើ​តាម​លោក​ទិព្វ…

រាជធានី​ភ្នំពេញ ៖ ចាប់តាំងពី​មានការ​រឹត​បន្តឹង​ការ​ធ្វើ​ដំណើរ​ឆ្លង​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ និង​ឈាន​ដល់​ការ​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ ក្រុង​តា​ខ្មៅ និង​ផ្នែក​ខ្លះ​នៃ​ខេត្ត​ព្រះ​សីហ​នុ ធ្វើ​ឱ្យ​ការ​ដឹក​ជញ្ជូន​ទំនិញ ជា​ពិសេស​កសិផល​របស់​កសិករ​នៅ​តាម​ខេត្ត​ជួប​បញ្ហា​រាំងស្ទះ​និង​មិន​អាច​លក់​ចេញ​បាន ។

បើ​តាម​លោក​ទិព្វ ផា​កសិករ​ដាំ​បន្លែ​មួយ​ខេត្តកំពត​បាន​និយាយ​ថា ​បន្លែបង្កា​របស់​លោក​ក៏​ដូច​ជា ​របស់​កសិករ​ដាំ​បន្លែ​ផ្សេង​ទៀត នៅ​ចាល់​លក់​មិន​ចេញ​ទេ ក្រោយ​ពេល​ដែល​មានការ​បិទ​ខ្ទប់​ភ្នំពេញ និង​ខេត្ត​ព្រះ​សីហ​នុ ។ សូ​ម្បី​តែ​រក​រថយន្ត​ដឹក​ទំនិញ​ផ្ញើ​អីវ៉ាន់​ជូន​បងប្អូន​ដែល​ត្រូវ​ប៉ះពាល់​ដោយសារ​ការ​បិទ​ខ្ទប់​ក៏​មិន​មាន​រថយន្ត​ទទួល​ដែរ ហើយ​ការ​ផ្ញើ​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ក៏​ពិបាក ដោយសារ​តែ​បន្លែ​ខ្លះ​ត្រូវការ​ភាព​ស្រស់ ដូច្នេះ​បើ​តាម​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ទំ​រាំ​តែ​ទៅ​ដល់​ដៃ​អ្នក​ទទួល​វា​ខូច​អស់​ទៅ​ហើយ ។

លោក​បន្ត​ថា នៅ​រដូវប្រាំង​នេះ​នឹកឃើញ​ថា​មាន​តម្រូវការ​បន្លែ​ច្រើន ទើប​កសិករ​និង​រូប​លោក​ផ្ទាល់​បាន​បន្ថែម​ការ​ដាំ​ដុះ​ដើម្បី​ផ្គត់ផ្គង់​ទៅ​កាន់​ទីផ្សារ ដូច​ជា​កំពង់សោម និង​ភ្នំពេញ តែ​នៅ​ពេល​បន្លែ​បាន​ផល​និង​ខ្លះ​ទៀត​ជិត​បាន​ផល​ស្រាប់តែ​មាន​វិបត្តិ​ដោយសារ​តែ​កូ​វី​ដ​១៩ ធ្វើ​ឱ្យ​បិទ​ខ្ទប់​និង​បិទ​នូវ​ការ​ធ្វើ​ដំណើរ និង​ការ​ឆ្លងកាត់​ខេត្ត ដែល​ជំរុញ​ឱ្យ​ផលិត​ទទួល​បាន​លក់​មិន​ចេញ គឺ​លក់​បាន​តែ​ក្នុង​តំបន់​ហើយ​វា​លើស​ពី​តម្រូវការ​ក្នុង​តំបន់​ទៅ​ទៀត ។

ចំណែក​កសិករ​ចិញ្ចឹម​មាន់​ស្រែ​ឯណោះ​វិញ​ក៏​បានឱ្យ​ដឹង​ថា កាលពីមុន​កូ​វី​ដ​១៩​ឆ្លង​ក្នុង​សហគមន៍​ឱ្យ​តែ​មាន​មាន់​លក់​មិន​ខ្វះ​អ្នកទិញ​ទេ ព្រោះ​កាលនោះ មានបុណ្យ​ផង​ការ​ផង តែ​ក្រោយមក​បុណ្យ​ការ​ក៏​បិទ ហើយ​បិទ​ដល់​តំបន់​ដែល​មាន​តម្រូវការ​ខ្ពស់​ទៀត ទើប​ធ្វើ​ឱ្យ​មាន់​ស្រែ​លក់​មិន​ចេញ​នៅ​សល់​ពេញ​កសិដ្ឋាន​និង​ទ្រុង បាត់បង់​ចំណូល​បង្កើន​ការ​ចំណាយ​ទៅ​លើ​ចំណី​មាន់​រាល់ថ្ងៃ ។

ក្រឡេក​មក​មើល​ឯ​តំបន់​ដែល​បិទ​ខ្ទប់​និង​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដោយសារ​តែ​កូ​វី​ដ​១៩​ដូច​ជា​ភ្នំពេញ និង​ខេត្ត​ព្រះ​សីហ​នុ​ផ្នែក​ខ្លះ ឃើញ​ថា​ទំនិញ​ចាំបាច់​មានការ​ឡើងថ្លៃ​ខ្ពស់​ហួសប្រមាណ ជា​ពិសេស​ទំនិញ​សម្រាប់​បរិភោគ​ប្រចាំ​ថ្ងៃ ដូច​ជា​បន្លែ ត្រី​សាច់ និង​គ្រឿង​ឧបភោគបរិភោគ​ដទៃ​ទៀត ។ នៅ​តំបន់​បិទ​ខ្ទប់​មួយ​ចំនួន​មិន​ទាំង​អាច​អនុញ្ញាត​ឱ្យ​អាជីវករ​លក់ដូរ​បាន​ដូច​មុន​ទៀត​ឡើយ​ដោយ​ផ្សារ​រដ្ឋ​និង​ឯកជន​ត្រូវ​បិទ​រយៈ​១៤​ថ្ងៃ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​កាន់តែ​ធំ ។ តែ​សម្រាប់​ទំនិញ​លក់​តាម​អន​ឡាញ​និង​ការ​ដឹក​ជញ្ជូន​នៅ​រក្សា​ធម្មតា គ្រាន់តែ​ទំនិញ​ខ្លះ​ត្រូវ​ឡើងថ្លៃ​ជាង​មុន ។

គួរ​បញ្ជាក់​ថា​ដើម្បី​ដោះស្រាយ​បញ្ហា​ស្បៀង​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​បិទ​ខ្ទប់​ក្រសួងពាណិជ្ជកម្ម​ក៏​បាន​បញ្ចេញ​រថយន្ត​ចល័ត​ដើម្បី​លក់​ស្បៀង​ជូន​ពលរដ្ឋ​ក្នុង​តំបន់​ក្រហម​ដែល​មានការ​រាល​ខ្លាំង ដែល​ជា​សម្រួល​សម្រាប់​បញ្ហា​ខ្វះខាត​មួយ​ចំនួន​របស់​ពលរដ្ឋ​ដែល​រង​គ្រោះ​ដោយសារ​តែ​ការ​រាលដាល​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ