ខេត្តឧត្តរមានជ័យ ៖ សេចក្តីរាយការណ៍ឲ្យដឹងថា កាលពីរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ នៅចំណុចអូរថ្កូវ ស្ថិតខាងជើងផ្លូវយុទ្ធសាស្ត្រភូមិត្រពាំងទូង សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ មានករណីផ្ទុះគ្រាប់កាំភ្លើងបេ៤៧ បណ្តាលឲ្យស្លា.ប់មនុស្សម្នាក់នៅកន្លែង ។

ជនរងគ្រោះខាងលើ មានឈ្មោះ សោន សាវឿន ភេទប្រុស អាយុ៥៣ឆ្នាំ មានទីលំនៅភូមិអូរខ្ចៅ សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។ សាក.ស.ពមានស្ថានភាពអត់ពាក់អាវស្លៀកខោជើងខ្លី ពណ៌ខ្មៅ និងមានស្នាមរបួស ដាច់ជើងខាងឆ្វេងត្រឹមភ្លៅ ដាច់ដៃខាងស្តាំ ដាច់រលាត់លើទ្រូង និងរបួសពេញផ្ទៃមុខ ។
ទាក់ទិនករណីខាងលើនេះ តាមការបំភ្លឺពីស្ត្រីឈ្មោះ រស់ វណ្ណា អាយុ៥១ឆ្នាំ ត្រូវជាប្រពន្ធជនរងគ្រោះបានឲ្យដឹងថា កន្លងមក ប្តីគាត់តែងតែផឹកស្រាស្រវឹងជាប្រចាំ នៅពេលផឹកស្រវឹងម្តងៗ ប្តីគាត់ចេះតែរករឿងឈ្លោះ និងប្រើអំពើហិង្សាមកលើគាត់ជាប្រពន្ធញឹកញាប់ ។ លុះនៅថ្ងៃទី២១ មេសា ឆ្នាំ២០២១ វេលាម៉ោងប្រហែល៧ព្រឹក រូបខ្លួនបានទៅចំការដំឡូងដែលស្ថិតនៅកន្លែងកើតហេតុ ហើយបានឃើញប្ដីកំពុងអង្គុយផឹកស្រានៅក្នុងខ្ទមនោះ រហូតដល់វេលាម៉ោង១១ នឹង៣០នាទី ប្តីគាត់បានស្រវឹងជោកជាំបាត់ទៅហើយ ។

សេចក្តីរាយការណ៍បន្តថា ខណៈពេលទៅអង្គុយដាំបាយ ប្តីគាត់ចាប់ផ្ដើមជេរបញ្ចោរ នឹងរករឿងឈ្លោះប្រកែកមិនឈប់ឈរ ឃើញដូច្នោះរួចគាត់ក៏ដើរទៅចម្ការដំឡូងតែម្តងទៅ តែមួយសន្ទុះ គាត់ក៏បានត្រឡប់មកមើលប្តីវិញ ស្រាប់តែឃើញប្តីមានកាន់គ្រាប់កាំភ្លើងបេ៤៧ មួយគ្រាប់ ហើយបានហៅគាត់ជាប្រពន្ធឲ្យទៅជិត ។ ដោយឃើញសភាពការមិនទំនងមិនស្រួល គាត់ក៏បានសសៀៗ ដើរគេចចេញទៅចំការដំឡូងវិញ បានប្រហែលមួយសន្ទុះ ស្រាប់តែឮស្នូរផ្ទុះគ្រាប់កាំភ្លើង បេ៤៧ នោះលាន់កក្រើកព្រៃ ពេលនោះគាត់ក៏មានការចាប់អារម្មណ៍ថា តិចប្ដីគាត់ស្លា.ប់ដោយគ្រាប់កាំភ្លើងនោះទៅ ។
ភ្លាមនោះ គាត់ក៏បានដើរពីចំការដំឡូងទៅមើល ស្រាប់តែឃើញប្តីស្លា.ប់មែន ស្លា.ប់យ៉ាងអាណោចអាធមបំផុតនៅមុខខ្ទប ដាច់ដៃដាច់ជើងរប៉ាត់រប៉ាយជាមួយដបស្រា គួឲ្យតក់ស្លុតក្រៃលែង ។ ទោះជាយ៉ាងណាក្តីគាត់ជាប្រពន្ធមានសំណាងល្អ បានរួចផុតពីជីវិតដែរ ដោយហេតុថា ពេលប្តីស្រវឹងស្រាឈ្លោះគ្នា គាត់បានអោបគ្រាប់បេ៤៧ ប៉ងបំផ្ទុះផ្តាច់ជីវិតទាំងពីរនាក់នោះ គាត់ចេះបានដើរចេញទៅចំការទាន់ កុំអីស្លា.ប់ជាមួយគ្នា ។
បន្ទាប់ពីហេតុនោះកើតឡើង សមត្ថកិច្ចនគរបាលប៉ុស្តិ៍ នឹងអាជ្ញាធរមូលដ្ឋាន រួមទាំងមន្ត្រីជំនាញពាក់ពន្ធបានចុះទៅដល់ នឹងបានពិនិត្យធ្វើកោសលវិច្ច័យលើកន្លែងកើតហេតុ ទើបមានការសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លា.ប់ក្នុងការបំផ្ទុះគ្រាប់បេ៤៧ ដោយខ្លួនឯងប្រាកដមែន ៕ ដោយ ៖ ឃឹម ប៊ុនណាក់

ចែករំលែកព័តមាននេះ