ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំងឺកូវីដ-១៩ ជាង ២៧០០នាក់មិនមានកន្លែងសម្រាកព្យាបាល ខណៈភ្នំពេញឆ្លងមានចំនួនច្រើនខ្លាំង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជាធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបានប្រកាសនៅថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២១នេះថា រកឃើញវិជ្ជមានកូវីដ-១៩ ថ្មីបន្ថែមទៀតសរុប ៤៤៦ នាក់នៃព្រឹត្តិការណ៍សហគមន៍…

រាជាធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបានប្រកាសនៅថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២១នេះថា រកឃើញវិជ្ជមានកូវីដ-១៩ ថ្មីបន្ថែមទៀតសរុប ៤៤៦ នាក់នៃព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នៅភូមិសាស្រ្តរាជធានី-ខេត្ត ចំនួន ១០ ក្នុងនោះមានអ្នកជំងឺកូវីដ-១៩​សរុបចំនួន ២៧២៧នាក់ មិនទាន់មានកន្លែងសម្រាកព្យាបាលនិងកំពុងរង់ចាំក្រុមគ្រូពេទ្យទៅទទួល ។

ជាមួយនឹងរបាយការណ៍របស់ក្រសួងសុខាភិបាលអំពីចំនួនអ្នកឆ្លងកូវីដ-១៩ ជាច្រើនមិនទាន់មានកន្លែងសម្រាកព្យាបាលនោះ ក៏មានម្ចាស់ផ្ទះជួលមួយចំនួនបានស្នើទៅក្រសួងនិងក្រុមគ្រូពេទ្យ ថា មានអ្នកវិជ្ជមាននៅផ្ទះជួលរបស់ខ្លួនរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៣ ថ្ងៃហើយ មិនទាន់ត្រូវបានក្រុមគ្រូពេទ្យទៅទទួលយកទៅកន្លែងសម្រាកព្យាបាលឡើយ ។

កន្លងមកប្រមុខដឹកនាំរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ពេទ្យទប់ទល់លែងជាប់ហើយ ដោយសារតែចំនួនឆ្លងមានច្រើនជាងចំនួនដែលទទួលបានការព្យាបាលជាសះស្បើយ រហូតសម្តេចបានសម្រេចឱ្យរៀបចំមន្ទីរ ពេទ្យសម្រាប់ទុកជាព្យាបាលអ្នកជំងឺជាបន្តបន្ទាប់ ទាំងការទិញយកមន្ទីរពេទ្យមួយនិងប្តូរឈ្មោះជាមន្ទីរពេទ្យ «ហ្លួងម៉ែ» ក៏ដូចជាការរៀបចំមណ្ឌលកោះពេជ្រ និងទីកន្លែងជាច្រើនទៀតទុកព្យាបាលអ្នកជំងឺ ។

គេកត់សម្គាល់ឃើញថារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ រកឃើញកម្មករ-កម្មការិនីរោងចក្រកាត់ដេរ ជាង ១ ០០០ នាក់បានឆ្លងកូវីដ -១៩ ខណៈទីផ្សារមួយចំនួនធំនៅរាជធានីភ្នំពេញត្រូវបានបិទទ្វារ ក្រោយរកឃើញមានអាជីវករជាច្រើនកើតកូវីដ សូម្បីតែមន្ទីរពេទ្យព្រះកុសុមៈ ហៅពេទ្យលោកសង្ឃ មានបុគ្គលិកពេទ្យជាច្រើនកើតកូវីដ និងមានអ្នកជំងឺកូវីដ-១៩ បានចូលទៅសួរសុខទុក្ខអ្នកជំងឺផងដែរ ៕

យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល ក៏បានឱ្យដឹងថា អ្នកឆ្លងកូវីដ១៩ ចំនួន ៤៤៦ នាក់បន្ថែមទៀតនេះគឺ រាជធានីភ្នំពេញមានសភាពធ្ងន់ធ្ងរជាងគេ គឺមានរហូតដល់ទៅ ៣៣១នាក់ ក្នុងចំណោមអ្នកឆ្លងថ្មី ៤៤៦នាក់ ។

យោងតាមប្រកាសរបស់ក្រសួងសុខាភិបាលចុះថ្ងៃទី ២២ ខែមេសា​ នេះបានគូសបញ្ជាក់ថា រកឃើញអ្នកឆ្លងថ្មី ៤៤៦នាក់ទៀត បន្ថែម(សហគមន៍ទាំង ៤៤៦នាក់) និងជាសះស្បើយ ១៣០នាក់។អ្នកឆ្លងទាំងនោះមាននៅរាជធានីភ្នំពេញ ៣៣១ នាក់ខេត្តព្រះសីហនុ ៨២ នាក់ ខេត្តកណ្ដាល ២១ នាក់ ខេត្តតាកែវ ៥នាក់ ខេត្តកំពង់ស្ពឺ ២នាក់ ខេត្តស្វាយរៀង ១នាក់ ខេត្តបន្ទាយមានជ័យ ១នាក់ ខេត្តបាត់ដំបង ១នាក់ ខេត្តកំពង់ចាម ១នាក់ និងខេត្តព្រៃវែង ១ នាក់។

គិតត្រឹមព្រឹក ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ អ្នកឆ្លងជំងឺកូវីដ១៩សរុប៨១៩៣ នាក់ អ្នកជាសះស្បើយ២៩២៤ នាក់ អ្នកកំពុងព្យាបាល៥២០៤ នាក់ អ្នកស្លា.ប់ ដោយការវាយប្រហាររបស់កូវីដ-១៩ មានចំនួន ៥៩ នាក់៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ