ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ពិត​ទេ?​! ឃ្លាំង​យក្ស​សង់​ជិត​រួច ទើប​មន្ត្រី​ចុះ​ផ្អាក រួច​ប្រាប់​ឲ្យ​យក​​​៦​ពាន់​ដុល្លារ​ទៅ​រត់​ច្បាប់

3 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ កាលពី​ថ្ងៃ​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០២១​កន្លង​ទៅ​នេះ គេ​ឃើញ​ក្រុម​មន្ត្រី​ភូមិបាល​ក្រុង​ដូន​កែវ បាន​ចុះ​ទៅ​ធ្វើការ​ហាមឃាត់​សំណង់​ឃ្លាំង​ដ៏​ធំ​មួយ​កន្លែង ស្ថិត​នៅ​ភូមិ​តា​ឌូ សង្កាត់​រការ​ក្រៅ ក្រុង​ដូន​កែវ…

ខេត្តតាកែវ ៖ កាលពី​ថ្ងៃ​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០២១​កន្លង​ទៅ​នេះ គេ​ឃើញ​ក្រុម​មន្ត្រី​ភូមិបាល​ក្រុង​ដូន​កែវ បាន​ចុះ​ទៅ​ធ្វើការ​ហាមឃាត់​សំណង់​ឃ្លាំង​ដ៏​ធំ​មួយ​កន្លែង ស្ថិត​នៅ​ភូមិ​តា​ឌូ សង្កាត់​រការ​ក្រៅ ក្រុង​ដូន​កែវ ខេត្តតាកែវ ព្រោះតែ​ការ​សាងសង់​ឃ្លាំង​នោះ​គ្មាន​លិខិត​អនុញ្ញាតិ ហើយ​បាន​ណែនាំ​ឲ្យ ម្ចាស់​សំណង់​ទៅ​បំពេញបែបបទ​ត្រឹមត្រូវ​តាម​ផ្លូវច្បាប់ ទើប​អនុញ្ញាតិ​ឲ្យ​សង់​បន្ត​។
លោក សាង មក​រា ដែល​ជា​ម្ចាស់​ឃ្លាំង​បាន​ឲ្យ​ដឹង​ថា លោក​បាន​ចំណាយ​លុយ​ជា​បន្ដបន្ទាប់​ឲ្យ​មន្ត្រី​សុំ​លាក់​ឈ្មោះ​រត់ការ​ឲ្យ​លោក​ដើម្បី​បាន​សាងសង់​ឃ្លាំង​នេះ តែ​អ្នក​រត់ការ​នោះ​ថា ធ្វើ​បណ្ដើរ​ៗ​សិន​ទៅ ហើយ​លុយ​របស់​លោក​ក៏​ចេញ​បណ្ដើរ​ៗ​ដែរ លុះ​លោក​ចេះ​តែ​សាងសង់​ជា​ហូរហែ​មក ស្រាប់តែ​នៅ​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០២១ ក៏​មាន​ក្រុម​មន្ត្រី​ចុះ​មក​ឲ្យ​លោក​ផ្អាក​ការ​សាងសង់ ដោយ​តម្រូវ​ឲ្យ​លោក​ទៅ​រត់​ច្បាប់​ពី​ថ្នាក់លើ​សិន ទើប​អាច​សាងសង់​បន្ត​ទៀត​បាន​។

លោក មក​រា បញ្ជាក់​ថា លោក​មិន​បាន​ស្គាល់​ក្រុម​មន្ត្រី​នោះ​ជា​នរណា​ទេ តែ​គេ​តម្រូវ​ឲ្យ​លោក​យក​លុយ​ចាប់​៥​ពាន់​ដុល្លារ​ទៅ​៦​ពាន់​ដុល្លារ ដើម្បី​រត់ការ​ច្បាប់​ទៅ​វា​ត្រឹមត្រូវ​តាម​ផ្លូវច្បាប់ ហើយ​បាន​សាងសង់​ដោយ​រលូន​ហើយ​។ លោក​បន្ថែម​ទៀត​ថា លោក​ពិតជា​លែង​យល់​មិនដឹង​ច្បាប់​គេ​គិត​យ៉ាងម៉េច​ទេ ព្រោះ​លោក​សង់​ឃ្លាំង​ស្តុ​ប​ភេសជ្ជៈ​លក់ដូរ​ទេ​។

ជុំវិញ​ករណី​ខាងលើ​នេះ យើង​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោក កែវ សំណាង មន្ត្រី​ភូមិបាល​ក្រុង​ដូន​កែវ​បាន​ទេ​នៅ​ថ្ងៃនេះ ចំណែក​លោក នួន សុធា ប្រធាន​មន្ទីរ​សុរិយោដី​សំណង់ និង​នគរូបនីយកម្ម​ខេត្តតាកែវ ក៏​មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ដែរ​។

ករណី​ខាងលើ​នេះ គេ​កំពុង​តែ​ឆ្ងល់​ថា ពេល​ឃ្លាំង​នោះ​សាងសង់ ហេតុ​អ្វី​មិន​មាន​មន្ត្រី​ចុះ​ទៅ​ហាមឃាត់? ព្រោះ​ឃ្លាំង​នោះ​ធំ​ណាស់ រហូត​ដល់​សង់​ជិត​រួចរាល់​ហើយ ស្រាប់តែ​មាន​មន្ត្រី​ចុះ​ហាម ដែល​គេ​សង្ស័យ​ថា ប្រហែលជា​មន្ត្រី​ទាំងនោះ​បណ្តាក់​គ្នា ដើម្បី​ស៊ីលុយ​ពី​ម្ចាស់​សំណង់​ហើយ ឬ​មួយ​ក៏​ប្រហែលជា​ម្ចាស់​សំណង់​នោះ​សែន​មិន​ត្រូវ ធ្វើ​អ្នកតា​កាច់​យ៉ាងនេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ